ទស្សនវិជ្ជាព្រះពុទ្ធសាសនាស្តីពី ជីវិតរស់នៅបច្ចុប្បន្ន - Buddha Dharma Monk

Website

ទស្សនវិជ្ជាព្រះពុទ្ធសាសនាស្តីពី ជីវិតរស់នៅបច្ចុប្បន្ន

ចែករំលែកចំណេះដឹង

ទិដ្ឋធម្មិកត្ថៈ

ជីវិតគឺជារបស់ដ៏លំបាក ព្រោះវត្ថុធាតុដែលត្រូវរស់ទាំងអស់ សុទ្ធតែបានមកពីការសែ្វងរក ។ ធម្មតានៃជីវិតត្រូវតែមានវត្ថុសម្រាប់ទ្រទ្រង់ដូចជាអាហារ សំលៀកបំពាក់ ទីកន្លែងស្នាក់អាស្រ័យ និងថ្នាំសម្រាប់ព្យាបាលជំម្ងឺជាដើម។ ឯគ្រឿងទ្រទ្រង់ទាំងនោះ មិនមែនចេះតែកើតឡើងដោយឯកឯងនោះឡើយ វាតែងត្រូវបានកើតឡើងពីការ ខិតខំស្វែងរក បញ្ចេញកម្លាំងសព្វបែបយ៉ាងក្នុងដំណើររជីវិតប្រព្រឹត្ត ដើម្បីរស់របស់មនុស្សមានលក្ខណៈខុសគ្នា។ ព្រះពុទ្ធអង្គទ្រង់សម្តែង យ៉ាងច្បាស់ពីភាពខុសប្លែកគា្ន៤យ៉ាងនៃមនុស្សថាៈ

ឧដ្ឋានផលុបជីវី ន កម្មផលុបជីវី មនុស្សខ្លះរស់នៅអាស្រ័យលើ កម្លាំងពលកម្មការងារ មិនអាស្រ័យលើភ័ព្វព្រេង (បុញ្ញកម្ម)

កម្មផលុបជីវី ន ឧដ្ឋានផលុបជីវី មនុស្សខ្លះរស់នៅអាស្រ័យលើ ភ័ព្វព្រេង (បុញ្ញកម្ម) មិនអាស្រ័យលើកម្លាំងពលកម្មការងារ ។

ឧដ្ឋានផលុបជីវី ចេវ កម្មផលុបជីវី ច មនុស្សខ្លះរស់នៅអាស្រ័យ កម្លាំងពលកម្ម ការងារ និង អាស្រ័យទៅលើព្រេងសំណាង ។

នេវ ឧដ្ឋានផលុបជីវី ន កម្មផលុបជីវី មនុស្សខ្លះរស់នៅលំបាកមិន អាស្រ័យលើកម្លាំងការងារ ហើយក៏មិនអាស្រ័យលើបុញ្ញកម្មដែរ ។

ទោះបីដំណើរការរស់ខុសគ្នាយ៉ាងនេះក៏ដោយ បើអ្នកឯណា មួយមានសេចក្តីប្រមាទក្នុងដំណើរការរស់នេះ អ្នកនោះនឹងដល់នូវការវិនាសដោយប្រការណាមួយជាមិនខាន ។

មានការយល់ច្រឡំ ដែលចោទប្រកាន់មកលើសាសនានេះថា ការអប់រំនៃព្រះពុទ្ធសាសនាធ្វើឲ្យជីវភាពមនុស្សក្រីក្រ ព្រោះបង្រៀន មនុស្សឲ្យកំចាត់នូវលោភៈ(សេចក្ដីប្រាថ្នាចង់បាន)ចោល។ កាលណាយើងមិនប្រើវិចារណញ្ញាណ យកមកពិចារណាឲ្យបានស៊ីជម្រៅក្នុងពុទ្ធវចនៈនោះទេ មតិនោះពិតជាត្រឹមត្រូវមែន តែបើយើងសិក្សាឲ្យបានម៉ត់ចត់ និងតាមលំដាប់លំដោយ មតិដែលបានពោលមកនោះគ្រាន់តែជាការមួរបង្ខូច ឬចង់បន្ទាបតម្លៃព្រះពុទ្ធសាសនាប៉ុណ្ណោះ ។ ព្រះពុទ្ធអង្គមិនបានគាំទ្រចំពោះមនុស្សណា ដែលខ្ចិលច្រអូសឡើយ ដូចក្នុងបរាភវសូត្រ ព្រះពុទ្ធអង្គទ្រង់សម្តែងថា « អលសោ កោ បរាភវតោ មុខំ អ្នកណាខ្ចិលច្រអូស អ្នកនោះឈ្មោះថាមានមុខ ឆ្ពោះទៅរកសេចក្ដីវិនាស»។

ក្នុងទស្សនវិជ្ជាសេដ្ឋកិច្ចព្រះពុទ្ធសាសនា ព្រះសយម្ភូញាណជាម្ចាស់ទ្រង់បានសម្តែងយ៉ាងជាក់ច្បាស់ពីកិច្ចប្រតិបត្តិ ដើម្បីឲ្យជីវិតប្រព្រឹត្តរស់ជាប្រយោជន៍នៅក្នុងបច្ចុប្បន្ន ធ្វើជាកូនសោរសម្រាប់បើកបង្ហាញផ្លូវ ។ នៅក្នុងការសាងសេដ្ឋកិច្ច ព្រះពុទ្ធអង្គទ្រង់បានផ្តល់នូវគន្លឹះសំខាន់ៗជាច្រើន ក្នុងនោះទិដ្ឋធម្មិកត្ថធម៌គឺជាឧបករណ៍ពិសេស ឲ្យយើងយកមកប្រើ ក្នុងដំណើរការកសាងសេដ្ឋកិច្ចឲ្យសម្រេចបានប្រកបដោយភាពជោគជ័យ ។

១.ឧដ្ឋានសម្បទាៈ (ការដល់ព្រមដោយ ការតស៊ូព្យាយាម ប្រឹងប្រែងធ្វើការងារ មិនខ្ចិលច្រអូសជានិច្ច )

គ្រប់សកម្មភាព ឬទង្វើការងារអ្វីមួយ មិនមែនចេះតែសម្រេច ភ្លាមៗ ឬចង់បានគឺបាននោះទេ ។ ទោះបីស្ថិតនៅក្នុងភព្វបុគ្គល (អ្នកមានបុញ្ញកម្មច្រើន )កើតក្នុងត្រកូលស្តុកស្តម្ភ សមប្រកបដោយ គ្រឿងឧបភោគ បរិភោគសព្វបែបយ៉ាង ក៏មកពីអ្នកនោះបានប្រឹងប្រែងធ្វើនូវសេចក្តីល្អ ឬប្រឹងកសាងនូវធនធានរបស់ខ្លួនទុកពីមុនមកដែរ។ ភាពខ្ចិលច្រអូស ទុរុននិងការងារ (មានៈ ការសិក្សា កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម…) មិនអាចធ្វើឲ្យយើងទទួលបាននូវជោគជ័យក្នុងការងារនោះទេ ។ នៅលើពិភពលោកនេះ មិនដែលឃើញនរណាម្នាក់ក្លាយខ្លួនជាអ្នកមានទ្រព្យធន កិត្តិយស កេរ្តិ៍ឈ្មោះ ដោយសារតែការខ្ចិលច្រអូស មិនប្រឹងប្រែងធ្វើការងារនោះទេ បើទុកជាខ្លួនមានទ្រព្យធនសម្បូរបែបខ្លះក៏ដោយ ។

ព្រះពុទ្ធអង្គមិនបានប្រៀនប្រដៅ ឬសម្តែងអ្វីដែលជាការអប់រំធ្វើឲ្យមនុស្សមានភាពខ្ចិលច្រអូសនោះឡើយ ។ ព្រះពុទ្ធអង្គទ្រង់តែងតែសរសើរចំពោះបុគ្គលណាមានសេចក្តីប្រឹងប្រែងតែប៉ុណ្ណោះ ។ ការ ស្វែងរកនូងធនធាន សម្រាប់រស់គឺជាការគួរណាស់ ប៉ុន្តែអ្វីដែលរកបានគឺត្រូវតែសុចរិត មិនកេងកិបប្រវ័ញ្ចកម្លាំងពលកម្ម របស់អ្នកដទៃ ប្រកបដោយ សម្មាសង្កប្បៈ ការត្រិះរិះត្រូវ ពោលគឺគិតយ៉ាងណាឲ្យ របស់ដែលទទួលបានមកនោះជាប្រយោជន៍ដល់ខ្លួនឯងផង និងអ្នក ដទៃផង សម្មាវាចា ពោលពាក្យត្រឹមត្រូវជាសច្ចវាចា មិននិយាយញុះញុង បោកបញ្ឆោតអ្នកដទៃឲ្យខូចប្រយោជន៍ សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រឹមត្រូវ មិនកិបកេងបោកប្រាស ប្រើល្បិចកិច្ចកល ឲ្យអ្នកដទៃអន្តរាយ ធម្មេ ន ធម្មលទ្ធា ទ្រព្យធនរកបានមកដោយ មធ្យោបាយត្រឹមត្រូវ  សេទាវក្កិណ កេហិ ទ្រព្យធនរកបានពីញើស និងពលកម្មខ្លួនឯងផ្ទាល់ ការស្វែងរកវត្ថុធាតុដែលត្រូវរស់យ៉ាង នោះឯង ទើបជាការរស់នៅដោយមានជីវិតរុងរឿងថ្លៃថ្នូរ ប្រកបដោយ ភាពសុខសាន្ត ។ ដូចនេះយើងអាចមើលឃើញនូវគោលបំណងនៃ ព្រះអង្គ គឺធ្វើឲ្យមនុស្សមានការប្រឹងប្រែង ដោយកម្លាំងញើសឈាមរបស់ខ្លួនឯងផ្ទាល់ ពោលគឺបានមកដោយត្រឹមត្រូវ កើតឡើងដោយ ត្រឹមត្រូវ សម្រេចបានដោយត្រឹមត្រូវ ដែលយើងអាចនិយាយបានថា សុចរិត។ បើមនុស្សម្នាក់ៗសុទ្ធតែប្រកាន់យកនូវការងារសុចរិតដូចគ្នា មិនធ្វើការកេងប្រវ័ញ្ចចំពោះគ្នា មិនបៀតបៀនគ្នា មិនភូតកុហកគ្នា សេដ្ឋកិច្ចរវាងគ្រួសារមួយៗ ឬមនុស្សម្នាក់ៗ និងមានភាពរីកចរើន ។ ផ្ទុយមកវិញបើមនុស្សចេះតែមានសេចក្តីប្រមាថ កេងប្រវ័ញ្ចលើកម្លាំង (ដើរខ្សែលើ) មនុស្សដូចគ្នានោះ មនុស្សនឹងទទួលរងនូវសេចក្តីទុក្ខ ទទួលរងនូវការប្រមាថ មានសង្រ្គាម និងមានភាពក្រីក្រកើតឡើង ។

ក្នុងឧដ្ឋានសម្បទានេះមិនមែនចំពោះតែបុគ្គលម្នាក់ៗប៉ុណ្ណោះទេ សូម្បីថ្នាក់ជាតិ ក្រុមហ៊ុនឯកជន ឬក្រុមហ៊ុនសាធារណៈធំៗ ជំនួញ ឧស្សាហកម្ម ពាណិជ្ជកម្ម… បើអ្នកកាន់ការទាំងឡាយក្នុងពិភពលោក ខ្វះធម៌នេះ កម្ជិល មិនប្រឹងប្រែងចំពោះករណីកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នាពីប្រយោជន៍ផ្ទាល់ខ្លួន មិនខិតខំកែច្នៃ ស្រាវជ្រាវវិធីសាស្រ្ត អភិវឌ្ឍ ផ្សេងៗ ឲ្យឧស្សាហកម្ម ពាណិជ្ជកម្ម ជំនួញដើរទាន់សម័យ ទេនោះ សេដ្ឋកិច្ចនឹងធ្លាក់ចុះពុំខាន ។

ដើម្បីឲ្យឧដ្ឋានសម្បទានេះប្រព្រឹត្តទៅទទួលបានភាពស័ក្កិសិទ្ធិ ព្រះសក្យមុនីសម្ពុទ្ធទ្រង់បានផ្តល់គន្លឹះបន្ថែម ៤ យ៉ាងទៀតគឺៈ

ឆន្ទៈ            កំណត់គោលដៅ ឬវត្ថុបំណងឲ្យបានច្បាស់លាស់

វិរិយៈ ប្រឹងប្រែងារឱហាត តស៊ូព្យាយាម

ចិត្តៈ     ការបេ្តជ្ញាចិត្តតាំងចិត្តឲ្យមាំស៊ុប ស្មោះស្ម័គ្រ នឹងការងារ

វិមំសា ការត្រិះរិះ ស្វែងរកមធ្យោបាយ ឬឧបាយសម្រាប់ធ្វើឲ្យ សម្រេចគោលដៅ ។

ធម្មតាកិច្ចការណាក៏ដោយ បើយើងចេះតែប្រឹងប្រែងធ្វើដោយ កម្លាំងបាយ គ្មានការកំណត់គោលដៅ ឬ វត្ថុបំណងឲ្យច្បាស់លាស់ ជាមុនសិននោះទេ ការងារនោះនឹងច្របូកច្របល់ មិនកើតសិរីសួស្តី ដល់អ្នកធ្វើឡើយ ឬបើអ្នកធ្វើជំនួញវិញ នឹងពិតជាខាតពុំខាន ។  បើ មានគោលដៅត្រូវធ្វើឲ្យហើយ តែមិនមានការតស៊ូព្យាយាម មិនមាន ការប្តេជ្ញាចិត្ត ស្មោះស្ម័គ្រនឹងការងារ ឬមិនចេះស្វែងរកមធ្យោបាយ យកមកប្រើប្រាស់ក្នុងការងារដែលត្រូវធ្វើនោះទេ ដំណើរការការងារ ទាំងមូលនឹងទទួលបាននូវភាពបរាជ័យជាមិនខាន ។ ដូចជាអ្នកស្រែ បើមានគោលបំណងចង់ធ្វើស្រែ តែឥតមានការតស៊ូព្យាយាមកាប់គាស់ ភ្ជួររាស់ដី គ្មានការតាំងចិត្តពុះពារនូវឧបសគ្គផ្សេងៗ មិនរកវិធីសាស្រ្ត ថែរក្សាសន្ទូង ដាក់ជី ថែទឹកទេនោះ ផលសមេ្រចបាននឹងមិនសម ដូចបំណងជាមិនខាន។ យើងឃើញអ្នកមានទ្រព្យធនមួយចំនួនទម្រាំ ពួកគាត់អាចមានទ្រព្យធនសម្បូរបែបបាន គេត្រូវតស៊ូបំពេញកិច្ចការ របស់គេដោយឱហាតបំផុត ចេះមើលពេលវេលា គិតមើលគ្រប់ជ្រុង ជ្រោយចំពោះការងារដែលពួកគេកំពុងធ្វើ ។



ការងារសម្រេចដោយព្យាយាម           មិនមែនបានភ្លាមតាមចិត្តគិត

បើដេកផ្សងព្រេងចាំបុណ្យពិត            លុះក្ស័យជីវិតក៏ឥតសុខ     ។

សត្វម្រឹគមានមែនពាសពេញព្រៃ         តែបើរាជសីហ៍ដេកស្រមុក

សត្វម្រឹគណានឹងបោលសម្រុក           បញ្ចុកក្នុងមាត់ឲ្យខ្លួនឆី        ។

………………………………..

បើទុកគិតឃើញវាសនាស្មោះ            មិនត្រូវបង់បោះសេចក្ដីប្រឹង

ត្រូវតែព្យាយាមពេញទំហឹង               ព្រោះប្រឹងនឹងព្រេងជាគូគ្នា    ។

គ្រាប់ល្ងបើគេមិនគិតកាញ់                យកទៅចម្រាញ់ឬស្ងោរវា

ទុកជាគ្រាប់សុទ្ធដូចធម្មតា                តើធ្វើម្ដេចណានឹងបានប្រេង  ។

 

២.អារក្ខសម្បទា  (ការថែរក្សាដោយយកចិត្តទុកដាក់)

ទ្រព្យសម្បត្តិដែលយើងស្វែងរកមកនោះ សុទ្ធសឹងបានមកពី ការប្រឹងប្រែងដោយលំបាកប្រើប្រាស់វិធីសាស្រ្តតាមលទ្ធភាព ។ ដូចនេះ បើយើងចេះតែប្រើដោយខ្ជះខ្ជាយ គ្មានវិធីប្រើប្រាស់ទុកដាក់ឲ្យបានល្អ ទេនោះ វត្ថុទាំងនោះនឹងងាយបាត់បង់ទៅវិញ។

មានមតិខ្លះដែលយល់ច្រឡំថា ព្រះពុទ្ធអង្គ ទ្រង់បានសម្តែងពី ត្រៃលក្ខណ៍ធម៌ ពោលគឺធម្មជាតិទាំងអស់កើតឡើងតែងតែត្រូវវិនាស ទៅវិញ ព្រោះវត្ថុទាំងអស់តែងតែ ជាប់ទាក់ទងទៅនឹងបាតុភូត ប្រែប្រួល មិនទៀងទាត់(អនិច្ចតាធម៌) តាំងនៅយូរមិនបាន(ទុក្ខតាធម៌) មិនអាច ជាកម្មសិទ្ធផ្តាច់មុខរបស់អ្នកណាម្នាក់(អនត្តាធម៌) ។ ចុះហេតុអ្វីបាន ជាយើងចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះ របស់ទាំងនោះធ្វើអ្វី?

