ការធ្វេសប្រហែសប្រមាទក្នុងកិច្ចការងារគឺជាហេតុដែលនាំឱ្យមិនអាចសម្រេចគោលបំណងបានទោះបីជាការងារនោះតូចក្តីធំក្តី។
មូលហេតុនៃការការប្រមាទ
ការមើលស្រាលការងារ ឬខ្ជិលក្នុងការងារដោយអាងលេសដូចខាងក្រោម៖
១. ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថាព្រឹកពេក។
២. ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថាថ្ងៃពេក។
៣. ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថាល្ងាចពេក។
៤. ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថាយប់ពេក។
៥. ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថាទើបនឹងមកពីហត់។
៦. ខ្ជិលរៀន ខ្ជិលធ្វើការងារ ដោយអាងថាទើបងើបពីឈឺ។
អាការៈទាំងនេះជាលក្ខណៈមនុស្សខ្ជិលដែលជាមារយាទអន់ថយមិនអាចក្លាយជាមនុស្សខ្ពង់ខ្ពស់បានទេ។ ដើម្បីការសិក្សាបានដល់ទីបំផុតនិងមានអនាគតភ្លឺស្វាងម្នាក់ៗត្រូវព្យាយាមរៀនសូត្រគ្រប់មុខវិជ្ជាដោយយកចិត្តទុកដាក់បំផុត។
ប្រភេទនៃការប្រមាទមានដូចជា
១. ប្រមាទក្នុងពេលវេលា គឺបណ្តែតបណ្តោយឱ្យពេលវេលាកន្លងទៅដោយឥតប្រយោជន៍មិនប្រឹងប្រែងរៀនសូត្ររកស៊ី រវល់តែមើលទូរទស្សន៍ច្រើនពេកដើរលេងច្រើនពេក។
២. ប្រមាទក្នុងវ័យ គឺស្រវឹងក្នុងវ័យកម្លោះក្រមុំ ដើរលេង សប្បាយហ៊ឺហាមិនគិតដល់សីលធម៌ សុជីវធម៌ឬរក្សាខ្លួនឱ្យបានល្អទេបណ្តែតបណ្តោយភ្លើតភ្លើនស៊ីវីល័យទៅតាមសង្គមអូសទាញ។
៣. ប្រមាទក្នុងការងារ គឺខ្ជិលមិនចង់ធ្វើខ្ជិលរៀបចំកន្លែងដេកខ្ជិលបោកគក់ខោអាវខ្ជិលបោសសម្អាតខ្ជិលធ្វើការងារផ្ទះរហូតដល់ខ្ជិល រកស៊ីដើរប៉ោឡែ ធ្វើចោរជាដើម។
៤. ប្រមាទក្នុងការសិក្សា គឺខ្ជិលមើលមេរៀនខ្ជិលស្តាប់គ្រូពន្យល់ខ្ជិលសាកសួរ ខ្ជិលកត់ត្រា។លទ្ធផលនៃការខ្ជិលគឺល្ងង់។
៥.ប្រមាទក្នុងការបដិបត្តិធម៌ គឺមានគំនិតថា ធម៌អាថ៌សីលទាន សម្រាប់តែមនុស្សចាស់ព្រឹទ្ធាចារ្យចំណែកឯខ្លួនឯងនៅក្មេងកុំអាលទាន់ធ្វើ។
ព្រះពុទ្ធទ្រង់បានសម្តែងបច្ឆឹមពុទ្ធវចនៈ(បណ្តាំចុងក្រោយថា)៖
“អប្បមាទេនសម្បាទេថ" អ្នកទាំងឡាយចូរញ៉ាំប្រយោជន៍ទាំងពួងឱ្យសម្រេចដោយសេចក្តីមិនប្រមាទចុះ"មានន័យថាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធរយៈពេល៤៥ព្រះវស្សាប្រមូលសរុបយ៉ាងខ្លីបំផុតគឺការមិនប្រមាទក្នុងកិច្ចការងារគ្រប់យ៉ាង។
ប្រភព៖មង្គលជីវិត រៀបរៀងដោយភិក្ខុវជិរប្បញ្ញោគូ សុភាព
No comments:
Post a Comment