បពិត្រព្រះអង្គដ៏ចម្រើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ឃើញអំណាចប្រយោជន៍ដូចម្ដេច - Buddha Dharma Monk

Website

បពិត្រព្រះអង្គដ៏ចម្រើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ឃើញអំណាចប្រយោជន៍ដូចម្ដេច

ចែករំលែកចំណេះដឹង

 
 
#មហាវារវគ្គ #ជរាវគ្គ #បិដកលេខ៣៨
ទំព័រ ២០៧.២០៨.២០៩.២១០.(ត)
[៣២៨] បពិត្រព្រះអង្គដ៏ចម្រើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ឃើញអំណាចប្រយោជន៍ដូចម្ដេច ទើបប្រកាសនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។
[៣២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្រ្ទិយ ៣ យ៉ាង ទើបបិណ្ឌោលភារទ្វាជៈប្រកាសនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។
[៣៣០] ឥន្រ្ទិយ ៣ យ៉ាង តើអ្វីខ្លះ ។ គឺសតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្ទ្រិយ ១ ។
[៣៣១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចម្រើន បានធ្វើឱ្យក្រាស់ក្រែល នូវឥន្រ្ទិយ ៣ យ៉ាងនេះឯង ទើបបិណ្ឌោលភារទ្វាជៈប្រកាសនូវអរហត្តផលថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រទេដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។
[៣៣២] ម្នាលភិក្ខុទាំងឡាយ ចុះឥន្រ្ទិយទាំង ៣ យ៉ាងនេះ មានអ្វីជាទីបំផុត ។ មានការអស់ទៅជាទីបំផុត ។ មានការអស់ទៅជាទីបំផុតនៃអ្វី ។ នៃជាតិ ជរា មរណៈ ។ ម្នាលភិក្ខុទាំងឡាយ បិណ្ឌោលភារទ្វាជៈភិក្ខុ ឃើញច្បាស់ថា ការអស់ទៅនៃជាតិ ជរា មរណៈ ដូច្នេះឯង ទើបប្រកាសនូវអរហត្តថា អាត្មាអញដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ធ្វើអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ចបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។
[៣៣៣] ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងនិគមឈ្មោះអាបណៈ របស់ពួកអ្នកស្រុកអង្គៈក្នុងដែនអង្គៈ ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគបានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុ ម្នាលសារីបុត្ត អរិយសាវកឯណាជ្រះថ្លាតាំងនៅមាំមួន ចំពោះព្រះតថាគត អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ឬសង្ស័យចំពោះព្រះតថាគត នឹងចំពោះសាសនានៃព្រះតថាគត ទេឬ ។
[៣៣៤] បពិត្រព្រះអង្គដ៏ចម្រើន អរិយសាវកឯណាជ្រះថ្លាតាំងនៅមាំមួន ចំពោះព្រះតថាគតហើយ អរិយសាវកនោះមិនគប្បីងឿងឆ្ងល់ ឬសង្ស័យចំពោះព្រះតថាគត នឹងចំពោះសាសនានៃព្រះតថាគតឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាអរិយសាវកអ្នកមានសទ្ធាគប្បីនឹកសង្ឃឹមនូវហេតុនុ៎ះជាប្រាកដ គឺអរិយសាវកនោះនឹងប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញនូវកុសលធម៌ទាំងឡាយ ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈក្នុងកុសលធម៌ទាំងឡាយ ។
[៣៣៥] បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាវីរិយៈឯណា របស់អរិយសាវកនោះវីរិយៈនោះឈ្មោះថាវីរិយិន្រ្ទិយរបស់លោក ។ បពិត្រព្រះអង្គដ៏ចម្រើន ដ្បិតអរិយៈសាវៈអ្នកមានសទ្ធាប្រារព្ធសេចក្តីព្យាយាម នឹងនឹកសង្ឃឹមនូវហេតុន៎ុះជាប្រាកដ គឺជាអ្នកមានស្មារតីប្រកបដោយប្រាជ្ញាចាស់ក្លាដ៏ប្រសើរ តែងនឹកបានចាំបាន នូវអំពើដែលធ្លាប់ធ្វើមកជាយូរហើយផង នូវពាក្យសម្ដីដែលធ្លាប់និយាយមកជាយូរហើយផង ។
#​ព្រះ​ពុទ្ធ​សាសនា​#ព្រះ​ត្រៃ​បិដក​#ព្រះ​ធម៌​អប់រំ​ចិត្ត​#ចម្រេីន​បញ្ញា

 

No comments:

Post a Comment