ពិតណាស់ ធម្មជាតិទាំងអស់ សុទ្ធតែប្រែប្រួលមិនទៀងទាត់ មិនដឹងថា ធម្មជាតិទាំងនោះនឹងខូចវិនាសទៅវិញនៅពេលណាបាន ឡើយ។ ដោយសារតែការមិនដឹងច្បាស់នោះឯង ទើបយើងត្រូវការ ប្រយ័ត្នក្នុងការមើលថែរបស់ទាំងនោះ។ បើយើងចេះតែបណ្តោយឲ្យ បាត់បង់ទៅដោយឥតប្រយោជន៍នឹងនាំឲ្យខាតពេល ខាតការងារជា មិនខាន។

ការថែរក្សាទ្រព្យសម្បត្តិដែលរកបានមកនោះ ពិតជាមានសារៈ សំខាន់បំផុតក្នុងដំណើរជីវិតប្រព្រឹត្តទៅដើម្បីរស់ ព្រោះយើងមិនមែន រស់គ្រាន់តែធ្វើការងារតែមួយមុខដដែលៗនោះឡើយ ។ ក្នុងទស្សនវិជ្ជា

ព្រះពុទ្ធសាសនា ត្រូវបានបែងចែកការរក្សាជាពីរផ្នែកគឺ៖

-រក្សាចិត្ត ធម្មតានៃចិត្តចេះតែប្រាថ្នាចង់បាននេះចង់បាននោះ មិនចេះចប់ ចេះតែចង់ធ្វើអ្វីតាមតែនឹកឃើញ។ រឿងអាក្រក់ចិត្តនេះ ចេះតែនឹកឃើញជាងរឿងល្អៗ ហើយវាបញ្ជាសព្វគ្រប់សកម្មភាពនៃ រាងកាយឲ្យធ្វើ។ ដូចេ្នះបើយើងចេះឃុំគ្រង រក្សាចិត្តមិនឲ្យគិតចំណាយ ឬប្រើប្រាស់របស់ខ្ជះខ្ជាយបាន នោះទ្រព្យដែលរកបាន ក៏អាចតាំងនៅ បានយូរដែរ ។

 ដឹងឆ្ងើយត្បិតដង   កូនសោតរែងឆ្គង   ត្បិតតែឳពុក

ទ្រព្យគង់ត្បិតសី្រ   ចេះរៀបដាក់ទុក    ប្រាសដេកឆាប់លក់

ត្បិតឥតបើគិត។

-ចេះបែងចែកធនធានដែលខ្លួនមានស្រាប់ និងរកបានមក បើយើងខំប្រឹង ស្វែងរកដោយលំបាក ហើយយើងមិនចេះទុក ដាក់ឲ្យបានល្អប្រសើរ នោះទ្រព្យធនរបស់យើងនឹងប្រឈមមុខទៅ នឹងសេចក្តីវិនាសមិនខាន។ តួយ៉ាងយើងរកបានកៅអីឈើមួយ យើង ទុកវាចោលតែហាលវាល ហាលថ្ងៃ ត្រូវខ្យល់ជាដើម កៅអីរបស់យើង វាប្រាកដជាឆាប់ពុក ខូចទ្រង់ទ្រាយដោយចំណែកណាមួយ ។ ប្រាក់ ដែលខំរកបានយកទៅចាយវាយខ្ជះខ្ជាយ ដូចជាយកទៅលេងល្បែង ភ្នាល់ សេពគ្រឿងញៀន ចំណាយទៅលើវត្ថុឥតប្រយោជន៍ជាដើម ប្រាក់នោះក៏នឹងអាចអស់ទៅវិញយ៉ាងងាយបំផុត។       ក្នុងច្បាប់បណ្តំាបិតាខ្មែរយើង ពោលថា៖

ច្បាប់នេះក៏បានបង្ហាញហើយថា ទ្រព្យគង់ត្បិតស្រីចេះរៀប ដាក់ទុក។ ការរៀបដាក់ទុកដាក់ ឬការចេះបែងចែកទ្រព្យសម្បត្តិនោះ មានសារសំខាន់ណាស់ ដូចនេះយើងមិនត្រូវនឹកឃើញចាយចេះតែ ចាយនោះទេ  បើចាយគ្មានដែនកំណត់  គ្មានការកំណត់គោលដៅច្បាស់ លាស់ក្នុងការចាយវាយទេ វានាំតែបង្ហិនទ្រព្យសម្បត្តិនោះប៉ុណ្ណោះ ។

ក្នុងការបែងចែកទ្រព្យធននេះ ព្រះបរមគ្រូសម្ពុទ្ធ ទ្រង់សម្តែង បញ្ជាក់ថា ទ្រព្យសម្បតិ្តដែលរកបានមកគប្បីត្រូវចេះទុកដាក់រក្សាឲ្យល្អ ត្រូវចេះបែងចែកទ្រព្យធនជាបួនចំណែកគឺៈ

