ពលរដ្ឋធម៌ៈ ធម៌​ជា​កម្លាំង​ដល់​ប្រទេស​ - Buddha Dharma Monk

Website

ពលរដ្ឋធម៌ៈ ធម៌​ជា​កម្លាំង​ដល់​ប្រទេស​

ចែករំលែកចំណេះដឹង

 

ពលរដ្ឋធម៌
ព្រះមហា ឆែ – វង្ស វត្តឧណ្ណាលោម ក្រុងភ្នំពេញ
ទេសនា​ដាក់​វិទ្យុ​ឃោស​នសព្ទ នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ៨ រោច ខែភ​ទ្របទ ឆ្នាំ​ជូត​សំរឹទ្ធិ​ស័ក ព.ស. ២៤​៩១ (២៦​ ​– ៩ – ៤៨)

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សូម​គោរ​ព​ចំពោះ​ព្រះ​រត្ន​ត្រ័យ​ដោយ​សង្ខេប ។ លំ​ដាប់​ត​ពី​នេះ សូម​សំដែង​ធម្ម​ទេសនា​ចែក​ជូន​ដល់​អស់​លោក​អ្នក​តាម​សម​គួរ​ដល់​កាល ។ ក្នុង​ឱកាស​នេះ នឹង​សំដែង​​អំពី​ពល​រដ្ឋ​ធម៌ ឬ​ហៅ​ថា វុឌ្ឍ​ទេស​ពល​ធម៌ ប្រែ​ថា ធម៌​ជា​កំឡាំង​ដល់​រដ្ឋ ឬ​ធម៌​ញ៉ាំង​សេចក្ដី​ចំរើន​ដល់​ប្រទេស​មាន ​៣ ប្រការ។​ ធម៌​នេះ​បើ​កើត​មាន​ក្នុង​ប្រទេស និគម​ជន​បទ​រដ្ឋ​ដែន​ណា ប្រទេស​និគម ជន​បទ ដែន​នោះ នឹង​ទៅ​ជា​ប្រទេស​ថ្លៃ​ថ្នូរ វិសេស​វិសាល​ជា​អារ្យ​ប្រទេស យ៉ាង​ឆាប់​ៗ ពុំ​ខា​ន​ឡើយ ។ តែ​លុះ​ត្រា​តែ​ប្រកប​គ្រប់​អង្គ​ទាំង​ ៣ ទើប​បាន​សម្រេច​យ៉ាង​នោះ​មែន ។

ធម៌ ៣ ប្រការ​នោះ​គឺ មុនិ​សម្បទា ប្រទេស​និគម​ឯ​ណា​បរិបូណ៌​ពេញ​លេញ​ដោយ​អ្នក​ប្រាជ្ញ អ្នក​ចេះ​ដឹង​មិន​ខុស​មុខ​វិជ្ជា ទោះ​បី​វិជ្ជា​ណា​ក៏​មាន​អ្នក​ចេះ​ដឹង​សព្វ​គ្រប់ ។ ចុះ​បុ​គ្គល​អ្នក​ចេះ​ដឹង​នេះ​កើត​ពី​ណា​មក ? ឆ្លើយ​ថា ពល​រដ្ឋ​គឺ​រាស្ត្រ ឲ្យ​បុត្រ​ប្រុស​ស្រី​រៀន​សូត្រ​គ្រប់​គ្នា មិន​មាន​រួញ​រា មិន​មាន​គិត​ចង់​បាន កំឡាំង​បួន​ប្រើ​ប្រាស់ ឲ្យ​មើល​ថែ​រក្សា​គោ​ក្របី សេះ​ដំរី ឬ​ឲ្យ​ភ្ជួរ​រាស់​ឡើយ ម្យ៉ាង​ទៀត​ដែល​ជា​ហេតុ​នាំ​បាន​សុខ​នឹង​ចំរើន​ដល់​ត្រកូល​នឹង​ប្រទេស​ជាតិ​មាតុភូមិ ក៏​ត្រូវ​ស្វះ​ស្វែង​ឲ្យ​បុត្រ​រៀន ។ ខ្មែរ​យើង​ឲ្យ​កូន​រៀន​ច្រើន​សំឡឹង​ប្រយោជន៍​ពី​វិជ្ជា​ណាស់ គឺ​វិជ្ជា​ណា​រៀន​ទៅ​ហើយ​កាន់​ក្រសួង​មិន​មាន​ប្រាក់​បំណាច់​ចូល​ក្រៅ មិន​ព្រម​ឲ្យ​រៀន​ទេ ដូច​វិជ្ជា​ទូរ​លេខ ទូរ​ស័​ព្ទ តិក​និក អាំង​ស៊ីញ័រ ជាង​ឈើ ជាង​កំបោរ ជាង​ខ្សែ​ភ្លើង វិជ្ជា​អស់​នេះ​ខ្មែរ​ស្ទើរ​គ្មាន​សោះ សព្វ​ថ្ងៃ​បើ​រាជ​ការ​សហរដ្ឋ​ឲ្យ​ក្រសួង​ទាំង​អស់​នេះ​មក ខ្មែរ​យើង​ស្ទើរ​តែ​ឱប​ដៃ​ឬ​មើល​ហើយ ព្រោះ​ខ្មែរ​មិន​មាន​ចេះ ហេតុ​មិន​ចេះ ព្រោះ​មិន​រៀន ហេតុ​អ្វី​មិន​រៀន ? ព្រោះ​រៀន​ទៅ​កាន់​ក្រសួង​មិន​មាន​កម្រៃ​ចូល​ក្រៅ ។ មាន​ខ្មែរ​ខ្លះ​ទៀត បើ​កូន​របស់​ខ្លួន​ឃើញ​កូន​គេ​ទៅ​រៀន វា​ចង់​ទៅ​រៀន​ដែរ បែរ​ជា​និយាយ​ប្រាប់​កូន​ថា អា​អើយ ! ឯង​មើល​អញ​មិន​ចេះ​ក​ខ​មួយ​ផង មាន​គោ​ក្របី​ពេញ​ក្រោល អញ​ចិញ្ចឹម​ទាំង​អា​ឯង​មួយ​សំបុក​រស់​បាន ឯង​ចាំ​ទៅ​រៀន​អី មើល​តែ​គោ​ក្របី​ប្រសើរ​ជាង ។ នែ ! មនុស្ស​បែប​នេះ​ចំ​ជា​ដេក​ផ្កាប់​មុខ ដេក​មិន​ងើប ងើប​មិន​បើក​ភ្នែក បើក​ភ្នែក​មិន​មើល​ប្រទេស​គេ​ជិត​ខាង ។ ប្រទេសណា​បើ​មាន​មនុស្ស​បែ​ប​នេះ ស្ទើរ​តែ​ឯករាជ្យ​ពុំ​កើត បើ​នៅ​ក្នុង​ប្រទេស​ណា នាំ​ឲ្យ​ធ្ងន់​ផែន​ដី​ប្រទេស​នោះ ព្រោះ​មនុស្ស​នោះ​យក​ខ្ជិល​ជា​ទី​អាង សម​ដូច​សុភាសិតថាៈ

អលសស្ស កុតោ សិប្បំ អសិប្បស្ស កុតោ ធនំ
អធនស្ស កុតោ មិត្តំ អមិត្តស្ស កុតោ សុខំ
អសុខស្ស កុតោ បុញ្ញំ អបុញ្ញស្ស កុតោ សិវំ

ប្រែ​ថា មនុស្ស​ខ្ជិល​មិន​មាន​វិជ្ជា បើ​មិន​មាន​វិជ្ជា​មិន​មាន​ទ្រព្យ បើ​មិន​មាន​ទ្រព្យ​មិន​មាន​មិត្រ បើ​មិន​មានមិត្រ​​មិន​មាន​សេចក្ដីសុខ បើ​គ្មាន​សុខ​មិន​មាន​ព្រះ​និព្វាន ប្រែ​សេចក្ដី​ថា ម៉េច​មិន​ទៅ​ព្រះ​និព្វាន​ទាំង​អស់​គ្នា​ទៅ ថា​ព្រោះ​មិន​មាន​បុណ្យ ហេតុ​អ្វី​មិន​មាន​បុណ្យ ព្រោះ​គ្មាន​សុខ ហេតុអ្វី​មិន​មាន​សុខ ព្រោះ​គ្មាន​ទ្រព្យ​សម្បត្តិ ហេតុ​អ្វី​មិន​មាន​ទ្រព្យ​សម្បត្តិ ព្រោះ​គ្មាន​វិជ្ជា ហេតុ​អ្វី​គ្មាន​វិជ្ជា ព្រោះ​ខ្ជិល នែ ! នៅ​លើ​ខ្ជិល​ជា​ប្រធាន​សោះ សម​នឹង​សុភាសិត​បារាំង​ថា La presse est la mere detous les vie កំជិល​ជា​មេបាប​ធម៌​គ្រប់​យ៉ាង ខ្ជិល​បង្ហិន​លោក ខ្ជិល​បាន​ទុក្ខ​សោក ខ្ជិល​អប្ប​ប្រាជ្ញា ខ្ជិល​ធ្លាក់​នរក ខ្ជិល​ឥត​វិជ្ជា ខ្ជិល​ថោក​សាសនា ខ្ជិល​ជាតិ​លិច​លង់ ហេតុ​នេះ សូម​សប្បុ​រស​ឲ្យ​កុមារា​កុមារី​រៀន​សូត្រ​ឡើង ដើម្បី​បំពេញ​មុនិសម្ប​ទានេះ​ ។

កាល​បើ​ប្រទេស​សម្បូរណ៍​ដោយ​មនុស្ស​អ្នក​ចេះ​ដឹង ហើយ​នឹង​មិន​មាន​បរទេស​រឹប​ជាន់ ឈ្លេច​ឈ្លី​មើល​ងាយ​យើង​ទេ ដូច​ជា​ផ្ទះ​មាន​របង​យ៉ាង​ជិត​ស្និទ្ធ​ជា​ស្ថាពរ តែ​បើ​ប្រទេស​ពេញ​លេញ ដោយ​មនុស្ស​អ្នក​ចេះ​ដឹង ផ្លូវ​លោកធម៌​ស្ដុក​ស្ដម្ភ​ច្រើន​ហើយ បែរ​ជា​ខ្វះ​ភោគ​សម្បទា​វិញ ក៏​ពុំ​អាច​កសាង​ក្រឡៃ​ច្នៃ​ប្រជាជាតិ​យើង​ឲ្យ​ថ្លៃ​ថ្នូរ​ទៅ​កើត ។​

ហេតុ​នេះ ត្រូវ​បំពេញ​ភោ​គ​សម្បទា ១ ទៀត ឲ្យ​មាន​បរិបូណ៌​ឡើង ។ ភោគ​សម្ប​ទា ប្រែ​ថា សម្បុក​ទ្រ​យុក​ស្ដុកស្ដម្ភ​កុះ​ករ​ដោយ​ទ្រព្យ​សម្បត្តិ ។ បើ​មាន​ទ្រព្យ​សម្បត្តិ ទើប​អាច​ច្នៃ​ក្រឡៃ​ប្រឌិត​ប្រទេស​​បាន ។ ចុះ​ទ្រព្យ​សម្បត្តិ​កើត​ឡើង​ពី​ណា​មក ? ឆ្លើយ​ថា​កើត​មក​អំពី​កម្ម ២ យ៉ាង គឺ កសិកម្ម ១ ពាណិជ្ជកម្ម ១ ហើយ​នឹង​មាន​សម្បទា ៤ យ៉ាង ជា​គ្រឿង​អបស្ទប​ទៀត​ផង ។ កសិកម្ម គឺ​ប្រកប​ស្រែ​ចំការ​ច្បារ​ដំណាំ​សាប​ព្រោះ បើ​ទ្រព្យ​កើត​ឡើង​ដោយ​ខ្សត់​ខ្សោយ​ហើយ នឹង​កសាង​ប្រទេស​ជាតិ​ពុំ​កើត ស្រុក​ខ្មែរ​ច្រើន​តែ​ប្រកបកិច្ច​ការ​នេះ នៅ​ខ្វះ​ត្រង់​ពាណិជ្ជការ​ច្រើន ស្ទើរ​តែ​គ្មាន ។ ពាណិជ្ជការ​នោះ​ក្នុង​ផ្ទៃ​ពុទ្ធសាសនា សំដែង​ច្រើន​ណាស់​ដែរ ខ្មែរ​កាន់​ពុទ្ធសាសនា​ច្រើន​មែន ធ្លាប់​ដឹង​តាម​គោល​ដែល​ចារិក​មក​ថា​ធម៌ ៨៤០០០ ព្រះ​ធម្ម​ក្ខន្ធ តែ​ខ្មែរ​កាន់​ច្បោល​ៗ កាន់​ត្រង់​ណា​ស្រាល​ៗ ចោល​ត្រង់​ណា​មាន​ប្រយោជន៍​ថ្លៃ​ថ្នូរ ហើយ​ពោល​ថា​ខ្មែរ​ក្រ ខ្មែរ​ស្លូត ខ្មែរ​បរ​ជាតិ​ជិះ​ជាន់ ព្រោះ​ខ្មែរ​កាន់​ពុទ្ធសាសនា ។ ពោល​នេះ​មិន​សម​សោះ ចុះ​ជាតិ​ដទៃ​គេ​កាន់​ពុទ្ធសាសនា​ដែរ ម៉េច​ក៏​គេ​ថ្លៃ​ថ្លា នេះ​ឃើញ​ជា​ទាស់​ពី​កាន់​មែន ។ ដូច​យ៉ាង​ពាណិជ្ជ​ការ ក្នុង​ព្រះពុទ្ធសាសនា មាន​សំដែង​ពិស្ដារ​ណាស់ ក្នុង​ទី​នេះ​សូម​អធិប្បាយ​តែ ៤ យ៉ាង គឺ ជង្ឃពាណិជ ១ សកដពាណិជ ១ នាវាពាណិជ ១ ឃរពាណិជ ១ ។

ជង្ឃ​ពាណិជ គឺ​ជួញ​ដោយ​កំឡាំង​ស្មង ដូច​រែក​រុញ​ពុន​លី ឧទាហរណ៍​ដូច​យ៉ាង​រុញ​ធុង​គុយ​ទាវ ធុង​ទឹកកក​អស់​នេះ សុទ្ធ​តែ​ចូល​លុយ​រាប់​រយ​ក្នុង​មួយ​ថ្ងៃ​ៗ ប៉ុន្តែ​ខ្មែរ​ពុំ​ត្រូវ​ការ​ធ្វើ​សោះ ច្រើន​តែ​ខ្ពើម​ឆ្អើម​ខ្លាច​ថោក​ទាប តែ​របស់​នេះ​ខ្មែរ​ត្រូវ​ការ​ទាំង​រាស្ត្រ​ទាំង​នា​ហ្មឺន មើល​ចុះ​អស់​លោក​អ្នក​ធ្វើ​ការ​សព្វ​ថ្ងៃ បើ​មិន​បាន​គុយ​ទាវ​ឬ​កាហ្វេ ក៏​មិន​ទាន់​ចូល​កាន់​ប៊ុយ​រ៉ូ​ទេ ។ បើ​ថ្ងៃ​ណា​មួយ​ចិន​យួន​វ៉ា​កង ឈប់​ធ្វើ​គុយ​ទាវ​ឬ​កា​ហ្វេ​បី​បួន​ថ្ងៃ​ហើយ មុខ​ជា​ខ្មែរ​ញៀន​ស្ងាប​មាត់ នេះ​ឃើញ​ថា​ប៉ិន​ខាង​ទទួល​ទាន​មែន​ ​។

បើ​ធ្វើ ជង្ឃ​ពាណិជ នឹង​គេ​វិញ មាន​តែ​ក្អម អំ​បោស ស្លឹក​ត្នោត កំ​ប្រោង ទ្រ​ទូង​ពី​ចម្ងាយ​ស្ទើរ​តែ​មើល​រូប​អ្នក​រែក​មិន​ឃើញ ដើរ​តាម​ផ្សារ​ទើស​គេ​ឯង បើ​ជិះ​ឡាន ជិះ​កប៉ាល់​វិញ ម្ចាស់​ឡាន – កប៉ាល់​នោះ សូម​អង្វរ​ព្រោះ​គ្មាន​កន្លែង​ដាក់​របស់​ទាំង​នោះ​ឲ្យ ដល់​លក់​អស់​របស់​ទាំង​នោះ​ទៅ បែរ​ចូល​ផ្ទះ​ចិន​រក​ទិញ​សំពត់ បាន​ចំនួន ៣ – ៤ ម៉ែត្រ​ប៉ុណ្ណោះ​យ៉ាង​ច្រើន នេះ​ជង្ឃ​ពាណិជ​ខ្មែរ​ ។

សកដពាណិជ ជួញ​ដោយ​រទេះ​ឡាន ឬ​រត់​ឈ្នួល​តាម​មគ្គ​វិ​ថី​ផ្សេង​ៗ ។

នាវាពាណិជ
ជួញ​ដោយ​ទូក​ឬ​កប៉ាល់ ។ សព្វ​ថ្ងៃ​បើ​ត្រូវ​ការ​ទៅ​ណា​ហើយ​ចាំ​ឡាន – កប៉ាល់ ខ្មែរ​គ្មាន​សោះ​ទេ សុទ្ធ​តែ​របស់​​បរជាតិ ជាតិ​បញ្ញើ​ក្អែក​ទាំ​ង​អស់ ។​

ឃរពាណិជ ជំនួញ​ក្នុង​ផ្ទះ គឺ​ដាក់​ទំនិញ​ក្នុ​ង​ផ្ទះ​ហើយ​អង្គុយ​លក់​ដូច​ផ្ទះ​លក់​ក្នុង​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ បរជាតិ​ឥត​បែក​ញើស​សោះ ប្រាក់​ខ្មែរ​ឡើង​ត្នោត មក​រក​ផ្ទះ​ឃើញ​ចូល​ហួស​ទូ​ដែក​ទៀត បរជាតិ​ដែល​មក​សំណាក់​អាស្រ័យ​នឹង​យើង ដូច​ជា​ជាតិ​បញ្ញើ​ក្អែក​ទំដើម​រាំង ឬ​ដើម​ជ្រៃ​ពិត​មែន​រុក្ខជាតិ​នេះ​គល់​ដល់​ដី បើ​ភ្លេច​ខ្លួន​មុខ​ជា​បញ្ញើ​ក្អែក​បឺត​យក​ឱ​ជា​រស​អស់ មិន​យូរ​ប៉ុន្មាន​ឃើញ​សុទ្ធ​តែ​បញ្ញើ​ក្អែក​ព្រ​ងើយ ចំណែក​ស្លឹក​រាំង​ជ្រៃ​រេច​រឹល​អស់​នៅ​មាន​តែ​គល់ ខេមរៈ​យើង​សព្វ​ថ្ងៃ​មិន​ខុស​ពិរុក្ខជាតិ​នេះ​ប៉ុន្មាន រក​កល់​លើស​ផង ! ទី​ក្រុង​សព្វ​ថ្ងៃ​ផ្ទះ​ឥដ្ឋ​ផ្ទះ​ថ្ម ភ្លើង​អគ្គិស​នី​ភ្លឺ​ច្រាល ម៉ាស៊ីន​ទឹក ខ្មែរ​ទុក​ឲ្យ​បរជាតិ​នៅ​ប្រើ​ប្រាស់ ស៊ូ​យក​ខ្លួន​ទៅ​នៅ​បឹង​ជិត​ៗ វិញ នេះ​ពេញ​ជា​ប្រសប់​ទទួល​ភ្ញៀវ​មែន ស៊ូ​ឲ្យ​ភ្ញៀវ​ដេក​ពូក ខ្លួន​ចុះ​ដេក​រនាប ចំ​ជា​ចិត្ត​ល្អ ។

