ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត អរិយសាវកឯណាជ្រះថ្លាតាំងនៅមាំមួន - Buddha Dharma Monk

Website

ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត អរិយសាវកឯណាជ្រះថ្លាតាំងនៅមាំមួន

ចែករំលែកចំណេះដឹង


 

#មហាវារវគ្គ #ជរាវគ្គ #បិដកលេខ៣៨

ទំព័រ ២១២.២១៣.២១៤.(ត ចប់)
{៣៤០} ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត អរិយសាវកឯណាជ្រះថ្លាតាំងនៅមាំមួន ចំពោះព្រះតថាគត អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ឬសង្ស័យចំពោះព្រះតថាគត នឹងចំពោះសាសនាព្រះតថាគតឡើយ ។ ម្នាលសារីបុត្ត ព្រោះថាអរិយសាវកអ្នកមានសទ្ធានឹងនឹកសង្ឃឹមនូវហេតុន៎ុះជាប្រាកដ គឺនឹងប្រារព្ធសេចក្តីព្យាយាមដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញនូវកុសលធម៌ទាំងឡាយ ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈក្នុងកុសលធម៌ទាំងឡាយ ។
{៣៤១} ម្នាលសារីបុត្ត ព្រោះថាវីរិយឯណារបស់អរិយសាវកនោះ វីរិយៈនោះឈ្មោះថាវីរិយិន្រ្ទិយរបស់លោក ។ ម្នាលសារីបុត្ត ដ្បិតអរិយសាវក អ្នកមានសទ្ធាប្រារព្ធសេចក្តីព្យាយាម នឹងនឹកសង្ឃឹមនូវហេតុន៎ុះជាប្រាកដ គឺជាអ្នកមានស្មារតីប្រកបដោយប្រាជ្ញាចាស់ក្លាដ៏ប្រសើរ តែងនឹកបានចាំបាននូវអំពើដែលធ្លាប់ធ្វើមកជាយូរហើយផង នូវពាក្យសម្ដីដែលធ្លាប់និយាយមកជាយូរហើយផង ។
{៣៤២} ម្នាលសារីបុត្ត ព្រោះថាសតិឯណារបស់អរិយសាវកនោះ សតិនោះឈ្មោះថាសតិន្រ្ទិយរបស់លោក ។ ម្នាលសារីបុត្ត ដ្បិតអរិយសសាវក អ្នកមានសទ្ធាប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ នឹងនឹកសង្ឃឹមនូវហេតុន៎ុះជាប្រាកដ គឺធ្វើព្រះនិព្វានឲ្យជាអារម្មណ៍ហើយនឹងបាននូវសមាធិ នឹងបាននូវភារៈនៃចិត្តមានអារម្មណ៍តែមួយ ។
{៣៤៣} ម្នាលសារីបុត្ត ព្រោះថាសមាធិឯណារបស់អរិយសាវកនោះ សមាធិនោះឈ្មោះថាសមាធិន្រ្ទិយរបស់លោក ។ ម្នាលសារីបុត្ត ដ្បិតអរិយសាវកអ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ មានចិត្តតាំងមាំដោយប្រពៃ នឹងនឹកសង្ឃឹមនូវហេតុន៎ុះជាប្រាកដ គឺនឹងដឹងច្បាស់យ៉ាងនេះថា សង្សារមានទីបំផុតកំណត់មិនបាន ទីបំផុតខាងដើមមិនប្រាកដដល់សត្វទាំងឡាយ ដែលមានអវិជ្ជាជាគ្រឿងរារាំង មានតណ្ហាជាគ្រឿងប្រកប ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ ការប្រាសចាកតម្រេក នឹងការរលត់ទៅឥតមានសេសសល់នៃគំនរងងឹតគឺអវិជ្ជាន៎ុះឯង ជាផ្លូវដ៏ស្ងប់ ជាផ្លូវដ៏ប្រសើរ គឺការស្ងប់រម្ងាប់ទៅនៃសង្ខារទាំងពួង លះបង់នៅឧបធិកិ្កលេសទាំងពួង ក្ស័យទៅនៃតណ្ហា ប្រាសចាកតម្រេក រលត់ទៅ (នៃកិលេស) ឈ្មោះថានិព្វាន ។
{៣៤៤} ម្នាលសារីបុត្ត ព្រោះថាបញ្ញាឯណារបស់អរិយសាវកនោះ បញ្ញានោះឈ្មោះថាបញ្ញិន្ទ្រិយរបស់លោក ។ ម្នាលសារីបុត្ត អរិយសាវកអ្នកមានសទ្ធានោះ បានផ្គូផ្គងស្រេចយ៉ាងនេះ នឹករឮកឃើញស្រេចយ៉ាងនេះ ដំកល់ទុកស្រេចយ៉ាងនេះ ដឹងច្បាស់ស្រេចយ៉ាងនេះ រមែងជឿស៊ប់យ៉ាងនេះថា ធម៌ទាំងឡាយនេះឯង ជាធម៌ដែលអាត្មាអញធ្លាប់បានស្ដាប់មកក្នុងកាលមុន ព្រោះហេតុនោះ អាត្មាអញរមែងបានប៉ះពាល់ដោយនាមកាយក្នុងកាលឥឡូវនេះផង ចាក់ធ្លុះធ្លាយឃើញដោយប្រាជ្ញាផង ។
{៣៤៥} ម្នាលសារីបុត្ត ព្រោះថាសទ្ធាឯណា របស់អរិយសាវកនោះ សទ្ធានោះឈ្មោះថា សទ្ធិន្ទ្រិយរបស់លោក ។

No comments:

Post a Comment