សុភាសិត តក់ៗពេញបំពង់ សំណេរតែងសេចក្តីបែបពន្យល់
សេចក្តីអត្ថាធិប្បាយ
គ្រប់ការងារទាំងអស់អស់ មិនថាតូចក្ដីដី ធំក្ដី គឺសុទ្ធសឹងតែឈរនៅលើជំហមួយដ៏ច្បាស់លាស់ គឺខិតតស៊ូអំណត់ព្យាយាមបន្តិចម្ដងៗ ដោយមិនព្រមបោះបង់ចោលនូវអ្វីដែលខ្លួនកំពុងធ្វើនោះឡើយ ទីបំផុតក៏ទទួលបានជោគជ័យដូចសេចក្ដីប្រាថ្នា។ ដោយមើលឃើញទិដ្ឋភាពបែបនេះ ទើបដូនតាខ្មែរលើកជាសុភាសិតមួយឡើងទុកជាការទូន្មានដល់កូនចៅជំនាន់ក្រោយយ៉ាងដូច្នេះថា "តក់ៗពេញបំពង់"។
តើសុភាសិតនេះបង្កប់នូវឧត្ដមគតិនិងខ្លឹមសារយ៉ាងដូចម្ដេចខ្លះ?
ដើម្បីងាយស្រួលក្នុងបកស្រាយសុភាសិតខសិតខាងលើឲ្យបានកាន់តែក្បោះក្បាយនោះ ជាបឋមគួរគប្បីយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន ដូចជា "បំពង់" និង "តក់ៗ!" ជាដើម។ ពាក្យ "បំពង់" សំដៅលើប្រដាប់សម្រាប់ច្រកទឹក អាចធ្វើអំពីឫស្សីឬជ័រ សម្រាប់ច្រកទឹក ជាពិសេសទឹកត្នោតតែម្ដង រីឯ "តក់ៗ" មានន័យថា សូរសំឡេងស្រក់នៃទឹក។ តាមរយៈសុភាសិតទាំងមូល គេអាចមើលន័យត្រង់ចង់សំដៅដល់តំណក់ទឹកត្នោតមូយតក់ៗបានក្លាយជាទឹកត្នោតមួយបំពង់ដ៏ពេញ ប្រៀបដូចជាការតស៊ូបន្តិចម្ដងៗ ទីបំផុតក៏សម្រេចដូចបំណងប្រាថ្នា។
ជាការពិតណាស់ អ្នកជោគជ័យមិនដែលបោះបង់ អ្នកបោះបង់មិនដែលជោគជ័យ គ្រប់កាងារទាំងអស់តែងតែមានឧបសគ្គជានិច្ច អ្វីដែលសំខាន់នោះគឺចេះអត់ទ្រាំ ស៊ូហត់នឿយ ស៊ូលំបាក តែមិនមែនមានន័យថាគេចពីការងារនោះឡើយ គឺត្រូវតែធ្វើជានិច្ចរហូតដល់ដង្ហើមចុងក្រោយ។ ជាក់ស្ដែង គេឃើញសិស្សនៅក្នុងថ្នាក់រៀន មានចំនួន ម្ភៃ ទៅ សាមសិប នាក់ ប៉ុន្តែសិស្សដែលទទួលជោគជ័យគឺមានចំនួនតិចតួចបំផុត រីឯភាគច្រើនគឺបង្គួរ មធ្យម ខ្សោយ ដែលពិបាកក្នុងការប្រជែងជាមួយដៃគូខ្លាំងៗជុំវិញខ្លួន។ សិស្សដែលពូកែ គឺគេខិតខំតាំងពីដើមទី សន្សំរាល់ចំណេះដឹងដែលខ្លួនបានរៀនពីគ្រូ ពីមិត្តភក្តិ ពីសាច់ញាតិ និងពីមនុស្សដែលនៅជុំវិញខ្លួន។ អ្វីទាំងនេះគេបានក្រេបជញ្ជក់ដោយយកចិត្តទុកដាក់បំផុត ដោយមិនភ្លើតភ្លើននឹងល្បែងស្រីស្រានោះឡើយ។ មនុស្សដែលកើតមកមិនដែលទទួលបានជោគជ័យភ្លាមៗទេ រីឯសិស្សក៏ដូចគ្នាសុទ្ធសឹងតែពឹងលើការចេះព្យាយាមនេះឯង។
