ម្នាលភិក្ខុទាំងឡាយ ចុះអប្បមាទតើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ - Buddha Dharma Monk

Website

ម្នាលភិក្ខុទាំងឡាយ ចុះអប្បមាទតើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ

ចែករំលែកចំណេះដឹង



 

 
 
#មហាវារវគ្គ #សូករខាតវគ្គ #បិដកលេខ៣៨
ទំព័រ ២២៥.២២៦.២២៧.(ត)
{៣៦៨} ម្នាលភិក្ខុទាំងឡាយ ចុះអប្បមាទតើដូចម្ដេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះរក្សាចិត្តក្នុងអាសវៈទាំងឡាយ នឹងក្នុងធម៌ទាំងឡាយដែលប្រកបដោយអាសវៈ ។ កាលភិក្ខុនោះរក្សាចិត្តក្នុងអាសវៈទាំងឡាយ នឹងក្នុងធម៌ដែលប្រកបដោយអាសវៈទាំងឡាយ សទ្ធិន្ទ្រិយ ក៏ដល់នូវការពេញលេញដោយភាវនា វីរិយិន្រ្ទិយក៏ដល់នូវការពេញលេញដោយភាវនា សតិន្រ្ទិយក៏ដល់នូវការពេញលេញដោយភាវនា សមាធិន្រ្ទិយក៏ដល់នូវការពេញលេញដោយភាវនា បញ្ញិន្ទ្រិយក៏ដល់នូវការពេញលេញដោយភាវនា ។
{៣៦៩} ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហើយ ឥន្រ្ទិយទាំង ៥ ជាឥន្រ្ទិយដែលភិក្ខុស្ថិតនៅក្នុងធម៌មួយ ទើបចម្រើនដោយប្រពៃបាន ។
{៣៧០} ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅនាអបាលនិគ្រោធទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ គ្រានោះ ព្រះដ៏មានព្រះភាគនៅក្នុងទីស្ងាត់ទ្រង់សម្ងំនៅក្នុងផលសមាបត្តិ កើតព្រះហឫទ័យបរិវិតក្កយ៉ាងនេះថា ឥន្រ្ទិយទាំង ៥ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ ឥន្រ្ទិយទាំង ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្ទ្រិយ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ ឥន្រ្ទិយទាំង ៥ នេះ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។
{៣៧១} គ្រានោះឯង សហម្បតិព្រហ្មដឹងនូវចេតោវិតក្កនៃព្រះដ៏មានព្រះភាគដោយចិត្ត (របស់ខ្លួន) ក៏បាត់អំពីព្រហ្មលោកមកប្រាកដក្នុងទីចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ ដូចជាបុរសមានកម្លាំង លាដៃដែលបត់ ឬបត់ដៃដែលលា ។
{៣៧២} គ្រានោះឯង សហម្បតិព្រហ្មធ្វើសំពត់បង់កឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត សេចក្តីនុ៎ះយ៉ាងហ្នឹងហើយ ឥន្រ្ទិយទាំង ៥ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ ចុះឥន្រ្ទិយទាំង ៥ គឺអ្វីខ្លះ ។ គឺសទ្ធិន្ទ្រិយដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ បេ។ បញ្ញិន្ទ្រិយដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។ ឥន្រ្ទិយទាំង ៥ នេះឯង ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត ។

 

No comments:

Post a Comment