តក់ៗពេញបំពង់
សុភាសិតនេះមានអត្ថន័យដូចតទៅ៖
“តក់” សូរឮដោយតំណក់ទឹកស្រក់ ។ “បំពង់” វត្ថុមានរាងមូលទ្រវែងមានប្រហោង មានមាត់ មានបាតសម្រាប់ដាក់វត្ថុផ្សេងៗ ។ ឧទាហរណ៍ បំពង់ទឹកត្នោត បំពង់សម្រាប់ត្រង់ទឹកត្នោត ។ (វចនានុក្រមខ្មែរ)
“តក់ៗពេញបំពង់” គឺការសន្សំសំចៃ សន្សឹមៗ ធ្វើអ្វីដោយការតស៊ូ អត់ធ្មត់ ព្យាយាម រហូតទាល់តែទទួលបានផលពេញលេញ ។
តើសុភាសិតនេះបង្រៀនពីអ្វី?
ដូនតាខ្មែរចង់បង្រៀនជនប្រុសស្រីឱ្យមានការព្យាយាម អត់ធ្មត់ក្នុងការធ្វើអ្វីមួយដោយសន្សឹមៗ ពីចំនួនតិចតួចស្តួចស្តើងដោយមិនបង្ខំ ឬប្រញាប់ចង់បានផលលឿនពេក ។
សុភាសិតនេះបង្រៀនឱ្យកូនប្រុសស្រីមានការព្យាយាមរៀនសូត្រ បំពេញការងារ ឬប្រកបរបរចិញ្ចឹមជីវិតដោយភាពអំណត់ អត់ធន់ សន្សំសំចៃ និងខិតខំយកឈ្នះឧបសគ្គនានា កុំបោះបង់ចោល ដោយងាយ ។ ធ្វើអ្វីមួយដោយចាប់ផ្តើមពីតិចទៅច្រើន កុំបោះបង់ការខិតខំប្រឹងប្រែងតស៊ូរបស់ខ្លួន ធ្វើបែបនេះ អ្នកនឹងទទួលជោគជ័យនៅថ្ងៃមុខជាពុំខាន។
តើសុភាសិតនេះទាក់ទងយ៉ាងដូចម្តេចជាមួយវប្បធម៌ខ្មែរ?
តាំងពីសម័យបុព្វបុរសរហូតដល់បច្ចុប្បន្ន ខ្មែរមានគំរូជាច្រើនដែលបង្ហាញពីបុគ្គលមានការតស៊ូ ព្យាយាម អត់ធ្មត់ធ្វើការងារជម្នះឧបសគ្គរហូតទទួលជោគជ័យ ។ នៅក្នុងអក្សរសិល្ប៍ខ្មែររឿងកុលាបប៉ៃលិន តួអង្គប្រុសឈ្មោះ ចៅចិត្រ ដែលមានឋានៈត្រឹមតែជាកម្មករជីកត្បូង ជាមនុស្សឧស្សាហ៍ព្យាយាម អត់ធ្មត់ ធ្វើការងារយ៉ាងហ្មត់ចត់ ។ ចៅចិត្រខិតខំធ្វើការងារទាល់តែថៅកែពេញចិត្ត រីកូនក្រមុំថៅកែក៏ពេញចិត្តនឹងចៅចិត្រដែរ ។ ការសន្សំអំពើល្អ ភាពឧស្សាហ៍ព្យាយាម និងភាពអំណត់អត់ធន់របស់ចៅចិត្រ ធ្វើឱ្យគាត់សម្រេចក្តីស្រមៃរបស់គាត់ ទីបញ្ចប់គាត់ទទួលបាននាងឃុននារីធ្វើជាភរិយា គាត់បានក្លាយជាកូនប្រសាថៅកែត្បូងនៅខេត្តប៉ៃលិន ។ ដូចសុភាសិតខ្មែរពោលថា “ព្យាយាមគង់បានសម្រេច” ឬ “សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា”
មានមនុស្សជាច្រើនទៀតនៅលើសកលលោកដែលបង្ហាញពីគំរូនៃការខិតខំធ្វើការងារពីតូចទាប ឆ្លងកាត់បរាជ័យច្រើនដង ប៉ុន្តែមិនរាថយរហូតទទួលជោគជ័យយ៉ាងត្រចះត្រចង់ ។ តួយ៉ាងដូចជាលោក ប៊ីល ហ្គេត លោក ស្ទីវ ចបស៍ លោក ថូម៉ាស ថមសុន លោក ចាក ម៉ា ជាដើម ។ល។ ពួកគាត់សុទ្ធសឹងជាអ្នកចាប់ផ្តើមពីបន្តិចម្តងៗ សន្សំធនធនពីតិចតួច ឆ្លងកាត់ឧបសគ្គរាប់មិនអស់ ។ ពួកគាត់សុទ្ធតែបានជម្នះការលំបាករហូតទទួលបានជ័យជំនះនិងកេរ្តិ៍ឈ្មោះល្បីរន្ទឺដល់បច្ចុប្បន្ន ។ យើងសុទ្ធតែបានឃើញនិងកំពុងប្រើប្រាស់សមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងនោះ ។
ហូ វល័ក្ខ
No comments:
Post a Comment