-សម្រាប់ផ្គត់ផ្គង់គ្រួសារឬចាយវាយផ្ទាល់ខ្លួនប្រចាំថ្ងៃមួយភាគ

-សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃមួយភាគ

-ចំណែកសម្រាប់ទំនុកបម្រុង ចិញ្ចឹមមាតាបិតា មួយភាគ

-សម្រាប់តម្កល់ទុកពេលជួបនឹងបញ្ហាណាមួយ មួយភាគ

បើករណីរកបានទ្រព្យធនមក មិនមានវិធីសាស្ត្រក្នុងការ ថែរក្សា ចាយវាយខ្ជះខ្ជាយ មានប៉ុណ្ណាចាយប៉ុណ្ណឹង មិនទំនុកបំរុងមាតាបិតា មិនទុកដាក់សោហ៊ុយសម្រាប់ពេលមានអាសន្ន ដូចជាជម្ងឺដម្កាត់ ឬត្រូវ ការទិញរបស់នេះនោះប្រើប្រាស់ ដល់ពេលត្រូវការតាំងខ្វះ ធនធាន ដើរខ្ចីបុលគេ ឬលក់ទ្រព្យសម្បត្តិខ្ទេចខ្ទីអស់ ដល់ទីបំផុត ទោះយើង ធ្លាប់មានទ្រព្យធនប៉ុណ្ណា ក៏នឹងអាចវិនាសទៅវិញយ៉ាងពិតប្រាកដ ។

អារក្ខសម្បទានេះ មិនមែនសម្រាប់ត្រឹមតែការថែរក្សាទ្រព្យ សម្បត្តិធម្មតាប៉ុណ្ណោះទេ សូម្បីតែកិច្ចការដែលខ្លួនធ្វើ បើមិនប្រយ័ត្នប្រយែង ធ្វើការលំៗឲ្យតែបានធ្វើការងារខ្ជះខ្ជាយ មិនគោរពការងារ ឬ ពេលវេលាសម្រាប់បំពេញតួនាទីរបស់ខ្លួន ទោះបីជាមានការងារល្អ ប៉ុណ្ណាក៏នឹងអាចបាត់បង់ទៅវិញបានដែរ ។ បើនិយាយពីផ្នែកសេដ្ឋកិច្ច ផ្នែកឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ជំនួញជាដើម កាលបើធ្វើ ការងារខ្ជះខ្ជាយ មិនត្រួតពិនិត្យដល់កន្លែងការងារ ចេះតែប្រចាំបណ្ដាក់ គ្នា ម្នាក់អាងលើម្នាក់ នៅតែផ្ទះ ឬបន្ទប់ការិយាល័យ រំពឹងតែលើ ក្រដាស លើបញ្ជីលើអ្នកដទៃ ដល់ផលដែលបានមក នឹងត្រូវខូច ខាតជាពុំខាន បើត្រូវចំណេញច្រើនក៏ត្រូវថយមកតិច ឬខាតបង់តែ ម្តង។ មានអ្នកជំនួញខ្លះពេលខាតខ្លាំងពេកទៅ ដល់ថ្នាក់ធ្វើអត្តឃាត ខ្លួនឯងទៀតក៏មានដែរ ។

៣.កល្យាណមិត្តតា (ភាវៈនៃខ្លួនជាអ្នកមានមិត្តល្អ)

ការសេពគប់មិត្ដក៏ជាកត្ដាសំខាន់សម្រាប់មនុស្សផងដែរ ។ គ្មាន មនុស្សណាម្នាក់កើតឡើង ហើយរស់នៅតែម្នាក់ឯងមិនពឹងអាស្រ័យ គ្នាទៅមកនោះឡើយ ហើយក៏គ្មាននណាម្នាក់រស់នៅមិនទទួលចម្លង ឥទ្ធិពលពីអ្នកដទៃនោះក៏ទេដែរ ។ ការសេពគពមិត្ដក៏គឺមធ្យោបាយ សំខាន់សម្រាប់ការអភិវឌ្ឍខ្លួនឲ្យរីកចម្រើន តាមរយៈ សុភាវធម៌ សីលធម៌ ទំនាក់ទំាងក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ទីប្រឹក្សា។ល។ បើកាល ណាយើងរាប់អានប្រទះប៉ះលើតែមិត្តអាក្រក់ ប្រចុបប្រចែង ដឹកនាំយើងឲ្យទៅរកតែផ្លូវអន្ដរាយ សប្បាយរីករាយតែលើទង្វើអាក្រក់សព្វបែបយ៉ាង ទោះបីយើងខំប្រឹងប្រែងស្វែងរកទ្រព្យធនបរិបូណ៌ស្តុកស្តម្ភ យ៉ាងណាក៏ទ្រព្យធនទាំងនោះអាចនឹងវិនាសទៅវិញបាន។ បើធ្វើការផ្សេងៗ ការងារនោះៗនឹងមិនរីកចម្រើន អាចនឹងបាត់បង់ការងារ។ តែបើយើងចេះជ្រើសរើស សេពគប់ចំពោះមិត្ដណាសប្បុរស មិត្តល្អ ចេះជួយគ្នាទៅវិញទៅមក ជាអ្នកប្រាជ្ញ បណ្ឌិត មិត្ដនោះនឹងនាំយើង ឲ្យបានសម្រេចនូវកិច្ចការ សព្វបែបយ៉ាង ។

