រឿងរ៉ាវទាំងនេះ លោក ជីវ តាក់គង់(1) បាននិពន្ធឡើងក្នុងសម័យរាជសន្តតិវង្ស ងន់(2) គឺនៅស្រុកវ៉េងតា(3) ហើយក្រោយមកលោក ហ្កូវ គង់ បានកែសម្រួលក្នុងរវាងរាជសន្តតិវង្ស ម៉េង(4) ក្នុងស្រុកសេងអាន(5)។ សេចក្ដីអធិប្បាយទាំងស្រុងមានដូចតទៅ ៖
ចេនឡា ឬចាមឡា អ្នកប្រទេសនេះហៅខ្លួនឯងថា «កាន់ផៃចី» តាមកំណត់ខ្លះរបស់ពួកបស្ចិម
ប្រទេស បានហៅថា កាំពូចី ដែលមានសំលេងស្រដៀងនឹង «កាំពួចេ» ដែរ។ខ្ញុំចាប់ធ្វើដំណើរចេញ ពីស្រុកអ៊ូជីវ (ខេត្តជាក់កាង) តាមផ្លូវទឹក តាមទន្លេស្រុកម៉ាំងគូយ និងគង់តុង កាត់សមុទ្រ «ឈិតជីវ» ទៅដល់សមុទ្រ «កាវជីវ» ក៏បានទៅដល់ទីក្រុង «ចាម» បន្តដំណើរបណ្ដោយខ្យល់ចេញពីក្រុងចាមទៅអស់រយៈពេលកន្លះខែទៀត ក៏បានទៅដល់ស្រុក ចេងផូវ (ជម្ពូ?) ដែលជាព្រំដែននៃប្រទេសនេះ។ លុះចេញពី ចេង ផូវ ទៅ ទៀតឆ្លងសមុទ្រឃុនលុន ក៏ទៅដល់មាត់ពាម គឺបែកចេញពីមាត់សមុទ្រទៅជាដៃទន្លេច្រើនច្រកណាស់។ ក្នុងបណ្ដាច្រកទាំងនោះ មានតែច្រកទី៤ទេ ទើបអាចចូលទៅបាន ក្រៅពីនេះគេដឹងថា មានទឹករាក់ណាស់នាវាធំៗមិនអាចធ្វើដំណើរបានឡើយ។ ត្រង់ពាមជាមាត់ច្រកនោះ ឃើញមានព្រៃស៊ុបទ្រុប ហើយក្រៅពីនេះមានវាលខ្សាច់ពណ៌លឿង និងមានដើមបបូស និងអំពៅព្រៃ ដុះបែកផ្កាសសំព្រូស ម៉្លោះហើយអ្នកដំណើរពិបាកចំណាំផ្លូវរកច្រកចូលទៅណាស់។
ចូលផុតពីមាត់ពាម ធ្វើដំណើរតាមដងទន្លេឆ្ពោះទៅទិសខាងជើងអស់រយៈដំណើរប្រមាណកន្លះ ខែទៀត ទើបបានទៅដល់ស្រុកមួយឈ្មោះ ឆេណាំ (ឆ្នាំង?) ដែលជាខេត្តមួយនៃប្រទេសនេះ។ លុះធ្វើដំណើរពី ឆេណាំ បណ្ដោយតាមទឹកហូរទៅជើងអស់រយៈ១០ថ្ងៃទៀត កាត់ភូមិពូឡូវឈឹង (ប្រែថាភូមិកណ្ដាលផ្លូវ) ហ៊ុតឈឹង (ភូមិព្រះពុទ្ធ)(6) ឆ្លងកាត់សមុទ្រទឹកសាប (ទន្លេសាប)(7) ទៅទៀត ទើបបានដល់ទីក្រុងកាងពាងឈូ (កំពែងជួរ?)។ ក្រុងនេះមានទំហំ ៥០ លី (១ លីប្រវែង ១.៨០០ ហត្ថ) បើតាមសៀវភៅពួកបស្ចិមប្រទេសសរសេរថា ប្រទេសនេះ មានទំហំដី ៧.០០០ លី និងមានព្រំប្រទល់ខាងជើងទល់នឹងក្រុងចម៉្បា គឺត្រូវធ្វើដំណើរអស់ពេលកន្លះខែ ខាងនិរតីនៅឃ្លាតពីស្រុកសៀមចំងាយផ្លូវកន្លះខែដែរ នៅខាងត្បូងឃ្លាតពីទីក្រុង «ហួងអ៊ូ» ចំងាយ ផ្លូវ១០ថ្ងៃ ឯខាងកើតប្រទេសគឺមហាសមុទ្រ ហើយដែលជាប្រទេសមួយធ្លាប់ទាក់ទង ខាងសេដ្ឋកិច្ចជាមួយស្រុកយើងតាំងពីដើមរៀងមកផង។