ក្រៅពីនេះ គេសង្កេតឃើញអ្នកមាន ឬមហាសេដ្ឋីជាច្រើនអាចជោគជ័យទៅបានដោយសារតែពួកគេ មិនព្រមចុះចាញ់ឧបសគ្គដែលនៅចំពោះមុខ គេបានបុកទម្លុះដោយភាពអំណត់ដ៏មុតស្រួចរបស់ខ្លួន ជាក់ស្ដែងដូចជា លោក ប៊ីល ហ្កេត លោក ជែក ម៉ា លោក ស្ទីវ ចបស៍ អាចសម្ថេចនូវសមទ្ធិផលបានដោយពួកគាត់ច្នៃប្រឌិត និងធ្លាប់ឆ្លងកាត់នូវបរាជ័យម្ដងហើយម្ដងទៀត ទីបំផុតការតស៊ូរបស់គាត់ក៏ទទួលបានលទ្ធផលគួរជាទីពេញចិត្ត និងធ្វើមនុស្សជុំវិញពិភពលោកមានការកើតសើរសេរមិនដាច់ពីមាត់ និងគួរឲ្យយកតម្រាប់តាម។
ជាការពិតណាស់ បើគេងាកមើលអក្សរសិល្ប៍ខ្មែរ គឺរឹតតែច្បាស់ថែមទៀត។ តួយ៉ាងនៅក្នុង កុលាបប៉ៃលិន ដែលជាស្នាដៃនិពន្ធរបស់ ញ៉ូក ថែម បានឆ្លុះតាមរយៈសកម្មភាពរបស់តួអង្គចៅចិត្រ ដែលមានឋានៈត្រឹមតែជាកម្មករជីកត្បូង ប៉ុន្តែចៅចិត្រ ពុំដែលស្អប់ការងារឡើយ ទោះនៅក្រោមពន្លឺថ្ងៃដ៏ក្ដៅយ៉ាងណាក្ដី ចៅចិត្រ ហ៊ានលះបង់កម្លាំងពលំដើម្បីធ្វើការងារយ៉ាងអស់ពីចិត្តពីថ្លើមនិងដោយយកចិត្តទុកដាក់បំផុត។ ជាងនេះទៅទៀត ចៅចិត្តថែមទាំងលួចស្រឡាញ់នាង ឃុន នារី ឌែលកូនចៅហ្វាយរបស់ខ្លួនទៀតផង ក្ដីបំណង់របស់ចៅចិត្រពុំបានរលាយទេ។ ទីបំផុត ចៅចិត្រក៏សម្រេចបានទាំងការងារ និងជោគជ័យទាំងរឿងស្នេហា។ ទាំងនេះក៏សុទ្ធតែកើតចេញពីការអត់ធ្មត់ និងចេះពីរបៀបធ្វើការសន្លឹមៗតាមដំណាក់ដំបូងរហូតដល់ដំណាក់ចុងក្រោយ ដែលធ្វើឲ្យលោកហ្លួងរតនសម្បត្តិ និងនាងឃុន នារី ពេញចិត្តយ៉ាងខ្លាំង ។
យោងតាមការបកស្រាយខាងលើ បានបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា រាល់កិច្ចការ ឬផែនការអ្វីក៏ដោយ ត្រូវធ្វើទៅតាមដំណាក់ដំបូងបំផុត សន្លឹម មិនប្រញាប់ពេក ទើបទទួលផ្លែផ្កាគួរជាទីជាប់ចិត្ត។
តាមរយៈការពន្យល់ដ៏ក្បោះក្បាយខាងលើខាងលើនេះ គេអាចសន្និដ្ឋានបានថា សុភាសិតនេះពិតជាឲ្យបង្កប់នូវតម្លៃអប់រំយ៉ាងច្រើន ដែលបណ្ដុះឲ្យមនុស្សគ្រប់រូបចេះប្រុងប្រយ័ត្ន និងចេះអត់ធ្មត់។ ក្នុងនាមជាអ្នកសិក្សា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល គួរគប្បីចេះប្រឹងប្រែងរៀនសូត្រ និងចេះធ្វើការងារដោយការតាំងចិត្តខ្ពស់ នោះនឹងមិនមានវិប្បដិសារីក្នុងជីវិតឡើយ។
No comments:
Post a Comment