សេដ្ឋកិច្ចសម្មាមគ្គ៖ អាហារជាមូលដ្ឋានសេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ ក្នុងគុណតម្លៃព្រះពុទ្ធសាសនា
ប្រទេសអ៊ីស្តូនី សហភាពអឺរ៉ុប៖ នាពេលព្រឹកព្រហាមមួយ ខ្ញុំករុណា-អាត្មាភាពបានចេញទៅបំពេញកិច្ចការផ្ទាល់ខ្លួននៅខាងក្រៅកុដិដែលស្នាក់នៅដើម្បីសិក្សា។ ខណៈពេលដែលកំពុងឈរចាំឡានក្រុងជាមួយនឹងមនុស្សដទៃផ្សេងទៀតនោះ មានស្រ្ដីវ័យចំណាស់ជនជាតិអ៊ីស្តូនីមួយរូបបានដើរសំដៅមករក នៅក្នុងទឹកមុខញញឹមញញែមប្រកបដោយភាពជឿជាក់។ គាត់មិនបាននិយាយអ្វីទាំងអស់ក្រៅពីលូកដៃចូលទៅក្នុងកាបូបរបស់គាត់ ហើយទាញយកនំមួយដុំមកប្រគេនដោយទឹកមុខរីករាយ ហាក់ដូចជាគាត់បានស្គាល់ ច្បាស់ថាជានរណា ទាំងដែលខ្ញុំករុណា-អាត្មាភាពខ្លួនឯង ស្ទើរតែភ្លេចថាខ្លួនគឺជានរណាទៅហើយ។ នំមួយដុំនេះ មិនត្រឹមតែបានជួយឱ្យបាត់ឃ្លានមួយព្រឹកនោះទេ ប៉ុន្តែវាក៏បានខ្សឹបដាក់ត្រចៀកថា៖ «ពិសិទ្ធិ អ្នកឯងជាភិក្ខុក្នុងពុទ្ធសាសនា ទោះបីជាអ្នកទៅដល់ទីណាក៏ដោយ អ្នកនៅតែជាមនុស្សជំពាក់គុណបាយបាត្រនិងវត្តអារាមជានិច្ច»។សេដ្ឋកិច្ចសម្មាមគ្គថ្ងៃនេះ ខ្ញុំករុណា-អាត្មាភាព សូមអធិប្បាយដោយសង្ខេបអំពីសារៈសំខាន់នៃអាហារ ឬ សេដ្ឋកិច្ចមូលដ្ឋានបែបពុទ្ធសាសនា ដូចតទៅ។
ក្រៅពីសង្គមពុទ្ធសាសនា កម្រឃើញសង្គមសាសនាណាមានវប្បធម៌បិណ្ឌបាតណាស់ ព្រោះគេគិតថាការដើរយកអាហារពីផ្ទះមួយទៅផ្ទះមួយដូចជាស្នូមបែបនេះ មិនមែនជារឿងដែលមនុស្សថ្លៃថ្នូរគួរធ្វើទេ មានតែមនុស្សអត់ឃ្លាន មនុស្សខ្ចិលគ្មានលទ្ធភាពចិញ្ចឹមជីវិតខ្លួនឯងប៉ុណ្ណោះទើបគេធ្វើ។ ព្រះពុទ្ធ គឺជាមនុស្សក្នុងឋានៈជាព្រះពុទ្ធដំបូងគេ ដែលត្រូវបានព្រះបាទសុទ្ធោទនៈដែលជាបិតាព្រះអង្គផ្ទាល់ ស្ដីបន្ទោសឱ្យលើការនិមន្តបិណ្ឌបាតនេះថា៖ «ហេតុអ្វីបានជាលោកកូនធ្វើឱ្យបិតាអាម៉ាសមុខបែបនេះ?…តើលោកកូនគិតថាបិតាគ្មានលទ្ធភាពប្រគេនចង្ហាន់ឱ្យលោកកូនឆាន់ឬ?…តាំងតែពីដើមមក គ្មានរណាម្នាក់ក្នុងរាជវង្សយើង ដើរសុំអាហារគេតាមផ្លូវបែបនេះទេ!»។ ព្រះពុទ្ធក៏បានពន្យល់ពីសុចរិតភាពដែលកើតចេញពីដុំបាយ ដែលព្រះអង្គបានទទួលពីអ្នកស្រុកដល់បិតាព្រះអង្គ។