នៅគ្រាដែលប្រទេសចិន (ក្នុងរាជ្យសន្តតិវង្សម៉ុងហ្គោល) បានត្រួតត្រាលើមហាសមុទ្រក្នុងទ្វីបលោកហើយ លោកចមពល (មេទ័ពធំ) ឈ្មោះ ជុន តូវ ដែលនៅឈរប្រចាំការត្រួតត្រាទីក្រុងចាម បានចាត់មន្ត្រី២នាក់ គឺលោក ហ៊ូ ប៉េកហូវ អ្នកមានប៉ានមាស១ និងលោក ឆាយ ហូវ អោយទៅកាន់ប្រទេសចេនឡា តែត្រូវប្រទេសនេះចាប់ឃុំទុកមិនអោយមកវិញ។ លុះមកដល់រជ្ជកាលស្ដេច ងន់ ចេង (គ.ស ១២៩២) ខែទី៦ ព្រះរាជាអង្គនេះ ទ្រង់ចាត់បេសកកម្មទូតមួយមកប្រទេសចេនឡា ហើយពេលនោះខ្លួនខ្ញុំក៏ត្រូវចាត់មកជាមួយដែរ។ គឺនៅក្នុងខែទី២ នៃឆ្នាំបន្ទាប់មក យើងបានចាកចេញពីស្រុក ម៉េងជីវ នោះមកទៀត។ លុះថ្ងៃ១៥ ខែទី៣ ទើបមកដល់ទីក្រុងចាម។ នៅកណ្ដាលផ្លូវ ជួបនឹងខ្យល់បក់បញ្ច្រាសពីមុខមកវិញ ដែលជាហេតុនាំអោយមានការរអាក់រអួលក្នុងដំណើរ។ ដល់មកខែ៧ដែលជាសរទរដូវទើបបានមកដល់ប្រទេសនេះ ព្រមចំណុះចុះចូលទៅ (8)។
លុះដល់មករជ្ជកាលស្ដេច តាយ តេក (គ.ស ១២៩៧) ខែទី៦ ខ្ញុំជិះនាវាត្រឡប់មកវិញ ហើយដល់ថ្ងៃ១២ ខែ៨ ទើបនាវាចូលចតដល់កំពង់ផែស្រុកស៊ីម៉េង។ ចំពោះរឿងប្រពៃណី និងកិច្ចការនៃប្រទេសចេនឡានេះ ខ្ញុំមិនបានដឹងល្អិតល្អន់អស់សេចក្ដីសព្វគ្រប់មែន តែខ្ញុំបានដឹងដោយត្រួសៗ អាចនឹងជម្រាបជូនបានដែរ។
១. បរិវេណនៃទីក្រុង
បរិវេណនៃទីក្រុងនេះ មានទំហំ ២០ លី មានទ្វារ៥។ ទ្វារទាំងនោះសុទ្ធតែសាងកម្រាស់ជា២ជាន់ក្នុងក្រៅ គឺនៅទិសខាងកើតមានទ្វារ២។ ក្រៅពីនេះ ក្នុងមួយទិសមានទ្វារតែមួយទេ។ នៅក្រៅកំពែងក្រុង សុទ្ធតែមានប្រឡាយទឹកធំៗ ពីក្រៅប្រឡាយនោះ មានផ្លូវដើរទៅកាន់ស្ពានធំៗ ហើយនៅសងខាងស្ពាននីមួយៗ មានទេវរូបថ្ម៥៤ ដូចជារូបមេទ័ពថ្មដ៏ធំៗដូច្នេះដែរ។ រូបទាំងនោះដូចៗគ្នានៅតាមច្រកទាំង៥។ បង្កាន់ដៃស្ពានទាំងនេះ គេធ្វើអំពីថ្មហើយមានឆ្លាក់ជារូបពស់ដ៏ធំ (9) ដែលមានក្បាល៩ ឯរូបថ្មទាំង៥៤នោះ សុទ្ធតែយកដៃចាប់ទាញពស់នេះឯងហាក់ដូចជាមិនចង់អោយស្ទុះទៅ រួច។ នៅខាងលើខ្លោងទ្វារមានពុទ្ធរូបថ្ម៥អង្គ បែរភ័ក្ត្រទៅទិសខាងលិច ហើយមួយអង្គដែលស្ថិតនៅចំកន្ដាលគេ មានទឹកមាសល្អស្រស់ផង។ នៅសងខាងទ្វារមានឆ្លាក់រូបដំរីថ្មទៀត។
កំពែងទីក្រុង គេធ្វើពីថ្មទាំងអស់ មានកំពស់ ២០ ហត្ថ តម្រៀបថ្មយ៉ាងជិតហើយមាំណាស់។ នៅពីលើគ្មានស្មៅដុះឡើយ តែនៅចន្លោះមួយដុំៗមានដាំដើមជ្រៃ។ ឯផ្ទៃក្នុងនៃកំពែង ដែលមានចន្លោះពីគ្នាដល់ទៅជាង ១០០ ហត្ថនោះ ស្ថិតនៅជាដីជម្រាលបីដូចជម្រាលនៃភ្នំ រលីងស្អាតណាស់។ លើកំពែងដែលមានផ្ទៃជាដីជម្រាលនោះ មានទ្វារធំៗដែលបិទជិតនៅពេលយប់ ហើយបើកចំហនៅពេលថ្ងៃតាំងពីព្រលឹម និងមានអ្នកយាមប្រចាំការជានិច្ច។ សត្វឆ្កែ គេមិនអោយចូលក្នុងទ្វារនេះទេ។ ជនណាដែលធ្លាប់មានទោសត្រូវគេកាត់ម្រាមជើង ក៏មិនអោយចូលដែរ។ កំពែងព័ទ្ធជុំវិញនោះ មានជ្រុងជ្រោយល្អណាស់ ហើយនៅត្រង់ជ្រុងនីមួយៗសឹងមានប្រាង្គថ្មមួយខ្ពស់នៅប្រចាំគ្រប់ ជ្រុង។
នៅកណ្ដាលទី ក្រុងនេះ មានប្រាសាទមាសមួយ(A) និងនៅជិតខាងនេះមានប្រាង្គប្រសាទជាង២០ទៀត ព្រមទាំងមានបន្ទប់ថ្មចំនួនច្រើនរយបន្ទប់ផង។ នៅប៉ែកខាងកើតមានស្ពានមាសមួយ មានរូបតោមាស២ស្ថិតនៅអមខាងឆ្វេង និងខាងស្ដាំស្ពានមាស។ មានព្រះពុទ្ធរូបមាស៨អង្គ តម្កល់នៅតម្រៀបគ្នាចំពីក្រោមប្រាង្គសិលា។ នៅខាងជើងប្រាសាទមាសចំងាយប្រមាណជាងមួយលី មានប្រាសាទស្ពាន់មួយទៀតដែលមានកំពស់ខ្ពស់ជាងប្រាសាទមាស គួរអោយគយគន់ណាស់។ ចំពីក្រោមប្រាសាទស្ពាន់នេះ ឃើញមានបន្ទប់ថ្មប្រហែលជា១០ដែរ។ ចេញពីនេះទៅខាងជើងថែមមួយលីទៀត គឺជាព្រះរាជដំណាក់ដែលស្ដេចគង់នៅ។ នៅក្នុងល្វែងដែលជាព្រះដំណាក់នោះ មានប្រាង្គមាសមួយទៀត។ ទំនងជាដោយហេតុនេះហើយ ដែលពួកឈ្មួញបរទេសតែងដំណាលថា ប្រទេសចេនឡា ថ្កុំថ្កើងរុងរឿងណាស់។
ចេញពីកំពែងតាមទ្វារខាងត្បូងទៅចំងាយប្រមាណជា ជាងកន្លះលី តាមពាក្យចចាមអារាមគេនិយាយថាមានចេតិយ លូប៊ូន (B) សង់តែមួយយប់។ ផ្នូរសព ឬចេតិយ លូប៊ូន ស្ថិតនៅក្រៅកំពែងខាងត្បូងជាងកន្លះលី ហើយមានបរិវេណព័ទ្ធជុំវិញប្រមាណជាង១០លី និងមានបន្ទប់ថ្មជាច្រើនរយទៀតផង។ នៅស្រះខាងកើតកំពែងនគរប្រមាណចំងាយ១០លី មានប្រាសាទថ្មីមួយទៀត (C)ដ៏មានបរិវេណព័ទ្ធជុំវិញប្រវែង១០០ លី។ នៅក្នុងប្រាសាទនេះ មានព្រះពុទ្ធរូបមួយអង្គទ្រង់ផ្ទុំពីស្ពាន់ ហើយមានទឹកចេញជានិច្ចពីត្រង់ផ្ចិត ហូរធ្លាក់ទៅក្នុងស្រះធំមួយនៅពីខាងជើងប្រាសាទនេះ។ នៅទិសខាងជើងកំពែងនគរចំងាយប្រមាណ៥លី មានប្រាសាទមាសរាង៤ជ្រុង(D) (ទំនងជាប្រាសាទនាគព័ន្ធ) និងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះ គេឃើញមានព្រះពុទ្ធរូបមាស រូបសិង្ហមាស រូបដំរី រូបគោ រូបសេះ និងវត្ថុដទៃទៀតធ្វើពីស្ពាន់ ច្រើនឥតគណនា។
