ទិដ្ឋធម្មិកត្ថ
ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ យ៉ាង
១. ឧដ្ឋានសម្បទាប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ យ៉ាង
ដល់ព្រមដោយសេចក្ដីព្យាយាម ក្នុងការប្រកបកិច្ចការចិញ្ចឹមជីវិតក្ដី ក្នុងការសិក្សារៀនសូត្រក្ដី ក្នុងកិច្ចធុរៈជាមុខនាទីរបស់ខ្លួនក្ដី
២. អារក្ខសម្បទា
ដល់ព្រមដោយការរក្សា គឺរក្សាដែលរកបានមកដោយសេចក្ដីព្យាយាម មិនឲ្យអន្តរាយទៅក្ដី រក្សាការងារមិនឲ្យសាបសូន្យទៅក្ដី
៣. កល្យាណមិត្តតា
ភាពជាអ្នកមានមិត្តល្អ មិនសេពគប់មិត្តអាក្រក់
៤. សមជីវិតា
ការចិញ្ចឹមជីវិត តាមសមគួរដល់កម្លាំងទ្រព្យដែលរកបានមក គឺមិនត្បិតត្បៀតពេក តែក៏មិនខ្ជះខ្ជាយពេក។
ប្រយោជន៍ទាំងបួនប្រការ ដូចបានពោលរៀបរាប់មកនេះជាផលកើតបានមកអំពីការព្យាយាម ដោយខ្លួនឯងគ្មានអ្នកណាមកចាត់ចែង រកបំពេញឲ្យទេ។ សេចក្ដីសុខសម្រាប់ជីវិតក្នុងបច្ចុប្បន្ន រមែងត្រូវការទ្រព្យសម្បត្តិ វត្ថុគ្រឿងសម្ភារៈចំណេះដឹង ដើម្បីឧបត្ថម្ភគាំទ្រលើកស្ទួយជីវិត ឲ្យមានដំណើរការបានងាយស្រួល ដូច្នេះហើយទើបតម្រូវឲ្យមានការព្យាយាមរក ព្យាយាមរៀនសូត្រអានទន្ទេញ និងត្រូវចេះរក្សាការពារថែទាំរក្សាសន្សំសំចៃទៅតាមសមគួរ នៃទ្រព្យសម្បត្តិ ចំណេះដឹងដែលខ្លួនមាន ដោយមានស្មារតីយប់ថ្ងៃមិនធ្វេសប្រហែស ទៅសេពគប់មិត្រអាក្រក់ នាំឲ្យទៅប្រព្រឹត្តអបាយមុខផ្សេងៗជាហេតុនាំឲ្យវិនាសទ្រព្យ។
ព្រះពុទ្ធោវាទ ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះបរមសាស្ដាសម្មាសម្ពុទ្ធជាម្ចាស់ គឺគម្ពីរភាពមានជម្រៅនិងវិសាលភាពទូលំទូលាយអស្ចារ្យណាស់ ព្រះអង្គពុំមែនទូន្មានឲ្យមនុស្សលោកគិតត្រឹមតែការស់នៅថ្ងៃនេះ ថ្ងៃស្អែកឬលោកនេះតែម្យ៉ាងនោះទេ គឺឲ្យចេះគិតដល់ជីវិតដែលត្រូវលះលោកនេះទៅកាន់លោកខាងមុខទៀតផង។ ជីវិតត្រូវឆ្លងកាត់លោក ត្រូវដើរផ្លូវឆ្ងាយ ទើបតម្រូវឲ្យត្រៀម ឲ្យព្យាយាមបំពេញប្រយោជន៍បរលោកទៀត។
ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា
រៀបរៀងដោយ ឧបាសក ម៉ិញ សាវ៉ាន
No comments:
Post a Comment