អាហារគឺជាចំណុចសំខាន់មួយនៃការរស់នៅ (សព្វេ សត្តា អាហារតិដ្ឋិកា) ឬអាចនិយាយបានថាជាចំណុចចាប់ផ្ដើមនៃសេដ្ឋកិច្ចប្រចាំថ្ងៃរបស់មនុស្ស។ ដូច្នេះហើយបានជានិស្ស័យ ដែលអ្នកបួសគួរតែបណ្ដុះនៅក្នុងវត្តប្រតិបត្តិរបស់ខ្លួនមុនគេនោះគឺការត្រាច់ចរបិណ្ឌបាត។ ព្រះពុទ្ធមិនបានសំឡឹងឃើញការត្រាច់ចរបិណ្ឌបាតនេះថាត្រឹមតែជាការដើរទទួលអាហារពីអ្នកស្រុកតែម្យ៉ាងនោះទេ ប៉ុន្តែវាជាការបង្កើតនូវសង្គមមួយដែលបង្ហាញពីទំនាក់ទំនងនៃជីវិតដែលរស់អាស្រ័យគ្នាទៅវិញទៅមក។ ដុំបាយរបស់អ្នកស្រុកបានប្រាប់ព្រះពុទ្ធនិងអ្នកបួសដែលមកពីត្រូកូលស្ដេច ត្រកូលព្រាហ្មណ៍មហាសាល សេដ្ឋី អ្នកមាន អ្នកក្រ ។ល។ ថា៖ ទោះបីជាអ្នកមកពីត្រកូលណាក៏ដោយ ដរាបណាអ្នកបរិភោគដុំបាយនេះ អ្នកគឺជាមនុស្សដែលគ្មានឋានៈ គ្មានវណ្ណៈ អ្វីទាំងអស់នៅក្នុងសង្គមនេះ។ បាយបាត្រមិនត្រឹមតែធ្វើឱ្យអ្នកបរិភោគបាត់ឃ្លានតែម្យ៉ាងនោះទេ ប៉ុន្តែវាក៏ធ្វើឱ្យអ្នកបរិភោគនោះកាត់បន្ថយនូវអំនួតមានៈដែលកើតចេញពីវង្សត្រកូល សម្រស់ មុខមាត់ រូបរាង ចំណេះដឹង សញ្ញាបត្រ តំណែង ការងារ ។ល។ ផងដែរ ដោយហេតុថា ទោះជាមនុស្សនោះមកពីប្រភពណាក៏ដោយ សុទ្ធតែត្រូវការអាហារដើម្បីរស់ដូចគ្នា។ អាហារជាមូលដ្ឋានជីវិត!
ព្រះពុទ្ធបានប្រែខ្លួនពីរាជទាយាទនៃនគរមួយ ដែលរាស្រ្ដមិនហ៊ានសូម្បីតែងើយមើលព្រះភក្រ្តព្រះអង្គចំ មកត្រឹមតែជាអ្នកបួសធម្មតា ដើរកាន់បាត្រ ទទួលអាហារពីអ្នកស្រុកទូទៅ ដែលយើងអាចនិយាយបានថាជារឿងដ៏កម្របំផុតនៅក្នុងប្រវត្តិនៃមនុស្សជាតិ។ ការធ្វើបែបនេះ បានធ្វើឱ្យព្រះអង្គបានជួបសន្ទនាជាមួយមនុស្សគ្រប់ប្រភេទទាំងអស់មិនថាអ្នកមាន អ្នកក្រ ឃាតករ ចោរ ស្ដេច ឬមន្ត្រីនោះទេ ក្នុងរយៈពេល ៤៥ ឆ្នាំនៃការបំពេញបេសកកម្មរបស់ព្រះអង្គ។ ព្រះអង្គបានបង្កើតសង្គមមួយដែលមនុស្សរស់នៅជាមួយនឹងទំនុកចិត្ត ការដឹងគុណ ការចេះគ្រប់គ្រាន់ ការចេះចែករំលែក ការចេះជួយយកអាសារគ្នាដោយការពេញចិត្ត ទោះបី ជាមនុស្សនោះមិនដែលស្គាល់គ្នាពីមុនមកក៏ដោយ។
ទំនុកចិត្តដែលព្រះពុទ្ធបានបង្កើតជាមួយនឹងអ្នកស្រុករយៈពេល៤៥ឆ្នាំនោះ បានធ្វើឱ្យសង្គមសង្ឃអាចរស់នៅបានអស់រយៈពេលជាង ២៦០០ ឆ្នាំ ដោយភាពសុខស្ងប់។ ទំនុកចិត្តនេះ មិនមែនកើតឡើងដោយសារតែព្រះអង្គជាមនុស្សមានអំណាច ជាកូនស្ដេច ឬជាសេដ្ឋីមានទ្រព្យសម្បត្តិអ្វីនោះទេ ប៉ុន្តែវាកើតឡើងដោយគំនិតថា៖ ព្រះពុទ្ធនឹងមិនយកអាហារដែលពួកគេបានថ្វាយនោះ ទៅសោយគ្រាន់តែដើម្បីភាពសប្បាយ ដើម្បីបង្កើនបុរិសមានៈ អ្វីនោះទេ គឺព្រះពុទ្ធសោយអាហារនោះ ដើម្បីញុំាងអត្តភាពព្រះអង្គឱ្យដំណើរការទៅមុខ ហើយនឹងធ្វើរឿងមានប្រយោជន៍ដល់មនុស្សជាតិបន្តទៀត។
ជំនឿចិត្តបែបនេះត្រូវបានថែរក្សាយ៉ាងល្អ តាមរយៈការប្រព្រឹត្ត និងសកម្មភាពផ្សេងៗរបស់ព្រះសង្ឃជាបន្តបន្ទាប់។ បុរាណតែងពោលថា៖ ដំណើរនៃហ្វូងសត្វភូមរជាតិ គឺពពួកឃ្មុំជាដើមនេះ ដែលត្រាច់ចរទៅត្រឹបត្រងលំអងកេសរផ្កា ដោយមិនបណ្ដាលឱ្យអន្តរាយនូវស្រទាប់ផ្កាយ៉ាងណាមិញ ការត្រាច់ចរបិណ្ឌបាតរបស់ព្រះសង្ឃក៏មិនបានធ្វើឱ្យអន្តរាយដល់ការរស់នៅរបស់អ្នកស្រុកក៏យ៉ាងដូច្នោះដែរ។ ប៉ុន្តែម្ដងម្កាល ទំនុកចិត្តនេះក៏ត្រូវបានបំផ្លាញដោយជនខិលខូចមួយចំនួនដែរតាមរូបភាពផ្សេងៗ ដោយការប្រើប្រាស់ស្បង់ចីវរបាំងមុខ។ ការត្រាច់ចរបិណ្ឌបាតនេះ ក៏អាចនិយាយបានថាជាការនាំសារពីព្រះពុទ្ធ ទៅក្រើនរំលឹកអ្នកស្រុកឱ្យចិញ្ចឹមជីវិតប្រកបដោយដោយធម៌ និងចៀសវាងការកេងប្រវ័ញ្ចគ្នាជាដើម។
បាយបាត្ររបស់អ្នកស្រុកបានចិញ្ចឹមព្រះសង្ឃ កូនសិស្ស និស្សិតក្មេងវត្ត និងជនកម្សត់ទុគ៌ត ដែលស្នាក់អាស្រ័យនៅតាមវត្តអារាមរាប់សិបម៉ឺននាក់ ឱ្យរស់រានមានជីវិត មានឱកាសបន្តការសិក្សា អភិវឌ្ឍសមត្ថភាពខ្លួនពីជនធម្មតាទៅជាបញ្ញវន្ត និស្សតិ បណ្ឌិត សាស្រ្ដាចារ្យ មន្ត្រីរាជការ ឯកឧត្តម ឧកញ្ញ៉ា រហូតដល់នាយករដ្ឋមន្រ្តីជាដើម។ យើងអាចនិយាយបានថា បាយបាត្រនេះបានជួយរដ្ឋាភិបាលក្នុងការកាត់បន្ថយជម្ងឺគឺការស្រេកឃ្លានរបស់ពលរដ្ឋមួយផ្នែកធំផងដែរក្នុងមួយថ្ងៃៗ។ មិនត្រឹមតែជួយមនុស្សទេ បាយបាត្រនេះក៏ជួយសង្រ្គោះជីវិតសត្វរាប់សែនក្បាល ដែលត្រូវបានគេចាត់ទុកថាជាសត្វចង្រៃ មិនអាចចិញ្ចឹមនៅផ្ទះបាន ហើយបានយកមកបោះបង់ចោលនៅក្នុងវត្តអារាមជាដើម។
ទាំងក្នុងពេលទទួលអាហារ ពេលមុនឆាន់ ពេលឆាន់ និងពេលឆាន់រួច ព្រះសង្ឃតែងតែទន្ទេញក្នុងចិត្តជានិច្ចថា៖ ម្ហូបអាហារដែលអាត្មាអញទទួលបានពីអ្នកស្រុកនេះ គឺគ្រាន់តែធាតុមួយជួយទ្រទ្រង់ជីវិតិន្ទ្រិយ៍នេះ ឱ្យមានដំណើរការទៅមុខ ដើម្បីប្រព្រឹត្តធម៌និងធ្វើរឿងជាប្រយោជន៍ដល់មនុស្សជាតិបន្តទៅមុខទៀតប៉ុណ្ណោះ មិនមែនដើម្បីបំប៉នរាងកាយនិងសាច់ដុំដូចអ្នកកីឡា ឬបង្កើនសម្រស់ដូចគ្រហស្ថទាំងឡាយនោះទេ។ ការពិចារណាបែបនេះ បានធ្វើឱ្យព្រះសង្ឃចៀសផុតពីការវង្វេងជាមួយលាភសក្ការៈ សម្ភារៈនិយម និងចៀសផុតពីអំនួតផ្សេងៗដែលកើតចេញពីឋានៈ តួនាទី តំណែង រូបរាង និងចំណេះដឹងផងដែរ។