២. ដំណាក់ លំនៅឋាន
ព្រះដំណាក់ ផ្ទះនាម៉ឺនមន្ត្រី និងផ្ទះអ្នកមានទាំងអស់សុទ្ធតែបែរមុខទៅកើត។ ព្រះរាជដំណាក់ស្ថិតនៅខាងជើងប្រាសាទមាស និងស្ពានមាស ហើយនៅជិតមាត់ទ្វារដ៏មានបន្ទាយព័ទ្ធជុំវិញប្រវែង ៥ ឬ ៦ លី។ ក្បឿងប្រក់តួប្រាសាទកណ្ដាលធ្វើពីសំណរ ឯអគារផ្សេងទៀតសឹងប្រក់ក្បឿងធ្វើពីដីដុតពណ៌លឿង។ សសរ និងស៊ុមទ្វារសុទ្ធតែឆ្លាក់ ឬគូររចនារូបផ្សេងៗ តែភាគច្រើនគឺរូបព្រះពុទ្ធ។ ដំបូលទាំងនោះល្អមើលណាស់។ របៀងប្រាសាទ និងថែវយ៉ាងវែង អាចដើរបានជាផ្លូវខ្វាត់ខ្វែង ហើយដំបូលនោះក៏ខ្ពស់ៗសម្បើមណាស់។ ទីនេះជាកន្លែងព្រះរាជវាំងដែលស្ដេចទ្រង់ប្រកបកិច្ចការផែនដី មានបង្អួចមាសមួយនៅខាងស្ដាំ និងខាងឆ្វេងនៃកន្លែងស្ដេចគង់ប្រថាប់ មានសសរបួនជ្រុងតម្កល់កញ្ចក់តម្រៀបគ្នាប្រមាណជាសែសិប ឬហាសិបបន្ទះ ដាក់ដង្ហែតាមជ្រុងបង្អួចនេះ កំណល់ទ្រមានរូបរាងជាដំរី (ត្រង់នេះគឺបុស្បុកមួយ ដែលមានសសរបួន និងក្បាច់លម្អដោយកញ្ចក់ជើងទ្រធ្វើជារូបដំរី តែលោក ជីវ តាក្វាន់ សរសេរថាជាស៊ុមមួយ ព្រោះឃើញមានគែមក្របជុំវិញ)។
ខ្ញុំឮគេនិយាយថា ទីត្រង់នេះមានរបស់ប្លែកៗច្រើនណាស់ ប៉ុន្តែបម្រាមតឹងតែងពេក មិនអាចអនុញ្ញាតអោយចូលមើលបាន។ ក្នុងបណ្ដារឿងប្លែកទាំងនោះ មានការណ៍មួយថា នៅកណ្ដាលប្រាសាទ មានប្រាង្គមាសមួយ ហើយថារាល់យប់ ស្ដេចតែងឡើងទៅផ្ទុំលើប្រាង្គមាសនោះ។ អ្នកស្រុកគេមានជំនឿហើយនាំគ្នានិយាយថា នៅក្នុងប្រាង្គមាសនោះឯងមានបិសាចមួយ មានរូបជាពស់ ក្បាលប្រាំបួន (ពស់ក្បាលប្រាំបួននេះ គឺជានាគ ព្រោះនាគខ្មែរមានខ្លួនជាពស់ ឯនាគចិនមានជើង ក្បាលតូច ឥតពពារទេ)។ បិសាចនោះជាព្រះភូមិរក្សាព្រះនគរ។ រាល់យប់ បិសាចតែងតំណែងខ្លួនជាមនុស្សស្ត្រី ហើយស្ដេចត្រូវរួមផ្ដេកផ្ដិតនឹងនាងនេះ សូម្បីតែមហេសី ឬស្នំស្និទ្ធព្រះអង្គ ក៏មិនហ៊ានចូលទៅក្នុងទីនោះដែរ។ លុះដល់មជ្ឈិមយាម ទើបស្ដេចចេញមកពីនាងពស់នោះ មករួមរ័ក្សនឹងមហេសី ឬស្ត្រីស្នំដទៃទៀតបាន។ បើបាត់ពស់នោះមិននិម្មិតមកទេ នោះថាគ្រោះថ្នាក់នឹងមកដល់អាយុស្ដេច ហើយរឿងរ៉ាវអាក្រក់នឹងកើតឡើង។ បើស្ដេចមិនបានយាងចូលទៅទីនេះមួយយប់ណាហើយ ពេលនោះអពមង្គលនឹងពិតជាកើតឡើងភ្លាមមិនខានដែរ។
បន្ទាប់មក ដំណាក់ព្រះញាតិវង្ស ឬលំនៅនាម៉ឺន‑មន្ត្រីធំៗ សង់យ៉ាងធំទូលាយស្ដុកស្ដម្ភប្លែកពីផ្ទះអ្នកស្រុកសាមញ្ញ។ ផ្ទះទាំងនោះសុទ្ធតែប្រក់ស្លឹក មានតែផ្ទះអ្នកធំ និងវិហារទេដែលប្រក់ក្បឿង។ ហើយទំហំផ្ទះទាំងនោះត្រូវសង់ទៅតាមលំដាប់យសសក្តិនៃម្ចាស់ផ្ទះ ផង។ ចំណែកផ្ទះប្រជារាស្ត្រ វិញ សុទ្ធតែប្រក់ស្លឹក (ឬស្បូវ) គេមិនហ៊ានប្រក់ក្បឿងទេ ឯទំហំសោត សង់ទៅតាមធនធានខ្លួន តែមិនហ៊ានសង់អោយដូចលំនាំអ្នកធំឡើយ។
៣. សម្លៀកបំពាក់ និង គ្រឿងអលង្ការ
អ្នកស្រុកទាំងអស់ ចាប់តាំងពីស្ដេចចុះទៅ ទាំងស្រីទាំងប្រុសសុទ្ធតែបួងសក់ទាំងអស់ ហើយគេលែងខ្លួនទទេស្អាត មានតែសំពត់មួយផ្ទាំងតូចវ័ណ្ឌជុំវិញខ្លួន របៀបគេចងពុង ហើយបើត្រូវការចេញទៅណាមកណា គេយកកំណាត់មួយផ្ទាំងទៀតធំជាងមុន មករុំស្រោបថែមពីលើ។ ការស្លៀកពាក់នេះ មានលក្ខខណ្ឌទៅតាមឋានៈទៀត។ ព្រះពស្ត្ររបស់ស្ដេច មានតំលៃជាមាសបី ឬបួនតម្លឹង គឺល្អដាច់ពីសម្លៀកបំពាក់អ្នកផងទាំងពួង។ អ្នកស្រុកនេះ ចេះត្បាញសំពត់ប្រើហើយ តែមានប្រើសំពត់មកពីស្រុកសៀម និងចាមផងដែរ។ សំពត់ពិសេសមកពីបស្ចិមប្រទេសដែលមានសាច់ម៉ដ្ធល្អ មានតែស្ដេចទេដែលមានប្រើ គឺជាសំពត់ផ្កាសរសៃសូត្រឆ្មារ។ ស្ដេចពាក់មកុដមាស បើជួនកាលមិនពាក់មកុដទេ គឺពាក់កម្រងផ្កាដូចជាផ្កាម្លិះជាដើម ព័ទ្ធជុំវិញព្រះសិរ។ នៅលើកំពូលព្រះកេស មានស្នៀតសក់ដាំត្បូងពេជ្រយ៉ាងធំទៀតផង។ គ្រាន់តែគ្រឿងអលង្ការដែលពាក់នៅនឹងព្រះបាទ និងព្រះហស្ត មានទម្ងន់ដល់ទៅជាងបីនាឡិ។ នៅគ្រប់តែម្រាមមានពាក់ចិញ្ចៀនដែលមានដាំពេជ្រភ្នែកឆ្មា។ បាតព្រះហស្ត និងបាតព្រះបាទមានលាបពណ៌ក្រហម ហើយនៅពេលដែលទ្រង់យាងចេញមកម្ដងៗតែងកាន់ព្រះខ័នមាសមួយ ជានិច្ច។
