……………………………….……………………….
(ព្រះសម្ពុទ្ធទ្រង់សំដែងថា) ប្រេតទាំងឡាយ មកកាន់ផ្ទះរបស់ខ្លួន ឋិតនៅខាងក្រៅជញ្ជំាងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ។ កាលបើបាយ ទឹក បង្អែម ចំអាបដ៏ច្រើន ដែលពួកញាតិចូលទៅតាំងទុកហើយ ញាតិណាមួយ មិននឹករលឹកដល់ប្រេតទាំងឡាយនោះ ព្រោះបច្ច័យ គឺកម្មរបស់សត្វទាំងឡាយ។
ជនទាំងឡាយណា ជាអ្នកអនុគ្រោះ ជនទាំងនោះ រមែងឲ្យនូវទឹក និងភោជនដ៏ហ្មត់ចត់ ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយយ៉ាងនេះថា ទាននេះ ចូរសំរេចដល់ញាតិទាំងឡាយ សូមឲ្យញាតិទាំងឡាយ ដល់នូវសេចក្ដីសុខចុះ។
ឯប្រេតជាញាតិទាំងនោះ មកប្រជុំគ្នាក្នុងទីដែលឲ្យទាននោះ ជាអ្នកមកល្អហើយ កាលបើបាយ និងទឹកដ៏ច្រើន (ដែលគេឧទ្ទិសដល់ខ្លួន) គប្បីអនុមោទនាដោយគោរពថា យើងទាំងឡាយ បាន (ទទួលផល) ព្រោះហេតុនៃពួកញាតិណា សូមញាតិទាំងនោះរបស់យើង រស់នៅអស់កាលយូរចុះ កាបូជា ឈ្មោះថាញាតិទាំងឡាយបានធ្វើហើយដល់ពួកយើង ឯអ្នកឲ្យទាន មិនមែនជាមិនមានផលឡើយ។
កសិកម្ម គឺការភ្ជួររាស់ ក៏មិនមានក្នុងភូមិនៃប្រេតនោះ គោរក្ខកម្ម គឺការរក្សាគោ ក៏មិនមានក្នុងភូមិនៃប្រេតនោះ វណិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបាននូវសម្បតិដូច្នោះ ក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមាន។
បុគ្គលទាំងឡាយ ធ្វើកាលកិរិយាទៅកើតជាប្រេត រមែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងប្រេតវិស័យនោះ ដោយសារតែផលទានដែលញាតិឲ្យហើយអំពីលោកនេះ។
ទឹកធ្លាក់ចុះក្នុងទីទួល រមែងហូរទៅកាន់ទីទាប ដូចម្ដេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផលដល់ប្រេតទាំងឡាយ ដូច្នោះដែរ។
ផ្លូវទឹកទាំងឡាយ ដ៏ពេញ រមែងញុំាងសាគរឲ្យពេញប្រៀប ដូចម្ដេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះដែរ។
បុគ្គលកាលរលឹកឃើញនូវឧបការគុណ ដែលញាតិ និងមិត្តជាដើម បានធ្វើដល់ខ្លួនក្នុងកាលមុនថា អ្នកឯណោះបានឲ្យ (របស់នេះ) ដល់អាត្មាអញ អ្នកឯណោះ បានធ្វើ (គុណនេះ) ដល់អាត្មាអញ ជនទាំងនោះ ជាញាតិមិត្ត ជាសំឡាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឲ្យទក្ខិណាទាន ដល់ប្រេតទាំងឡាយ។
ការយំក្ដី ការសោកក្ដី ឬសេចក្ដីខ្សឹកខ្សួលណាដទៃក្ដី បុគ្គលមិនគប្បីធ្វើឡើយ ព្រោះកិច្ច មានយំសោកជាដើម មិនជាប្រយោជន៍ដល់អ្នកដែលទៅកាន់បរលោកឡើយ ញាតិទាំងឡាយ (ដែលទៅកាន់បរលោកនោះ) ក៏ឋិតនៅយ៉ាងនោះដដែល (ឥតបានដឹងឮឡើយ)។
ចំណែកទក្ខិណាទាន ដែលបុគ្គលបានឲ្យហើយនេះឯង ជាទានដំកល់ទុកនៅល្អហើយក្នុងព្រះសង្ឃ រមែងសម្រេចផលដើម្បីជាប្រយោជន៍ដល់ញាតិនោះ អស់កាលដ៏យូរអង្វែងតាមឋានៈ គឺទីដែលគួរសម្រេចបាន។
ក៏ញាតិធម៌នោះ មហារាជបានសំដែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះប្រេតទាំងឡាយ មហារាជបានធ្វើហើយ កំឡាំងកាយរបស់ភិក្ខុទាំងឡាយ មហារាជបានបំពេញហើយ បុណ្យដ៏ច្រើន មហារាជ ក៏បានសន្សំហើយ។
ចប់ រឿងតិរោកុឌ្ឌប្រេត ទី៥។
ខុទ្ទកនិកាយ បេត្តវត្ថុ បញ្ចមភាគ
(បិដក ភាគទី៥៦)
……………………………….
នៅមានជីវិតរស់នៅ គួរខិតខំធ្វើបុណ្យកុសល រក្សាសីល សម្រាប់ជាទីពឹងដល់ខ្លួន កុំចាំបាច់ដល់ពេលស្លាប់ទៅ សង្ឃឹមចាំទទួលផលបុណ្យដែលគេឧទ្ទិសឲ្យនេាះមិនគួរទេ ។
……………………………….……………………….
🍃ធម្មទាន FB: សច្ចធម៌- ចិរំ តិដ្ឋតុ ពុទ្ធសាសនំ
No comments:
Post a Comment