ជីវិតជាមួយនឹងទ្រព្យសម្បត្តិ
ជីវិតមនុស្ស មានការទាក់ទងនឹងសម្បត្តិទ្រព្យជាប់ជានិច្ច
ជាពិសេសអ្នកគ្រប់គ្រងផ្ទះ ដូច្នេះ ទើបត្រូវសិក្សាគោលធម៌ក្នុងព្រះពុទ្ធសាសនា
ដើម្បីឲ្យចេះស្វែករក ចេះចាយ ចេះប្រើប្រាស់ និងចេះចាត់ចែង
គឺជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចគ្រួសារ និងជំនាញខាងការប្រើប្រាស់
ចាត់ចែងឲ្យទ្រព្យសម្បត្តិប្រព្រឹត្តទៅជាប្រយោជន៍ មានគោលធម៌បដិបត្តិដូចតទៅ ៖
ក. ការស្វែងរកនិងការរក្សាទ្រព្យ ត្រូវបដិបត្តិតាមគោលធម៌ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន មាន ៤ យ៉ាងគឺ៖
១. ឧដ្ឋានសម្បទា ដល់ព្រមដោយការប្រឹងប្រែងព្យាយាម
គឺការក្រោកឈរដោយស្មារតីតស៊ូ មិនខ្លាចការហត់នឿយក្នុងមុខរបរស្វែងរកទ្រព្យ
ដែលជាមុខរបរសុចរិត ( មុខរបរសុចរិត ជាមុខរបរថ្លៃថ្នូរ )
ហ្វឹកហាត់ឲ្យមានការជំនាញក្នុងវិជ្ជាជីវៈ
និងចេះចាត់ចែងការងារឲ្យស្របតាមកាលៈទេសៈបច្ចុប្បន្ន ។
២.
អារក្ខសម្បទា ដល់ព្រមដោយការរក្សា គឺចេះគ្រប់គ្រងថែទាំសន្សំសំចៃ
មិនខ្ជះខ្ជាយនូវទ្រព្យសម្បត្តិដែលខ្លួនខំប្រឹងប្រែងប្រមូលមកដោយការងារសុចរិត
មិនឲ្យរាត់រាយបាត់បង់ ព្រោះហេតុមិនរក្សានោះឡើយ ។
៣.
កល្យាណមិត្តតា គប់រកមនុស្សល្អជាមិត្ត គឺចេះសេពគប់មនុស្ស
មិនគប់មិនប្រព្រឹត្តតាមចំពោះបុគ្គលណាដែលដើរក្នុងផ្លូវនៃអបាយមុខ
ជ្រើសរកមនុស្សណាដែលចេះដឹង ទ្រទ្រង់នូវគុណធម៌ ជាបុគ្គលគួរគោរពរាប់អាន
ជាអ្នកណែនាំក្នុងផ្លូវល្អ ផ្លូវចម្រើនមកជាមិត្ត
ដើម្បីចម្រើនក្នុងការងារទាំងពួង ។
៤. សមជីវិតា
ចិញ្ចឹមជីវិតមានតុល្យភាព គឺចេះកំណត់ដឹងនូវចំណូល និងចំណាយ
រស់នៅឲ្យល្មមនឹងទ្រព្យដែលជាចំណូល មិនចេះតែចង់ហ៊ឺហា
ហើយទូលាយដោយការចាយវាយនោះឡើយ ប៉ុន្តែក៏មិនត្រូវកំណាញ់ដែរ។
( គោលធម៌ស្រង់ចាក ទីឃជាណុសូត្រ អង្គុត្តរនិកាយ អដ្ឋកនិបាត )
ខ. ការបែងចែកទ្រព្យ កាលស្វែងរកទ្រព្យបានមកហើយ គប្បីចេះបែងចែកទ្រព្យនោះជា ៤ ចំណែក ហៅថា ភោគវិភាគ គឺ៖
-ឯកេន ភោគេ ភុញ្ជេយ្យ បរិភោគចិញ្ចឹមជីវិតខ្លួនឯង
ចិញ្ចឹមជីវិតអ្នកដទៃដែលគួរចិញ្ចឹម និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ
ទៀតតាមសមគួរ មួយចំណែក ។
-ទ្វីហិ កម្មំ បយោជយេ ប្រើជាដើមទុនប្រកបមុខរបរ ពីរចំណែក ។
-ចតុត្ថស្ស និធាបេយ្យ អាបទាសុ ភវិស្សតីតិ តម្កល់ទុកនូវចំណែកទី ៤
ដោយក្រែងមានអន្តរាយទាំងឡាយឯណានីមួយ នឹងមានទ្រព្យនៅសល់មួយចំណែកដែរ ។
( ស្រង់ចាក សិង្គាលកសូត្រ )
គ. ការបរិភោគប្រើប្រាស់ចាយវាយនូវទ្រព្យ គប្បីរំពឹងគិតឲ្យបានយល់ច្បាស់ថា
ការដែលបានស្វែងរក និងគ្រប់គ្រងរក្សានូវទ្រព្យ
ក៏ដើម្បីនឹងប្រើប្រាស់ឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ
បើមិនបានប្រើប្រាស់ឲ្យកើតជាគុណប្រយោជន៍ហើយ ការស្វែងរក
និងការមានបាននូវសម្បត្តិទ្រព្យ ក៏រមែងប្រាសចាកនូវគុណតម្លៃ
គ្មានន័យខ្លឹមសារអ្វីឡើយ ដូច្នេះ
ការស្វែងរកនូវទ្រព្យសម្បត្តិមានបានច្រើនហើយ
គប្បីបដិបត្តិចំពោះទ្រព្យមួយចំណែកក្នុងចំណុច “ខ” គឺ ឯកេន ភោគេ ភុញ្ជេយ្យ
ឲ្យទៅជា ៥ ចំណែកតាមព្រះពុទ្ធដីកា ដូចតទៅ៖
អរិយសាវ័កក្នុងធម្មវិន័យនេះ មាននូវភោគៈទាំងឡាយ
ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាមដែលខ្លួនសន្សំដោយកម្លាំងដៃ
មានញើសហូរចេញ ប្រកបដោយធម៌ហើយ រមែងប្រើប្រាស់ដូចនេះ៖
១.
ញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតាបិតា ឲ្យសុខ
ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងបុត្រ ភរិយា ទាសកម្មករ
និងមនុស្សទាំងឡាយទៀត ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ។
២. ញ៉ាំងមិត្តអាមាត្យ ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ ។
៣. ប្រើប្រាស់ការពារនូវសេចក្តីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីចោរជាដើម ហើយធ្វើខ្លួនឲ្យដល់នូវសួស្តី ព្រោះភោគៈទាំងឡាយនោះ ។
៤. ជាអ្នកធ្វើនូវពលី ៥ ប្រការ គឺ៖
១- ញាតិពលី សង្គ្រោះញាតិ ។
២- អតិថិពលី ទទួលភ្ញៀវ ។
៣- បុព្វបេតពលី ធ្វើទាន ឧទ្ទិសកុសលឲ្យដល់អ្នកចែកឋានទៅហើយ ។
៤- រាជពលី ជួយប្រទេសជាតិ ទំនុកបម្រុងរាជការដោយការបង់ពន្ធជាដើម ។
៥- ទេវតាពលី ធ្វើបុណ្យឧទ្ទិសឲ្យដល់ទេវតា ( ទេវតា ក៏ត្រូវការអនុមោទនានូវបុណ្យដែរ ) ។
៥. តម្កល់នូវទក្ខិណាទានដ៏ខ្ពង់ខ្ពស់ ជាធម្មជាតិអំណោយផលដ៏ល្អ
មានវិបាកជាសុខ
ប្រព្រឹត្តទៅដើម្បីស្ថានសួគ៌ដល់សមណព្រាហ្មណ៍ដែលប្រាសចាកសេចក្តីប្រមាទ
មិនជាបុគ្គលស្រវឹង តាំងនៅក្នុងខន្តិសោរច្ចៈ ជាអ្នកអប់រំទូន្មានខ្លួន ។
***កាលណាបើប្រើប្រាស់នូវទ្រព្យសម្បត្តិ សម្រេចបានជាប្រយោជន៍យ៉ាងនេះហើយ
ទ្រព្យសម្បត្តិអស់ទៅក៏សប្បាយចិត្ត ឈ្មោះថាអស់ដោយល្អ ព្រោះបានគិតឃើញថា
អាត្មាអញបានប្រើប្រាស់ភោគៈនោះឲ្យជាប្រយោជន៍ត្រឹមត្រូវតាមហេតុផល
បើទ្រព្យសម្បត្តិមានការចម្រើន ក៏សប្បាយចិត្ត ព្រោះបានមកដោយការងារសុចរិត
ពោលគឺ មិនមានសេចក្តីក្តៅក្រហាយចិត្ត ទាំងត្រូវអស់ ទាំងត្រូវបាន ។
( ស្រង់ចាក អាទិយសូត្រ មុណ្ឌរាជវគ្គ អង្គុត្តរនិកាយ បញ្ចកនិបាត )
អរព្រះគុណ និង អរគុណ !!
http://aphirati.wordpress.com
Website
ជីវិតជាមួយនឹងទ្រព្យសម្បត្តិ សម្រាប់មនុស្សទូទៅ
ចែករំលែកចំណេះដឹង
Tags
#Business Buddhism
ចែករំលែកទីនេះ
About Buddha Dhamma Monk
Business Buddhism
Tags:
Business Buddhism
Subscribe to:
Post Comments (Atom)
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment