ភ្នំពេញៈ ខណៈដែលមនុស្សមួយចំនួនមិនបានសិក្សាឲ្យស៊ីជម្រៅនៃព្រះពុទ្ធសាសនា ទើបមានការចោទប្រកាន់ថា ព្រះពុទ្ធសាសនា និយាយតែពីរឿងបុណ្យ និងបាប ម្ល៉ោះហើយធ្វើឲ្យអ្នកគោរពតាម បែរជាមានសភាពក្រលំបាក និយាយកុហកបោកបញ្ឆោត ឬ ថាចេះរបៀបកោរមិនដាក់ទឹកជាដើម ទើបទទួលបានជ័យជម្នះនៅក្នុងការប្រកបមុខរបរនានា។
សួរថាតើសប្បាយណាស់ឬទ្រព្យសម្បត្តិ ដែលបានមកដោយសារអំពើទុច្ចរិតនោះ? គ្មានមនុស្សណាស្រឡាញ់អ្វីខ្លាំងជាងស្រឡាញ់ខ្លួនឯងនោះឡើយ។ ចុះប្រសិនបើដឹងខ្លួនថា ក្លាយជាចោរ ឬមនុស្សទុច្ចរិតហើយនោះ តើមានអ្វីល្អសម្រាប់ខ្លួនទៀត?
ការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធគឺដើម្បីដោះស្រាយបញ្ហាជីវិតរបស់សត្វលោក ប៉ុន្តែសត្វលោកភាគច្រើនចេះតែមើលរំលង ឃើញលាមកថាជាផ្កា ឃើញរបស់ល្អថាគ្មានតម្លៃ ក៏ខំបង្កើតសេចក្ដីលោភលន់ឲ្យកាន់តែច្រើនឡើងៗ រហូតភ្លេចតួនាទីរបស់ខ្លួនថាជាមនុស្ស។
នៅក្នុងសីលទី ២ ទ្រង់ហាមមិនឲ្យលួចទ្រព្យអ្នកដទៃ ហើយឲ្យប្រកបមុខរបរចិញ្ចឹមជីវិតដោយអំពើសុចរិតត្រឹមត្រូវទៅតាមគន្លងធម៌ ដែលព្រះអង្គហៅថា «សម្មាអាជីវោ»។
តាមរយៈព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធបានបង្រៀនមនុស្សឲ្យចេះដឹងពីប្រយោជន៍ ៣ យ៉ាង ដែលព្រះអង្គសម្តែងថា៖ «ប្រយោជន៍ទី ១ សម្រាប់ពេលបច្ចុប្បន្ន ប្រយោជន៍ទី ២ សម្រាប់លោកខាងមុខ និងទី ៣ សម្រាប់ជាប្រយោជន៍ក្នុងព្រះនិព្វាន»។
បើតាមការដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការធម៌ ដោយ ៥០០០ ឆ្នាំ បានបើករង្វង់ក្រចកបន្តិចដើម្បីលើកយកធម៌ខ្លះៗ ដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃ និងសេដ្ឋកិច្ចសង្គមជាប្រយោជន៍អាចមើលឃើញផ្ទាល់នឹងភ្នែកដោយផ្នែកទី ១ ព្រះពុទ្ធហៅថា ទិដ្ឋធម្មិកត្ថប្រយោជន៍ ៤ យ៉ាង ជាប្រយោជន៍បច្ចុប្បន្ន។
សៀវភៅខាងលើក៏បង្ហាញថា៖ «ទិដ្ឋធម្មិកត្ថប្រយោជន៍ ៤ យ៉ាងដែលជាប្រយោជន៍នៅក្នុងបច្ចុប្បន្ននោះរួមមានទី ១ ការព្យាយាមស្វែងរកទ្រព្យសម្បត្តិ ជាកាតព្វកិច្ចដ៏សំខាន់សម្រាប់មនុស្សម្នាក់ៗគឺទ្រព្យសម្បត្តិមិនអាចកើតមានដល់មនុស្សខ្ជិលច្រអូសបានទេ។