ចំណែកប្រជារាស្ត្រ វិញ មានតែស្ត្រីភេទទេដែលអាចលាបថ្នាំក្រហមនៅបាតដៃបាតជើងបាន ឯប្រុសៗមិនហ៊ានលាបទេ។ ព្រះញាតិវង្ស និងមន្ត្រីធំអាចប្រើកំណាត់ផ្ការង្វើលៗបាន ឯមន្ត្រីធម្មតាប្រើបានតែត្រឹមផ្កាចុងជាយប៉ុណ្ណោះ ចំណែករាស្ត្រសាមញ្ញ បើស្រីៗអាចប្រើសំពត់ផ្កាបានខ្លះដែរ។ ជនជាតិចិនដែលទើបនឹងមកដល់ប្រទេស នេះថ្មីៗ ទោះបីប្រើសំពត់មានផ្កានៅជាយទាំងសងខាង ក៏គេមិនថាអីដែរ ព្រោះគេសន្មតថាជាពួកមិនទាន់ដឹងទំនៀម អ្នកស្រុកហៅថា ពួកង៉ានទីង ប៉ា ឆា (មិនដឹងភាសា?)។
៤. អំពីមន្ត្រី
ប្រទេសនេះមាន រដ្ឋមន្ត្រី មេទ័ព និងហោរា ហើយមន្ត្រីក្រោមពីនោះ មានច្រើនឋានៈទៀត ដូចជានៅប្រទេសចិនដែរ ប្លែកគ្នាតែឈ្មោះហៅ។ មន្ត្រីទាំងនេះភាគច្រើនជាពូជពង្សរបស់ស្ដេច បើមានអ្នកក្រៅចូលធ្វើជាមន្ត្រីផងទាល់តែអ្នកនោះយកកូនទៅថ្វាយ អោយធ្វើជាស្នំស្ដេច។ ការធ្វើដំណើរនៃមន្ត្រីទាំងនោះ គេសម្គាល់តាមគ្រឿងហែហមតាមឋានៈ។ អ្នកធំជាងគេអង្គុយលើគ្រែស្នែងមាស មានបាំងក្លស់ដងមាសបួន។ អ្នកបន្ទាប់មកទៀត គ្រែស្នែងមាសក្លស់ដងមាសពីរ ចុះមកទៀតមានគ្រែស្នែងមាសដែរ តែក្លស់ដងមាសមួយ។ អ្នកតូចមកទៀតគ្រែស្នែងប្រាក់ មានក្លស់ដងមាសមួយ។ អ្នកតូចបន្តមកចេះតែថយមកក្លស់ដងមាសតែមួយ រួចក្លស់ដងប្រាក់មួយ ឥតមានគ្រែស្នែង។
ចំពោះមន្ត្រីដែលត្រូវជិះគ្រែស្នែងប្រាក់ និងក្លស់ដងមាសមួយឡើងទៅ សុទ្ធតែហៅថា ប៉ាតេង (ម្រតេង) ឬ អាំតេង (អម្ដែង?)។ អ្នកដែលមានតែក្លស់ដងប្រាក់ ហៅថា «សីឡាត់ទី» (ស្រិស្ធិន?)។ ក្លស់នោះ គេយកសំពត់ជាតីសូត្រដែលធ្វើមកពីប្រទេសចិនពាស ហើយទម្លាក់ចុងរំភាយចុះសឹងដល់ដី។ ឯឆ័ត្រតាំងយូរ គេយកសំពត់សូត្រពណ៌ខៀវមកពាស ហើយទម្លាក់រំភាយខ្លីបន្តិចដែរ រួចយកប្រេងមកលាបយ៉ាងរលើបទៀតផង។
៥. អំពីលទ្ធិសាសនាបីបែប
អ្នក ចេះដឹង (ពួកព្រាហ្មណ៍?) គេហៅថា ប៉ានឃាប (តាមសេចក្ដីប្រែរបស់លោកប៉េលីយោតថា ប៉ាឃី ពាក្យនេះទំនងជាមកពីពាក្យបណ្ឌិត) លោកសង្ឃគេហៅថា ជូគូ (លោកសង្ឃខាងពុទ្ធសាសនា ប្រហែលមកពីពាក្យព្រះគ្រូ) ពួកតាបសគេហៅ ប៉ាស៊ីវ៉ី ( លោក ប៉េលីយោត ប្រែថា ប៉ាសិវ៉ៃ ប្រហែលមកពីពាក្យ បស្វ)។
ដែលហៅថា ប៉ានឃាប នេះមិនដឹងជារៀនពីកន្លែងណាទេ ខ្ញុំមិនដែលឃើញសាលា ឬទីកន្លែងរៀនសោះ ខ្ញុំឃើញតែរូបពួកនេះឯងដែលស្លៀកពាក់ដូចតែជនធម្មតាដែរ ប៉ុន្តែមានប្លែកត្រង់ពាក់អំបោះសវេញមួយខ្សែនៅក ហើយអំបោះនេះ ពាក់ជាប់នឹងកអស់មួយជីវិត។ គេតែងរើសយកពួក ប៉ានឃាប នេះ ឯង ធ្វើជាមន្ត្រី ព្រោះគេទុកជាអ្នកចេះដឹងជាន់ខ្ពស់ហើយ។
ចំណែកលោកសង្ឃវិញ កោរព្រះកេស គ្រងចីវរពណ៌លឿងបញ្ចេញស្មារខាងស្ដាំ ហើយនិមន្តដោយជើងទទេ ឥតពាក់ស្បែកជើងឡើយ។ ព្រះវិហារមួយ គេអនុញ្ញាតអោយប្រក់ក្បឿងបាន ហើយនៅកណ្ដាលព្រះវិហារនោះមានតម្កល់ព្រះពុទ្ធរូបមួយអង្គ ដែលមានភិនភាគដូចជាព្រះសក្យមុនីដែរ (តាម មហាយាន គេជឿថា មានព្រះពុទ្ធ២អង្គ គឺព្រះពុទ្ធដើមនៅឋានសួគ៌នាម «អាមិតាតៈ” និងព្រះពុទ្ធដែលត្រាស់ដឹងនៅស្ថានមនុស្សនាម «សក្យមុនី”) គេហៅថា «ពុតឡៃ” លាបលនពណ៌ក្រហម ដោយគេយកដីសមកសូនធ្វើ ហើយលាបពណ៌ផ្សេងៗ គ្មានភិនភាគអ្វីក្រៅពីនេះទេ។ មានព្រះពុទ្ធរូបតូចៗច្រើនអង្គទៀត មានព្រះភក្ត្រមិនដូចគ្នាទេ ច្រើនតែកសាងអំពីស្ពាន់ ហើយគ្មានជួង ស្គរ រគាំង ទង់អ្វីទាំងអស់។ ព្រះសង្ឃឆាន់ត្រីសាច់បាន តែមិនឆាន់ស្រាទេ ហើយគេអាចរៀបម្ហូបត្រីសាច់ទាំងនេះថ្វាយព្រះផង។ ក្នុងមួយថ្ងៃលោកនិមន្តទៅបិណ្ឌបាតពីផ្ទះបាសកតែមួយដងទេ ហើយគ្មានរៀបដណ្ដាំស្លនៅក្នុងវត្តឡើយ។ លោកឆាន់មួយដងក្នុងមួយថ្ងៃ។
ធម៌ដែលលោកសូត្រមានច្រើនណាស់ គេចងក្រងនៅនឹងស្លឹកតាលព្រឹក្ស (បានជាខ្ញុំប្រែថា តាលព្រឹក្ស ព្រោះពាក្យដើម គេពុំទាន់បញ្ចាក់ច្បាស់ថា ស្លឹករឹតនៅឡើយទេ) ដិតស្នាមអក្សរពណ៌ខ្មៅ តែមិនមែនសរសេរដោយជក់ ឬខ្មៅដុសឡើយ។ ខ្ញុំមិនដឹងគេសរសេរដោយអ្វីទេ (ការពិតគេចារដោយដែកចារ ហើយយកធ្យូងលាយប្រេងមកលុប ទើបបានជាស្នាមខ្មៅនេះ)។ គេមានយកគ្រែស្នែង និងក្លស់ដងមាស ឬដងប្រាក់ មកសែងមកបាំងលោកសង្ឃដែរ ព្រោះស្ដេចតែងពិគ្រោះនឹងព្រះសង្ឃ ចំពោះបញ្ហាណាដែលធំៗរបស់ស្រុកទេស។ ប៉ុន្តែពុំឃើញមានដូនជីនៅក្នុងវត្តទាំងនោះទេ។
រីឯពួកតាបសដែលហៅ ប៉ាស៊ីវ៉ី នេះ ស្លៀកពាក់ជាអ្នកស្រុកធម្មតាដែរ តែមានជួតក្បាលកំណាត់ពណ៌ស ឬពណ៌ក្រហម របៀបដូចពួកស្រីតារតានៃជាតិ ម៉ុងហ្គោលដែរ តែទាបជាងបន្តិច។ ពួកនេះមានវត្តដូចព្រះសង្ឃពុទ្ធសាសនាដែរ តែមានទំហំតូចជាង។ លទ្ធិពួកតាបសនេះ គ្មានឥទ្ធិពលខ្លាំងដូចសាសនាព្រះពុទ្ធទេ។ ពួកគេគោរពចំពោះតែថ្មមួយដុំធំ (លោក ប៉េលីយោតយល់ថាជាលិង្គ) ដូចថ្មរូបអ្នកតាព្រះស្រុកដូច្នោះដែរ។ ប្រភពក្ដី របៀបប្រតិបត្តិនៃពួកនេះក្ដី ខ្ញុំពុំបានដឹងទេ។ ពួកនេះមានដូនជី ហើយវិហារក៏ត្រូវអនុញ្ញាតអោយប្រក់ក្បឿងបានដែរ។ ពួក ប៉ាស៊ីវ៉ី មិនបរិភោគរបស់អ្នកដទៃទេ ហើយមិនបរិភោគនៅចំពោះទីសាធារណៈផង ហើយមិនសេពសុរាជាដាច់ខាត។ ខ្ញុំមិនដែលឃើញតាបសសូត្រធម៌ ឬក៏ធ្វើអំពើអ្វីជាប្រយោជន៍អ្នកផងច្បាស់នឹងភ្នែកម្ដងណាឡើយ។
ចំណែកក្មេងកូនអ្នកស្រុកវិញ ដែលត្រូវការរៀនសូត្រ គេតែងយកទៅទុកដាក់រៀនជាមួយព្រះសង្ឃ ហើយបួសជាសង្ឃផង លុះដល់អាយុច្រើនក៏វិលត្រឡប់មកកាន់ជីវភាពជាជនធម្មតាវិញ។ ឯការល្អិតល្អន់ជាងនេះទៅទៀត ខ្ញុំមិនបានដឹងអោយច្បាស់លាស់ឡើយ។
(1) នេះតាមសំលេងចិនទាជីវ បើអានតាមសំលែងចិនប៉េកាំង : ចូវតាក្វាន់ តែយើងធ្លាប់មកថា ជីវតាក្វាន់ៗ។
(2) សន្ដិវង្សងន់នេះ មានស្ដេចច្រើនអង្គ តែនេះក្នុង គ.ស ១២៩៥ គឺត្រូវលើស្ដេចឈ្មោះ ងន់ សេងចុង នាមសំរាប់រាជវង្ស ងន់ចេង។
(3) ស្រុកវេងតា នៅក្នុងខេត្ដជាក់កាង (ចិនខាងត្បូង)។
(4)សន្ដិវង្សម៉េង ចូលមកក្នុងសតវត្សទី ១៣ -១៤ នៃគ.ស។
(5) នៅក្នុងខេត្ដហោណាំ (ហូណាន់)។
(6)លោក ប៉េលីយោត Pelliot សង្ស័យថា ពោធិសាត់ តែពិតគឺ ភូមិព្រៃភព ព្រោះជាពាក្យសំគាល់នាមព្រះពុទ្ធដែរ។
(7) ពាក្យ ទលេបាលី ប្រែថាសមុទ្ធ សព្វថ្ងៃក្លាយជា ទន្លេសាបវិញ។
(8) ត្រង់នេះ តាមសេចក្ដីប្រែលោក ប៉េលីយោត មិនលឺថា ព្រមចំនុចចូលទេ តែនេះប្រែតាមប្រយោគចិន អក្សរដូច្នេះន័យនេះបានត្រឹមតែថាគេព្រមរាក់ទាក់ទទួលបេសកជនប៉ុណ្ណោះ។
(9) ពស់នេះ បើតាមខ្មែរគឺជានាគ។ ជីវតាក្វាន់ធ្លាប់ស្គាល់នាគចិន មានរូបផ្សេងបានជាហៅនាគខ្មែរថាពស់។
(A)លោកប៉េលីយោត យល់ថាប្រាសាទនេះ គឺប្រាសាទបាយ័ន។
(B) តាមសេចក្ដីប្រែរបស់លោក ប៉េលីយោត ថា Lou-Pan ហើយលោកចុះសេចក្ដីយល់ថាជាប្រសាទអង្គវត្ដ។ តាមចិនលូប៊ូន ជាឈ្មោះមេជាងរចនាក្នុងរឿងព្រេង ដូចខ្មែរយើងនិយាយពីពិស្ណុការអ្នកសាងប្រាសាទដែរ)។
(C) លោក ប៉េលីយោត យល់ថា ជាប្រាសាទមេបុណ្យខាងលិចដែលគាត់បន្ថែមថា ប្រហែលជាគេច្រលំ ជាទិសខាងកើតទៅវិញ។
(D) ទំនងជាប្រាសាទនាគព័ន្ធ។
សូមអរគុណសម្រាប់ការអានរបស់លោកអ្នក!
No comments:
Post a Comment