ទំព័រ ២៣៧.២៣៨.២៣៩.(ត)
[៣៩២] ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយនេះមាន ៥ ។ ឥន្រ្ទិយ ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ១ ។បេ។ បញ្ញិន្ទ្រិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយមាន ៥ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ផល ៧ អានិសង្ស ៧ រមែងកើតប្រាកដ ព្រោះបានចម្រើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង ។ ផល ៧ អានិសង្ស ៧ គឺអ្វីខ្លះ ។ គឺបុគ្គលនោះរមែងបានអរហត្តផលយ៉ាងឆាប់ក្នុងបច្ចុប្បន្ន បើមិនបានអរហត្តផលយ៉ាងឆាប់ក្នុងបច្ចុប្បន្នទេ ក៏គង់បានអរហត្តផលក្នុងកាលទៀបស្លាប់ បើមិនបានអរហត្តផលយ៉ាងឆាប់ក្នុងបច្ចុប្បន្នទេ បើមិនបានអរហត្តផលក្នុងកាលទៀបស្លាប់ទេ បុគ្គលនោះក៏គង់បានជាអន្តរាបនិព្វាយិបុគ្គល បើមិនបានជាឧបហច្ចបរិនិព្វាយិបុគ្គល បានជាអសង្ខារបរិនិព្វាយិបុគ្គល បានជាសសង្ខារបរិនិព្វាយិបុគ្គល បានជាឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ព្រោះអស់ទៅនៃសញ្ញោជនៈ ៥ ជាចំណែកខាងក្រោម ។ ម្នាលភិក្ខុទាំងឡាយ ផល ៧ អានិសង្ស ៧ រមែងកើតប្រាកដ ព្រោះតែបានចម្រើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង ។
[៣៩៣] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយដែលនៅក្នុងជម្ពូទ្វីប មានតែដើមព្រីង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។
[៣៩៤] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ វីរយិន្រ្ទិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។
[៣៩៥] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយដែលនៅក្នុងជម្ពូទ្វីប មានតែដើមព្រីង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។
[៣៩៦] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយរបស់ពួកទេវតាជាន់តាវត្តិង្ស មានតែដើមបារិច្ឆត្តកព្រឹក្ស ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្ដេចមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះដោយការត្រាស់ដឹង ក៏ដូច្នោះដែរ ។
[៣៩៧] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើនដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ វីរយិន្រ្ទិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង វីរិយិន្រ្ទិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង ។ សតិន្រ្ទិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង ។ សមាធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង ។ បញ្ញិន្ទ្រិយនោះ ជាធម៌ជាចំណែកខាងការត្រាស់ដឹង ។
No comments:
Post a Comment