ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ - Buddha Dharma Monk

Website

ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ

ចែករំលែកចំណេះដឹង

 
សូម​អនុមោទនា​ថ្ងៃ​ឧបោសថសីល​
អាន​បិដក​ដេីម្បី​ចម្រើន​បញ្ញា​
#មហាវារវគ្គ #សូករខាតវគ្គ #បិដកលេខ៣៨
ទំព័រ ២១៩.២២០.២២១.(ត)
{៣៥៤} ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខុគ្គលស្ថិតនៅក្នុងសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញជាសេក្ខបុគ្គល ភិក្ខុជាអសេក្ខបុគ្គលស្ថិតនៅក្នុងអសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញជាអសេក្ខបុគ្គល​ ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះមានដែរឬ ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយរបស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគជាឫសគល់ ។ បេ។
{៣៥៥} ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គលស្ថិតនៅក្នុងសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញជាសេក្ខបុគ្គល ភិក្ខុជាអសេក្ខបុគ្គលស្ថិតនៅក្នុងអសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញជាអសេក្ខបុគ្គល ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះមាន ។
{៣៥៦} ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាសេក្ខបុគ្គលស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយដូចម្ដេច ទើបដឹងច្បាស់ថា អាត្មាអញជាសេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គលក្នុងសាសនានេះ រមែងដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុឱ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសភាវៈរំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គលស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញជាសេក្ខបុគ្គល ។
{៣៥៧} ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខុបុគ្គល រមែងពិចារណាឃើញថា សមណៈឬព្រាហ្មណ៍ដទៃក្រៅអំពីសាសនានេះ មាននរណាសម្ដែងធម៌ពិត មែន ប្រាកដ ដូចព្រះដ៏មានព្រះភាគយ៉ាងនេះដែរឬ ។ ភិក្ខុនោះដឹងច្បាស់យ៉ាងនេះថា សមណៈឬព្រាហ្មណ៍ដទៃក្រៅអំពីសាសនានេះ មិនមាននរណាសម្ដែងធម៌ពិត មែន ប្រាកដ ដូចព្រះដ៏មានព្រះភាគយ៉ាងនេះទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គលស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញជាសេក្ខបុគ្គល ។
{៣៥៨} ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខបុគ្គលរមែងដឹងច្បាស់នូវឥន្រ្ទិយទាំង ៥ គឺសទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្ទ្រិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្ទ្រិយ ១ ។ ភិក្ខុជាសេក្ខបុគ្គលមិនទាន់បានប៉ះពាល់នូវគតិដ៏ប្រសើរ នឹងផលដែលជាទីបំផុត ដោយកាយនៅឡើយទេ គ្រាន់តែពិចារណាឃើញធ្លុះធ្លាយដោយប្រាជ្ញា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គលស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញជាសេក្ខបុគ្គល ។
{៣៥៩} ចុះភិក្ខុជាអសេក្ខបុគ្គលស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយដូចម្ដេច ទើបដឹងច្បាស់ថា អាត្មាអញជាអសេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គលក្នុងសាសនានេះ រមែងដឹងច្បាស់នូវឥន្រ្ទិយទាំង ៥ គឺសទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្ទ្រិយ ១ ។ ភិក្ខុជាអសេក្ខបុគ្គលរមែងបានប៉ះពាល់នូវគតិដ៏ប្រសើរ នឹងផលដែលជាទីបំផុតដោយកាយផង ពិចារណាឃើញធ្លុះធ្លាយដោយប្រាជ្ញាផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គលស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថាអាត្មាអញជាអសេក្ខបុគ្គល ។

 

No comments:

Post a Comment