ទី ២ ការចេះថែរក្សានូវទ្រព្យ ដែលខំរកបានមកហើយគឺការចេះសន្សំសំចៃទ្រព្យទុកឲ្យផុតពីសេចក្ដីអន្តរាយផ្សេងៗ ហើយនឹងចេះកែខៃរកផលកម្រៃពីទ្រព្យនោះ ដូចជាក្នុងប្រទេសនីមួយៗ តែងតែមានកន្លែងផ្ញើប្រាក់ហៅថាធនាគារ ដើម្បីឲ្យប្រជាជនចេះសន្សំទ្រព្យ និងបានថ្លៃការប្រាក់ថែមទៀតផង។
ទី ៣ ការសេពគប់រកមិត្តល្អត្រឹមត្រូវគឺការជ្រើសរើសផ្លូវដើរសម្រាប់ជីវិត ប្រសិនបើសេពគប់មិត្តអាក្រក់រមែងនាំមកនូវសេចក្ដីវិនាសគ្រប់ច្រកល្ហក បើសេពគប់មិត្តល្អ នឹងមានសេចក្ដីសុខចម្រើនកើននូវប្រយោជន៍ជារឿយៗ ព្រោះថាមិត្តល្អគេអាចជួយពន្យល់វិធីស្វែងរកសេចក្ដីសុខចម្រើន ទាំងផ្នែកទ្រព្យសម្បត្តិ ទាំងផ្នែកគំនិតប្រាជ្ញាស្មារតី គេស្ទាត់ជំនាញនៅក្នុងកិច្ចការណា គេនឹងជួយពន្យល់មិត្តក្នុងកិច្ចការនោះមិនខាន។ ប្រសិនមានមិត្តអាក្រក់ប្រៀបដូចជាមានលាមក ខណៈមានមិត្តល្អប្រៀបបីដូចជាមានកម្រងផ្កាមានក្លិនក្រអូប អ៊ីចឹងតើយើងគួរជ្រើសយកលាមក ឬក៏ផ្កា?
ទី ៤ គឺការចេះចាយវាយទ្រព្យសម្បត្តិឲ្យសមទៅតាមឋានៈរបស់ខ្លួន បានសេចក្ដីថា ការចាយវាយមិនឲ្យ លើសចំនួនទ្រព្យដែលមានបើរកបានតិចចាយតាមតិច បើរកបានច្រើនកុំភ្លើតភ្លើនចាយទាល់តែអស់ ត្រូវវៀរចាកការចំណាយណាដែលគ្មានការចាំបាច់ ឬគ្មានប្រយោជន៍ ត្រូវតែសំចៃទុកខ្លះសម្រាប់ពេលណាដែលខ្លួនរកទ្រព្យមិនបាន ឬមានគ្រោះថ្នាក់ផ្សេងៗមានជំងឺតម្កាត់ជាដើមផងដែរ»។
ចំណែកឯលក្ខណៈនៃអ្នកធ្វើជំនួញមាន ៣ យ៉ាងដែរដោយព្រះសម្មាសម្ពុទ្ធសម្តែងថា៖ «មួយហៅថា បញ្ញាចក្ខុ គឺជាអ្នកមានបញ្ញាឆ្លាតនៅក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឲ្យចំណេញស្គាល់កាលរដូវនៃមុខរបរនីមួយៗ ឬស្គាល់ទីផ្សារសម្រាប់លក់ថាកន្លែងណាលក់បានថ្លៃ ឬកន្លែងណាលក់បានថោក និងស្គាល់សេចក្ដីត្រូវការរបស់មនុស្ស។ ពីរគឺ វីរិយារម្ភៈ សំដៅសេចក្ដីព្យាយាម គឺការខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ គឺមិនខ្ជិលច្រអូសមិនឲ្យហួសពេលវេលានៃមុខរបរ និងសេចក្ដីត្រូវការរបស់អ្នកទិញ។
ជាចុងក្រោយសនាថោ គឺអ្នកមានទីពឹង មានការប៉ិនប្រសប់ទាក់ទងមនុស្ស តែងតែមានគេរាប់អាន ចេះធ្វើខ្លួនឲ្យគេរាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ»៕
No comments:
Post a Comment