ទំព័រ ២១០.២១១.(ត)
{៣៣៦} បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាសតិឯណា របស់អរិយសាវកនោះ សតិនោះ ឈ្មោះថាសតិន្រ្ទិយរបស់លោក ។ បពិត្រព្រះអង្គដ៏ចម្រើន ដ្បិតអរិយសាវកអ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាមមានសតិដំកល់ខ្ជាប់ នឹងនឹកសង្ឃឹមនូវហេតុន៎ុះជាប្រាកដ គឺធ្វើនូវព្រះនិព្វានឱ្យជាអារម្មណ៍ ហើយនឹងបាននូវសមាធិ នឹងបាននូវភារៈនៃចិត្តមានអារម្មណ៍តែមួយ ។
{៣៣៧} បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាសមាធិឯណារបស់អរិយសាវកនោះ សមាធិនោះ ឈ្មោះថាសមាធិន្រ្ទិយរបស់លោក ។ បពិត្រព្រះអង្គដ៏ចម្រើន ដ្បិតអរិយសាវកអ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ មានចិត្តតាំងមាំដោយប្រពៃ នឹងនឹកសង្ឃឹមនូវហេតុន៎ុះជាប្រាកដ គឺនឹងដឹងច្បាស់យ៉ាងនេះថា សង្សារមានទីបំផុតកំណត់មិនបាន ទីបំផុតខាងដើមមិនប្រាកដដល់សត្វទាំងឡាយដែលមានអវិជ្ជាជាគ្រឿងរារាំង មានតណ្ហាជាគ្រឿងប្រកប ដែលអន្ទោលទៅត្រាច់រង្គាត់ទៅ ការប្រាសចាកតម្រេក នឹងការរលត់ឥតមានសេសសល់នៃគំនរងងឹតគឺអវិជ្ជាន៎ុះឯង ជាផ្លូវដ៏ស្ងប់ ជាផ្លូវដ៏ប្រសើរ គឺការស្ងប់រម្ងាប់ទៅនៃសង្ខារទាំងពួង លះបង់នូវឧបធិក្កិលេសទាំងពួង ក្ស័យទៅនៃតណ្ហា ប្រាសចាកតម្រេក រលត់ទៅ (នៃកិលេស) ឈ្មោះថានិព្វាន ។
{៣៣៨} បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាបញ្ញាឯណារបស់អរិយសាវកនោះ បញ្ញានោះ ឈ្មោះថាបញ្ញិន្ទ្រិយរបស់លោក ។ បពិត្រព្រះអង្គដ៏ចម្រើន អរិយសាវកអ្នកមានសទ្ធានោះ បានផ្គូផ្គងស្រេចយ៉ាងនេះ នឹងរឮកឃើញស្រេចយ៉ាងនេះ ដំកល់ទុកស្រេចយ៉ាងនេះ ដឹងច្បាស់ស្រេចយ៉ាងនេះ រមែងជឿស៊ប់យ៉ាងនេះថា ធម៌ទាំងឡាយនេះឯង ជាធម៌ដែលអាត្មាអញធ្លាប់ស្ដាប់មកក្នុងកាលមុន ព្រោះហេតុនោះអាត្មាអញរមែងបានប៉ះពាល់ដោយនាមកាយក្នុងកាលឥឡូវនេះផង ចាក់ធ្លុះធ្លាយឃើញដោយប្រាកដផង ។
No comments:
Post a Comment