អនុសោតសូត្រ (បុគ្គល ៤ ពួក) - Buddha Dharma Monk

សមាធិ




អនុសោតសូត្រ (បុគ្គល ៤ ពួក)

Share knowledge

 #សិក្សាបិដក៤២​

[៥] អនុសោតសូត្រ (បុគ្គល ៤ ពួក) 

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក​។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ៖ 

១. អនុសោតគាមី បុគ្គលោ (បុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងសេពកាមទាំងឡាយផង តែងធ្វើអំពើអាក្រក់ផង​។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅបណ្តោយតាមខ្សែទឹក (គឺបណ្តោយតាមខ្សែទឹកនៃកិលេស)​។ 

២. បដិសោតគាមី បុគ្គលោ (បុគ្គលមានដំណើរទៅច្រាសខ្សែទឹក)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ មិនសេពកាមទាំងឡាយផង មិនធ្វើអំពើអាក្រក់ផង តែជាអ្នកប្រកបដោយទុក្ខនិងទោមនស្ស មានមុខទទឹកដោយទឹកភ្នែកទួញយំ ខំប្រព្រឹត្តព្រហ្មចរិយធម៌ឱ្យបរិបូណ៌ បរិសុទ្ធ​។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅច្រាសខ្សែទឹក (គឺច្រាសទិសដៅនៃកិលេស)​។ 

៣. ឋិតត្តោ បុគ្គលោ (បុគ្គលមានសភាពជាអ្នកឈរនៅ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជា ឧបបាតិកៈ (ព្រះអនាគាមី) បរិនិព្វានក្នុងលោកនោះ មានការមិនបានត្រឡប់ចាកលោកនោះជាធម្មតា ព្រោះអស់ទៅនៃឱរម្ភាគិយសញ្ញោជនៈទាំង ៥​។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសភាពជាអ្នកឋិតនៅ (ឈប់អណ្តែតតាមខ្សែទឹកនៃវដ្តៈ)​។ 

៤. តិណ្ណោ បារគតោ ថលេ តិដ្ឋតិ ព្រាហ្មណោ (បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាព្រាហ្មណ៍ឋិតនៅលើគោក)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើឱ្យជាក់ច្បាស់នូវ ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯងហើយ សម្រេចសម្រាន្តនៅក្នុងបច្ចុប្បន្ននេះ (គឺព្រះអរហន្ត)​។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាព្រាហ្មណ៍ឋិតនៅលើគោក​​។ 

ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក​​។ 

គាថាពន្យល់ 

‘‘យេ កេចិ កាមេសុ អសញ្ញតា ជនា,  

អវីតរាគា ឥធ កាមភោគិនោ; 

បុនប្បុនំ ជាតិជរូបគាមិ តេ,  

តណ្ហាធិបន្នា អនុសោតគាមិនោ។’’ 

ជនទាំងឡាយណានីមួយ មិនសង្រួមក្នុងកាមទាំងឡាយ មិនបានប្រាសចាករាគៈ ជាអ្នកបរិភោគកាមក្នុងលោកនេះ ជនទាំងនោះឯង តែងចូលទៅកាន់ជាតិនិងជរាជារឿយៗ ត្រូវតណ្ហាគ្របសង្កត់ ឈ្មោះថា ជាអ្នកមានដំណើរទៅបណ្តោយតាមខ្សែទឹក​។ 

‘‘តស្មា ហិ ធីរោ ឥធុបដ្ឋិតស្សតី,  

កាមេ ច បាបេ ច អសេវមានោ; 

សហាបិ ទុក្ខេន ជហេយ្យ កាមេ,  

បដិសោតគាមីតិ តមាហុ បុគ្គលំ។’’ 

ព្រោះហេតុនោះ បុគ្គលអ្នកមានប្រាជ្ញាក្នុងលោកនេះ ជាអ្នកមានសតិតម្កល់ខ្ជាប់ មិនសេពកាមទាំងឡាយផង មិនធ្វើនូវអំពើអាក្រក់ទាំងឡាយផង តែជាអ្នកប្រកបដោយទុក្ខ លះបង់កាម ទើបអ្នកប្រាជ្ញទាំងឡាយហៅបុគ្គលនោះថា ជាអ្នកមានដំណើរទៅច្រាសខ្សែទឹក​។ 

‘‘យោ វេ កិលេសានិ បហាយ បញ្ច,  

បរិបុណ្ណសេខោ អបរិហានធម្មោ; 

ចេតោវសិប្បត្តោ សមាហិតិន្ទ្រិយោ,  

ស វេ ឋិតត្តោតិ នរោ បវុច្ចតិ។’’ 

ជនណា លះបង់នូវកិលេសទាំង ៥ (សញ្ញោជនៈ) មានការសិក្សាបរិបូណ៌ហើយ មានសភាពមិនបានសាបសូន្យ ជាអ្នកដល់នូវការស្ទាត់ជំនាញដោយចិត្ត មានឥន្ទ្រិយតម្កល់មាំ ជននោះឯង ហៅថា មានសភាពជាអ្នកឋិតនៅ​។ 

‘‘បរោបរា យស្ស សមេច្ច ធម្មា, វិធូបិតា អត្ថគតា ន សន្តិ; 

ស វេ មុនិ វុសិតព្រហ្មចរិយោ, លោកន្តគូ បារគតោតិ វុច្ចតិ​”។ 

ធម៌ទាំងឡាយដ៏ឧត្តមនិងលាមក ដែលខ្លួនបានត្រាស់ដឹងហើយ បានកម្ចាត់ចោលហើយ ដល់នូវសេចក្តីវិនាសទៅមិនមានដល់បុគ្គលណា បុគ្គលនោះហៅថា អ្នកចេះចប់នូវត្រៃវេទ (វិជ្ជា ៣) មានមគ្គព្រហ្មចរិយៈនៅស្រេចហើយ ដល់នូវទីបំផុតនៃត្រៃលោក ដល់នូវត្រើយហើយ​។

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

អក្សរសាស្រ្តខ្មែរ