មនុស្សទាំងបួនប្រភេទគឺៈ

-មនុស្សល្អតែសម្បកកាយ ខាងផ្លូវចិត្តអាក្រក់

-មនុស្សអាក្រក់សម្បកកាយ តែខាងផ្លូវចិត្ដសប្បុរស

-មនុស្សអាក្រក់ទាំងកាយ អាក្រក់ទាំងខាងផ្លូវចិត្ដ

-មនុស្សល្អទាំងកាយ ល្អទាំងខាងផ្លូវចិត្ដ

មនុស្សប្រភេទទីមួយ និងទីបីមិនគួរនឹងឲ្យយើងសេពគប់ជា មួយនោះឡើយ ព្រោះមនុស្សពីរប្រភេទនេះតែងញុំាងប្រយោជន៌ ដែលសម្រេចបានឲ្យវិនាស ប្រយោជន៌រៀបបាននឹងសម្រេចឲ្យខក ខានទៅវិញ។ ក្នុងន័យនេះដែរមិនមែនមានន័យថា យើងមិនសពគប់ មនុស្សអាក្រក់ ឬបាបមិត្ដនោះទេ តែមានន័យថា យើងអាចត្រឹមតែ រាប់អាន មិនរើសអើងចំពោះមនុស្សជាតិដូចគ្នា គ្រាន់តែយើងមិនធ្វើ តាមការដឹកនាំ ឬឥទ្ធិពលពីអ្នកនោះប៉ុណ្ណោះ ។ ការស្វែងរកលាភពី មនុស្សអសប្បុរស គឺជារឿងមិនល្អ ប្រៀបដូចជាទឹកអម្រឹតលាយនឹង

ថ្នាំពុល អាចសម្លាប់យើងបានគ្រប់ពេលទាំងអស់ ។ មិត្តអាក្រក់តែង ដឹកនាំយើងឲ្យប្រព្រឹត្តតែអំពើអបាយមុខផ្សេងៗ មានល្បែងស្រី ល្បែង ស្រា ល្បែងភ្នាល់ ភ្លេចពីការថែរក្សាទ្រព្យសម្បត្តិ ភ្លេចពីសុខទុក្ខខ្លួន ភ្លេចគ្រួសារសាច់ញាតិ។ បើដឹកនាំឲ្យធ្វើជំនួញនោះ ច្រើនតែជាជំនួញ ខុសសីលធម៌ ក្បត់មនសិការ ក្បត់សង្គមជាតិ ដូចជាជួញដូរមនុស្ស ជួញដូរគ្រឿងសាស្ត្រាវុធ គ្រឿងញៀន គ្រឿងស្រវឹង ថ្នាំពុល លួច ប្លន់ កាប់សម្លាប់ កិបកេង អ្នកដទៃដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលទង្វើ សព្វបែបយ៉ាងសុទ្ធតែខុសច្បាប់ទាំងអស់ ។

មនុស្សប្រភេទទី២និងទី៤ គឺជាប្រភេទមនុស្សសប្បុរសអាច ធ្វើជាកល្យាណមិត្តបានអាចជួយអោយការងារដែលមិនអាចសម្រេចអោយសម្រេចបានជួយការងារដែលសម្រេចហើយអោយរឹតរឹងតែរីកចំរើនជួយផ្តល់ជីវិតបង្កើតថ្មីនាំសិរីសួស្តីដល់ការអភិវឌ្ឍ ។ មនុស្សប្រភេទទី២ទោះបីតែសម្បកកាយមិនសូវសមប្រកប រប៉ិលរបូចចូល ចិត្តលេងសើចច្រើនឬ អសមត្ថភាពកាយសម្បទាណាមួយក៏ដោយតែនៅពេលដែលគិតក៏ក្រឡេកមើលទៅលើអ្វីដែលត្រឹមត្រូវ អ្វីដែល សុក្រឹតល្អ សមស្របតាមច្បាប់បញ្ញត្តិរបស់រដ្ឋ សមស្របទៅនឹងសីល ធម៌ដែលសង្គមមនុស្សទាំងមូលអាចទទួលយកបាន ។ ដូចជានៅក្នុង សម័យបច្ចុប្បន្នជាសម័យទំនើបពឹងផ្អែកលើសេវាកម្ម និងព័ត៌មាន វិទ្យា(សាកលភាវូបនីយកម្ម) មិត្តល្អតែងដឹកនាំយើងអោយចេះស្គាល់ យល់ដឹងអភិវឌ្ឍខ្លួន អោយមានសមត្ថភាពប្រកួតប្រជែងទីផ្សារ ការ ងារ ជំនួញផេ្សងៗបានសព្វបែបយ៉ាង ឯបើមិត្តអាក្រក់បែរជាដឹកនាំ អោយបងើ្កតសមត្ថភាពខាងផ្លូវអាក្រក់ សេពគ្រឿងញៀន ល្បែងស៊ី

សងជាដើម ។

ក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនាព្រះពុទ្ធអង្គបានបែងចែកមិត្ត ជាពីរយ៉ាងគឺមិត្តល្អ (កល្យាណមិត្ត) ១ មិត្តអាក្រក់ (បាបមិត្ត) ១ ។

បញ្ហាមិត្តតាំងពីរយ៉ាងនោះបាបមិត្តមាន៤ប្រភេទគឺ

          ក -មិត្តគិតតែពីខាងបាន

-មិត្តគិតយកសម្រាប់តែម្នាក់ឯងគិតតែពីខ្លួនឯង

-ព្រមខូចប្រយោជន៍បន្តិចបន្តួច និងចង់បានតែពីខាងច្រើន

-ពេលខ្លួនមានភ័យទើបស្ទុះទៅជួយធ្វើកិច្ចការរបស់មិត្ត

-សេពគប់មិត្តព្រោះសម្លឹងឃើញប្រយោជន៍

          ខ-មិត្តបានតែខាងនិយាយ

-ពូកែតែរំលឹកយករឿងចាស់ៗមកនិយាយ

-ពូកែលើកយករឿងដែលពុំទាន់មកដល់មកប្រាស្រ័យ

-ជួយសង្រ្គោះដោយរបស់គ្មានបានការ

-ពេលមិត្តមានធុរមិនព្រមមកជួយ អាងលេសថាមានរវល់

          គ-មិត្តបានតែប្រចុប (បោកស៊ី)

          -ពេលមិត្តធ្វើអាក្រក់ក៏សាទរ

-ពេលមិត្តធ្វើល្អក៏សាទរ

-នៅពីមុខមិត្តពោលសរសើរ

-នៅពីក្រោយខ្នងនិយាយនិន្ទា

-មិត្តនាំទៅរកតែខាងវិនាស

          -ពេលមិត្តផឹកគ្រឿងស្រវឹង ក៏ផឹកដែរ

ឧទ្ទុម្ពរទុំ              សម្បកក្រៅរុំ         ក្រហមរលោង

ខាងក្នុងពេញនូវ    ដង្កូវមមុង             ដូចមនុស្សទ្រនុង

ចិត្តជួឫស្យា          ។

-ពេលមិត្ដដើរលេងយប់ ក៏ដើរជាមួយ

បណ្ដាមិត្ដទាំងពីរយ៉ាងនោះ កល្យាមិត្ដមានបួនប្រភេទគឺ

-មិត្ដមានឧបការ

          -ពេលមិត្ដប្រមាន(ធ្វេសប្រហែសចំពោះអ្វីមួយ)ក៏ជួយរក្សា

-ពេលមិត្តកំពុងធ្វើអ្វីមួយ ក៏ជួយធ្វើជាមួយ

-ពេលមិត្ដមានភ័យក៏យកខ្លួនទៅទីពឹងរបស់មិត្ដ

-ពេលមិត្តមានការចាំបាច់ជួយចេញទ្រព្យសម្បត្តិឲ្យជាងមិត្ដដែលស្នើសុំឲ្យខ្លួនជួយទៅទៀត ។

-មិត្ដរួមសុខទុក្ខ

          -ប្រាប់រឿងសំងាត់ដល់មិត្ដ

-បិទបាំងរឿងសំងាត់របស់មិត្ដ

-មិនបោះបង់មិត្ដចោលនៅពេលមិត្ដមានភ័យន្ដរាយ

-សូម្បីតែជីវិតក៏អាចលះបង់បានដើម្បីមិត្ដ

-មិត្ដណែនាំប្រយោជន៍

             -ឃើញមិត្ដធ្វើរឿងនាំឲ្យវិនាសក៏ហាមប្រាម

-ណែនាំមិត្តឲ្យតាំងនៅក្នុងសេចក្ដីល្អ សប្បុរស សុចរិត

-ឲ្យមិត្តស្ដាប់ ដឹង នូវអ្វីដែលមិត្តមិនដែលបានស្ដាប់ ដឹង

-ប្រាប់ផ្លូវទៅកាន់ឋានសួគ៌ណែនាំការងារ ទីផ្សារការងារ ផ្ដល់ ផ្ដល់ទីប្រឹក្សាល្អៗក្នុងការអភិវឌ្ឍជីវិតឲ្យបានជោគជ័យដល់មិត្ដ

-មិត្ដមានទឹកចិត្ដ

            -ពេលមិត្ដមានទុក្ខក៏កើតទុក្ខដែរ (ជួយរំលែកទុក្ខមិត្ដ)

-ពេលមិត្ដមានសុខក៏សប្បាយរីករាយ

-ពេលឮគេនិយាយអាក្រក់ពីមិត្ដ ក៏ជួយនិយាយការពារឲ្យមិត្ដ

-ពេលគេនិយាយសរសើពីមិត្ដក៏ជួយនិយាយសរសើរបន្ថែម



ឧទ្ទុម្ពរទុំ              សម្បកក្រៅរុំ         ច្រូងច្រាងបន្លា

ខាងក្នុងសឹងក្លែប   ក្រអែបពិសារ        ដូចមនុស្សាឫស្សា

ចិត្ដជាសប្បុរស      ។

 

បើក្នុងថ្នាក់ជាតិ ឧស្សហកម្ម ពាណិជ្ជកម្ម ឬជំនួញវិញ បើអ្នក ធ្វើជាមិនស្មោះត្រង់ ទុចរិត មានការគៃបន្លំ សហការីពុករលួយត្រូវដង ត្រូវផ្លែគ្នាជាមួយនឹងអ្នកខាងក្រៅនោះ ជាតិនឹងដល់នូវវិបត្តិសេដ្ឋកិច្ច ក្រុមហ៊ុនឧស្សាហកម្ម ពាណិជ្ជកម្ម ជំនួញ-ល- នោះនឹងខូចខាត ឬ ដួលរលំ។ ដូចនេះដើម្បីឲ្យជីវិតបច្ចុប្បន្នបានជោគជ័យ កើតជាមង្គល គប្បីចេះជ្រើសរើសមិត្តឲ្យបានល្អប្រសើរ ។

៤.សមជីវិតា ( ភាវៈនៃបុគ្គលចិញ្ចឹមជីវិតស្មើ )

ការចិញ្ចឹមជីវិតស្មើ ក្នុងទីនេះសំដៅទៅលើការចិញ្ចឹមជីវិត

ដោយស្គាល់ហេតុពីរយ៉ាងគឺៈ

ក.ស្គាល់ពីរបៀបចាយវាយ

ធម្មតាចំណូល និងចំណាយ គឺជាគូគ្នាទៅវិញទៅមក ។ ចំណូល សំដៅលើផលដែលកើតឡើងពីការប្រឹងប្រែងស្វែងរក ឯ ចំណាយសំដៅលើការប្រើប្រាស ។ ក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនា ព្រះពុទ្ធអង្គសម្ដែងថាៈ

បើរកប្រាក់ចំណូលបានមកតិច យើងត្រូវចេះចាយវាយទៅ តាមតិច ត្រូវចេះសន្សំសំចៃ មិនមែនបានតិច ហើយចាយវាយ ឬប្រើ ប្រាសហួសប្រមាណនោះឡើយ ។ ការចាយវាយច្រើនជាងចំណូល  មិនមែនត្រឹមតែការបំផ្លាញ គ្មានការអភិវឌ្ឍប៉ុណ្ណោះទេ វាថែមទាំង ធ្វើឲ្យយើងបាត់បង់ពេលវេលា បាត់បង់ឱកាសផ្សេងៗ និងកេរមរតក  សព្វបែបយ៉ាង ។

ផ្ទុយមកវិញ បើយើងមានចំណូលច្រើន តែចំណាយតិចពេក មិនសមនឹងតម្រូវការ ឬកំណាញ់ វានឹងអាចធ្វើឲ្យយើង ទទួលរងនូវ ផលលំបាកបានដែរ ។ ការកំណាញ់ពេក វានឹងធ្វើឲ្យបាត់បង់នូវ ញាតិ ទទួលរងនូវការប្រមាទពីមនុស្សជុំវិញ គ្មានជនដទៃហ៊ានចូល ជិត ។ បើកាលណាបាត់បង់ញាតិហើយ ចង់ធ្វើជំនួញជាមួយនឹង នរណាក៏មិនបាន ចង់ពឹងពំនាក់អាស្រ័យនឹងអ្នកផង គេមិនព្រម តែដល់យូរៗទៅនឹងក្លាយជាមនុស្សឯកា។ បើនិយាយពីក្រុមហ៊ុនវិញ បើ ចំណូលចំណេញបានច្រើន តែប្រាក់បៀរវត្សរ៍ផ្ដល់ដល់បុគ្គលិករបស់ ខ្លួនមិនសមនឹងតម្លៃការងារ នោះបុគ្គលិកការងារនឹងធ្វើការលំៗឲ្យតែ

បាន ការងារនឹងមិនដើរទៅមុខ ទីបំផុតក្រុមហ៊ុននោះៗនឹងដួលរលំជា ពុំខាន ។ ក្នុងទស្សនវិជ្ជាសេដ្ឋកិច្ចព្រះពុទ្ធសាសនាមាននិយាយថា បើ ប្រាក់ឈ្នួលផ្ដល់ដល់បុគ្គលិកល្មមសមរម្យគ្រប់គ្រាន់ នោះការងារនឹង ដើរឈានទៅមុខឥតឈប់ឈរ តែបើមិនល្មមគ្រប់គ្រាន់ទេ នោះការ ងារនឹងរអាក់រអួល គ្មានបុគ្គលិកធ្វើការបន្តជាមួយគ្នាទៀតឡើយ ។

ខ.ស្គាល់ពីសមត្ថភាពក្នុងការរក

សមត្ថភាពត្រូវបានទទួលស្គាល់ និងឲ្យតម្លៃយ៉ាងខ្លាំងពេញ ពិភពលោក។ ធម្មតាបើគ្មានសមត្ថភាពក្នុងការរកទេ ការស្វែងរក នោះក៏មិនដល់នូវការរីកចម្រើនបានដែរ។

សមត្ថភាពក្នុងទីនេះចែកចេញជាពីរគឺៈ

-សមត្ថភាពដឹងច្បាស់ពីការវិនាសទៅនៃភោគៈទាំងឡាយ

-សមត្ថភាពដឹងច្បាស់ពការរីកចម្រើននៃភោគៈទាំងឡាយ

ការដឹងច្បាស់ពីការតវិនាស(អវិជ្ជមាន) នឹងអាចឲ្យយើងរៀប ចំ ត្រៀមទុកជាមុន បង្កាយ៉ាងណាមិនឲ្យភោគៈនោះ វិនាសទៅវិញ ដោយងាយ ឬកុំឲ្យបាត់បង់តែម្តង ដូចជារបស់ដែលបាត់បង់ហើយ គប្បីស្វែងរកឲ្យឃើញមកវិញ របស់ចាស់ហើយឲ្យចេះជួសជុលប្រើ ឬស្វែងរកកមបន្ថែមជាដើម…។

ការដឹងច្បាស់ពីការរីកចម្រើន អាចឲ្យយើងចេះរកវិធីសាស្ត្រ ថែរក្សា វិធីសាស្ត្រចាប់ក្រសាវកាវក្រសោបស្រូបយកឱកាសបាន ។

សមត្ថភាពដែយល់ដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងនេះ

ហើយ ជាហេតុធ្វើឲ្យភាពជោគជ័យកើតឡើងក្នុងទីចំពោះមុខបាន ។



      បញ្ហាទាំងឡាយ          កិច្ចកលដោះស្រាយ           ត្បិតតែគំនិត

ដឹងកិច្ចដឹងកល           ដឹងឆ្ងាយដឹងជិត                ដូចកលកាំបិត

កាប់ឆ្ការទំលាយ    ។

តាមការលើកឡើងមកនេះ យើងឃើញថា ទិដ្ឋធម្មិកត្ថធម៌ ទាំង៤យ៉ាងនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ច ស្របទៅតាមច្បាប់ និងសីលធម៌។

បុគ្គលអ្នកអនុវត្តតាម មិនអាចជ្រើសយកមួយចំណុច ហើយ ចោលចំណុចផ្សេងទៀតនោះទេ ព្រោះធម៌ទាំងបួនយ៉ាងនេះ មាន ទំនាក់ទំនងទៅវិញទៅមក មិនអាចផ្ដាច់ចេញពីគ្នាបានឡើយ ។ បើ មនុស្សម្នាក់ៗអនុវត្តដំណើរជីវិត ប្រកាន់ភ្ជាប់នឹងធម៌ទាំងបួននេះ នឹង ទទួលបាននូវប្រយោជន៍ក្នុងបច្ចុប្បន្ននេះ អាចធ្វើជាម្ចាស់វាសនានៃ ខ្លួន បានជោគជ័យយ៉ាងពិតប្រាកដ ៕

ជំនិត វិជិតភក្ដី



 

No comments:

Post a Comment