ខ្ញុំករុណា-អាត្មាភាពបានឃើញថា ការរស់នៅក្នុងសង្គមមួយដែលភាពជោគជ័យផ្នែកជំនួញនិងហិរញ្ញវត្ថុរបស់លោក Bill Gates, Jeff Bezos, Mark Zuckerberg, Warren Buffett, Tim Cook, Jack Ma, Donald Trump, ។ល។ កំពុងតែគ្របដណ្ដប់ និងស្រូបទាញយកដូងព្រលឹងមនុស្សទូទៅ តាមរយៈបណ្ដាញសង្គម រូបភាព វីឌីអូ សំណេរ និងសៀវភៅជាច្រើន ដែលកំពុងចរាចរនៅក្នុងសង្គមយើង។ ការរៀបរាប់ពីឥទ្ធិពលនិងភាពទំនើបនិយមនៃបុគ្គលទាំងនោះ វាងាយណាស់ក្នុងការធ្វើឱ្យយើងបាត់បង់នូវដួងព្រលឹងខ្លួនឯង ឬភ្លេចខ្លួនយើងថាជានរណាពិតប្រាកដ។ វាមិនមានអ្វីចម្លែកក្នុងចិត្តទេ ពេលឃើញសង្គមខាងក្រៅត្រូវបានគ្របដណ្ដប់ដោយឥទ្ធិពលរបស់បុគ្គលទាំងនោះ ប៉ុន្តែអ្វីដែលគួរបារម្ភនោះ គឺខ្លាចថាថ្ងៃណាមួយដែល សង្គមសង្ឃ នឹងត្រូវបានគ្របដណ្ដប់ដោយឥទ្ធិពលបែបនេះដែរ ព្រោះថាម្ដងម្កាលឥទ្ធិពលបែបនេះ ក៏បានធ្វើឱ្យខ្ញុំករុណា-អាត្មាភាព ភ្លេចខ្លួនថាជានរណាផងរួចមកហើយដែរ។ បើសូម្បីតែសង្គមសង្ឃក៏ត្រូវបានគ្របដណ្ដប់ដោយឥទ្ធិពលបែបនេះដែរនោះ ថ្ងៃខាងមុខ យើងនឹងលែងមាននរណាអាចមកដាស់តឿនបរិស័ទយើងបានទៀតហើយ។
សង្ឃឹមថា «បាយបាត្រ» ដែលយើងធ្លាប់បានបរិភោគថ្ងៃមុន កំពុងតែបរិភោគថ្ងៃនេះ ឬនឹងបរិភោគនៅថ្ងៃស្អែក នឹងមកខ្សឹបប្រាប់ក្រុមព្រះសង្ឃយើងថា៖ យើងគឺជានរណាពិតប្រាកដ ឱ្យដូចជាសម្លេងដែលចេញពីនំមួយដុំរបស់ស្រ្ដីអ៊ីស្តូនីខាងលើ ដែលបានមកខ្សឹបដាក់ត្រចៀកខ្ញុំករុណា-អាត្មាភាព ផងដែរចុះ។
សូមអរព្រះគុណនិងអរគុណ!
សាន ពិសិទ្ធិ
TalTech-Tallinn University of Technology, Estonia, EU
ថ្ងៃអាទិត្យ ៩ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ត្រូវនឹងថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២១
Website
សេដ្ឋកិច្ចសម្មាមគ្គ៖ អាហារជាមូលដ្ឋានសេដ្ឋកិច្ច
ចែករំលែកចំណេះដឹង
Tags
#Business Buddhism
ចែករំលែកទីនេះ
About Buddha Dhamma Monk
Business Buddhism
Tags:
Business Buddhism
Subscribe to:
Post Comments (Atom)
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment