រឿងកឋិន គឺជារឿងចីវរ - Buddha Dharma Monk

Website

រឿងកឋិន គឺជារឿងចីវរ

ចែករំលែកចំណេះដឹង

 🌸🌸🌸🍀{ រឿងកឋិន គឺជារឿងចីវរ}🍀🌸🌸🌸

👉កឋិនទានជាទានមួយដែលទាក់ទងពីរឿងភិក្ខុអ្នកចាំព្រះវស្សា និងសំពត់(ចីវរ)ដែលទាយកទាយិកា ឬក៏ជនដទៃណាទៀតដែលត្រូវធ្វើឡើងដោយសេចក្តីជ្រះថ្លា។ នៅត្រង់ចំណុចនេះដូចជាមិនឃើញនិយាយពីរឿងលុយដើម្បីយកមកសង្កត់ត្រៃនោះទេ។ និយាយដោយខ្លីមិនទាក់ទងពីរឿងលុយសោះ អ្នកសិក្សាទាំងឡាយ ក៏បានជ្រួតជ្រាបរឿងនឹងទៅហើយ ប៉ុន្តែសម្រាប់អ្នកខ្លះ នៅតែមានការយល់ច្រឡំ តែងតែលើកឡើងថាធ្វើកឋិនទាល់តែមានលុយច្រើនជាដើមទើបអាចធ្វើកឋិនបាន៕

 🍀ដើមហេតុដែលនាំឱ្យកឋិនក្នុងព្រះពុទ្ធសាសនា🍀

   👉ដំណាលពីភិក្ខុ ៣០ រូបនៅក្នុងដែនបាឋេយ្យៈ ធ្វើដំណើរទៅកាន់ក្នុងសាវត្ថី ដើម្បីក្រាបថ្វាយបង្គំគាល់ព្រះសម្ពុទ្ធ ដែលគង់នៅក្នុងវត្តព្រះជេតពន, នៅក្នុងពេលចេញវស្សាដែលជារដូវនៅមានទឹកភ្លៀងជោកជាំ នាំឱ្យភិក្ខុ ៣០ រូបនោះមានស្បង់ចីវរ សង្ឃាដីទទឹកជោកអស់ មានការលំបាកតាមផ្លូវយ៉ាងខ្លាំង។ លុះទៅដល់ ភិក្ខុទាំង ៣០ រូប ក៏បានចូលទៅក្រាបថ្វាយបង្គំព្រះសម្ពុទ្ធ។ នៅពេលនោះ ព្រះសម្ពុទ្ធ ព្រះអង្គមានព្រះបន្ទូលរួសរាយត្រាស់សួរអំពីសុខ-ទុក្ខចំពោះភិក្ខុទាំង ៣០ រូបនោះ ហើយព្រះអង្គបានជ្រាបពីសេចក្តីលំបាកខ្លាំង ក្នុងការធ្វើដំណើរមកនៃភិក្ខុទាំងនោះ រួចព្រះអង្គសម្តែងនូវធម្មីកថា នាំឱ្យភិក្ខុទាំង ៣០ រូបនោះបានសម្រេចព្រះអរហត្តផលគ្រប់អង្គ។

 👉លំដាប់ពីនោះមក ព្រះសម្ពុទ្ធទ្រង់មានព្រះពុទ្ធចិន្តាថា “ប្រសិនបើតថាគតបានអនុញ្ញាតនូវកឋិនត្ថារកិច្ច ដល់ភិក្ខុទាំងឡាយរួចហើយ ភិក្ខុទាំង ៣០ រូបនេះនឹងអាចទុកចីវរ ១ នៅកន្លែងរបស់ខ្លួន ហើយមកដោយមានតែស្បង់ ១ ចីវរ ១ ប៉ុណ្ណោះ នឹងមិនលំបាកតាមផ្លូវយ៉ាងនេះឡើយរីឯកឋិនត្ថារកិច្ចនេះសោត ព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គ ក៏ធ្លាប់តែទ្រង់អនុញ្ញាតមកដែរ”។ 

 👉លុះព្រះសម្មាសម្ពុទ្ធទ្រង់មានព្រះពុទ្ធចិន្តាយ៉ាងនេះហើយ ទើបទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយ ហើយទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចទាំងឡាយថា ៖ 

  👉ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយ ទទួលក្រាលកឋិនបាន; ម្នាលភិក្ខុទាំងឡាយ, អានិសង្ស ៥ ប្រការ នឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលបានក្រាលកឋិនរួចហើយ ៕៚

     🍀  មូល វត្ថុ និងភូមិ របស់កឋិន 🍀

👉 មូលរបស់កឋិនមានមួយ 

                      គឺសង្ឃអង្គសាវក ។

👉 វត្ថុរបស់កឋិនមាន ៣ យ៉ាងគឺ 

              សង្ឃោដី ១ 

                      ចីពរ ១ 

                          ស្បង់ ១ ។

👉 ភូមិរបស់កឋិនមាន ៦យ៉ាងគឺ 

           សំពត់ សំបកឈើ ១ 

               សំពត់អំបោះ ១ 

                    សំពត់សូត្រ ១ 

                    សំពត់រោមសត្វ ១ 

                             សំពត់ធ្មៃ ១ 

                    សំពត់លាយវត្ថុ ៥ ខាងដើម ១ ។ 

👉 កឋិនមានបុព្វករណៈជាខាងដើម 

              មានបច្ចុទ្ធារៈនិងអធិដ្ឋាន ជាកណ្តាល 

                              មានការក្រាល ជាខាងចុង ។

 👉បុគ្គលប្រកបដោយអង្គ ៨ មិនគួរក្រាលកឋិន 

🌺១.មិនចេះអានិសង្ស

🌺២.មិនចេះវិធីដកកឋិន

🌺៣.មិនចេះអធិដ្ឋាន

🌺៤. មិនចេះក្រាល

🌺៥. មិនចេះមាតិកា

🌺៦. មិនចេះបលិពោធ

🌺៧. មិនចេះបច្ចុទ្ធារៈ (ដកចីវរចាស់)

🌺៨. បុគ្គលអ្នកក្រាលមិនចេះ បុព្វករណៈ។

👉ការក្រាលកឋិនមិនឡើងមានដល់បុគ្គល ៣ ពួកគឺ

🍀១. បុគ្គលឋិតនៅក្រៅសីមាអនុមោទនា

🍀២. បុគ្គលដែលអនុមោទនា មិនបានបញ្ចេញវាចា

🍀៣.បុគ្គលបញ្ចេញវាចាមិនឱ្យបុគ្គលដទៃដឹងច្បាស់ ។ 

👉ការក្រាលកឋិនឡើងមានដល់បុគ្គល ៣ ពួកគឺ

 ☘️១. បុគ្គលឋិតនៅក្នុងសីមាអនុមោទនា

☘️២. បុគ្គលបានអនុមោទនាបញ្ចេញវាចា

☘️៣.បុគ្គលបញ្ចេញវាចាញ៊ាំងអ្នកដទៃឱ្យដឹងច្បាស់ ៕៚

( រៀបរាប់ដោយសង្ខេប)

No comments:

Post a Comment