ខេមរៈ​ទាំង​ឡាយ កាល​បើ​បាន​ប្រកប​ពាណិជ​ទាំង ​៤ ប្រការ​នេះ​ដូច​បាន​អធិប្បាយ​ខាង​លើ​ដោយ​សព្វ​គ្រប់​ហើយ មុខ​ជា​ខេមរ​រដ្ឋ​ប្រទេស​យើង​ឡើង​កាន់​វឌ្ឍន​ធម៌​ខាង​ភោគ​សម្ប័ទ​យ៉ាង​ឆាប់​ៗ មិន​ខាន ព្រោះ​ខ្មែរ​សម័យ​នេះ​ប្រស្រ័យ​សេដ្ឋ​កិច្ច ប្រទេស​ថ្កើង ជាតិ​ថ្លៃ ប្រស្រ័យ​យើង ។ ពាណិជ្ជកម្ម​នឹង​កសិកម្ម ទាំងពីរ​យ៉ាង បើ​យើង​មាន​ប្រាថ្នា​ឲ្យ​ភោគ​ទ្រព្យ​កុះ​ករ​ស្ដុក​ស្ដម្ភ លុះ​តែ​យើង​ចេះ​ប្រកប​ពាណិជ្ជកម្ម​នោះ​ឆាប់​ៗ ចុះ​បើ​ប្រទេស​យើង​ពេញ​ចិត្ត​តែ​ត្រង់​កសិកម្ម​ប៉ុណ្ណោះ ដូច​ជា​គោ​ស៊ី​ចំបើង​ហើយ​មិន​ស្មើ​ស៊ី​ស្មៅ​ខ្ចី​ផង ធ្វើ​ម៉េច​នឹង​បាន​ធំធាត់​ឡើង ។ ខេមរជាតិ​ទាំង​ឡាយ ! សកល​លោក​ទាំង​មូល​កំពុង​ស្វែង​រក​ទ្រព្យ​ខ្លាំង​ណាស់​ ទ្រព្យ​នេះ​មាន​ពីរ​យ៉ាង​គឺ ទ្រព្យ​មាន​វិញ្ញាណ ១ ឥត​វិញ្ញាណ ១ ។ ទ្រព្យ​មាន​វិញ្ញាណ​បាន​ដល់​មនុស្ស – សត្វ​គ្រប់​យ៉ាង ទ្រព្យ​ឥត​វិញ្ញាណ​បាន​ដល់​ដែន​ទឹក​ដី​មាស​ប្រាក់ លោក​សន្និវាស​ទាំង​មូល​ច្របូក​ច្របល់ នឹង​រក​ទ្រព្យ​ទាំង​ពីរ​យ៉ាង​នេះ​ណាស់ ។ សព្វ​ថ្ងៃ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​នឹង​រក្សា​ការ​ពារ​ទេ យើង​នឹង​ទៅ​ជា​ទា​សៈ របស់​របរ​ក្នុង​លោក​អសារ​ឥត​ការ ។ ទ្រព្យ​នោះ​មាន​មក​ហើយ​អាច​នឹង​ឋិត​ថេរ​ចិរ​កាល​ទៅ​បាន លុះ​ត្រា​តែ​ប្រក​ប​ដោយ​សម្បទា ៤ យ៉ាង​ទៀត​គឺ៖

១-ឧដ្ឋាន​សម្បទា ប្រឹង​ប្រែង​រក បើ​រដ្ឋាភិបាល​វិញ​ប្រឹង​ប្រែង​រក​មន្ត​វិជ្ជា​ណា​ដែល​មាន​ខ្លឹម​សារ ដែល​រៀន​ទៅ​ហើយ​អាច​មាន​ប្រយោជន៍​ការ​ពារ ជាតិ​មាតុ​ភូ​មិ​បាន យក​មក​សាប​ព្រោះ​បណ្ដុះ​ផ្សាំ​ឲ្យ​ពល​រដ្ឋ​គឺ​រាស្រ្ត​រៀន​សូត្រ​ទាំង​ប្រុស​ទាំង​ស្រី​ឡើង។

២- អារក្ខ​សម្បទា បើ​រៀន​ចេះ​ដឹង​ហើយ​ប្រឹង​ប្រែង​រក្សា​ការពារ​ជាតិ​មាតុ​ភូមិ នឹង​កេរ្តិ៍មត៌ក​របស់​ជាតិ​ទុក​ឲ្យ​មក​មិន​ឲ្យ​ចោរ​រុះ​រើ​រុក​រាន​ទន្ទ្រាន​ភូត​ភរ​ឆរបោក​បញ្ឆោត​ប្រវ័ញ្ចន៍​បាន ។

៣​-​កល្យាណ​មិត្តតា សេព​គប់​នឹង​មិត្ត​ល្អ គឺ​មិត្ត​ណា​យើង​សេព​គប់​ទៅ​ហើយ មិន​សំឡឹង​រំពៃ​គយ​គន់​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​យើង គឺ​ស៊ូ​ជួយ​ការ​ពារ​សត្រូវ​នឹង​ណែ​នាំ​ឲ្យ​បាន​សេចក្ដី​ចំរើន​ដល់​យើង ហើយ​ថែម​ទាំង​មិន​លាក់​ចំណេះ​នឹង​មិត្ត​ភក្តិ​ស៊ូ​ជួយ​បង្ហាត់​បង្រៀន​វិជ្ជា​ណា​ដែល​ក្រ​ ៗ ហើយ​ជា​អ្នក​មិន​និយាយ​ភូត​ភរ​បោក​ប្រាស​មិត្រ​ផង​គ្នា នេះ​ហៅ​ថា មិត្រ​ល្អ ឬ​មិត្រ​ដែល​យើង​គួរ​សេព​គប់ ឬ​កល្យាណ​មិត្រ។

៤-​សម​ជីវិតា ចិញ្ចឹម​ជីវិត​ស្មើ​ៗ គឺ​ឲ្យ​ដឹង​ប្រមាណ​ក្នុង​ទ្រព្យ​របស់​យើង​មាន​ក្នុង​ថវិកា​ជាតិ​នៃ​រដ្ឋ គឺ​ចាយ​វាយ​ស្គាល់​ប្រមាណ​មិន​ដល់​ទៅ​ខ្ចី​បុល​គេ​ប្រើ​ប្រាស់ គឺ​ដំរី​មិន​ចង់​ធំ​តាម​ដំរី បើ​មាន​ធម៌​ទាំង​ ៤ យ៉ាង​នោះ ទើប​អាច​ការ​ពារ​ផល​ប្រយោជន៍​របស់​មាតុ​ភូមិ​បាន បើ​ប្រាស់​ចាក​សម្បទា ៤ នេះ​ហើយ មិន​អាច​កុះ​ករ​ចំរើន​ទ្រព្យ​សម្បត្តិ​បាន​ឡើយ សូម្បី​សម្បត្តិ​ទ្រព្យ​ដែល​បុព្វ​បុរស ទុក​ឲ្យ​មិន​អាច​នឹង​ការ​ពារ​បាន​ដែរ ។ ចុះ​សម្បទា​ត្រង់​ទី ៤ គឺ​កល្យាណ​មិត្ត​តា ថា​សេព​គប់​នឹង​មិត្រ​ល្អ តើ​មិត្រ​បែប​ណា ? មាន​លក្ខណៈ​យ៉ាង​ណា​គួរ​យើង​សំគាល់​បាន ?

បពិត្រ​សប្បុ​រស​ទាំង​ឡាយ ! មិត្រ​ដែល​យើង​គួរ​សេព​គប់ មាន​លក្ខណៈ ៣ យ៉ាង សម្រាប់​សំគាល់​ដើម្បី​ឲ្យ​យល់​ថា​ល្អ​ទៅ​បាន​នោះ គឺ

១ – អហិតេ បដិសេធោ មិត្រ​ណែ​នាំ​ហាម​ប្រាម​មិត្រ​ផង​គ្នា មិន​ឲ្យ​ធ្វើ​នូវ​អំ​ពើ​ណា មិន​មាន​ប្រយោជន៍​ប្រាប់​យ៉ាង​ណា​នេះ​យ៉ាង​ណោះ​ថា មិន​មែន​លទ្ធិ​ប្រព្រឹត្ត​ដើម្បី​សេចក្ដី​ចំរើន​ដល់​ប្រទេស​ជាតិ​មាតុ​ភូមិ​ទេ ។​

២ – ហិតេ អនុវត្តនំ មិត្រ​ដឹក​នាំ​បង្ហាត់​បង្រៀន​មិន​លាក់​លៀម​ចំពោះ​វិជ្ជា បញ្ញា​ដែល​ខ្លួន​មាន​វិជ្ជា​ណា​រៀន​ទៅ​ហើយ​អាច​ការ​ពារ​ផល​ប្រយោជន៍​ប្រទេសជាតិ​មាតុភូមិ នឹង​សត្រូវ​បច្ចាមិត្រ​គ្រប់​យ៉ាង​បាន ទើប​បង្ហាត់​បង្រៀន​វិជ្ជា​នោះ ។

៣ – ព្យសនេ អបរិច្ចាគោ មិត្រ​មិន​លះ​ប​​ង់មិត្រ​ក្នុង​ពេល​មាន​សេចក្ដី​វិនាស​អន្តរាយ អសន្តិ​សុ​ខ​មក​ប៉ះ​ពាល់ ស៊ូ​ស្លាប់​ជា​មួយ​គ្នា បើ​មាន​គ្រឿង​ការ​ពារ​វិសេស​វិសាល​ឆ្នើម ស៊ូ​ចែក​រំលែក​មិន​រិះ​គន់​លាក់​លៀម មិន​កំណាញ់​នឹង​មិត្រ​ផង​គ្នា ។

លក្ខណៈ ៣ យ៉ាង​នេះ​ហើយ​ជា​លក្ខណៈ​របស់​មិត្រ ឬ កល្យាណមិត្រ ដែល​យើង​គួរ​សេព​គប់ ។ កាល​បើ​ខេមរៈ ចេះ​ស្វែង​រក​មិត្រ​គួរ​សេព​គប់​ហើយ ចេះ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ដោយ​ពាណិជ្ជកម្ម​ដែល​ជា​ផ្លូវ​នាំ​ឲ្យ​ចំរើន​ភោគ​ទ្រព្យ​យ៉ាង​ឆាប់​នោះ ហើយ​មាន​ធម៌​ជា​គ្រឿង​រក្សា​នូវ​ទ្រព្យ​ដែល​បាន​រក​បាន​មក មិន​ឲ្យ​ចោរ​លួច​ប្លន់​ឆបំបាត់​ប្រវ័ញ្ចន៍​បញ្ឆោត​បាន​ហៅ​ថា សម្បទា មាន​ឧដ្ឋាន​សម្បទា​ជា​ដើម កល្យាណ​មិត្តតា សេព​គប់​នឹង​មិត្រ​ល្អ ដូច​បាន​សំដែង​លក្ខណៈ​សព្វ​គ្រប់​ស្រាប់​ជា​ទី​បំផុត ឈ្មោះ​ថា​ខ្មែរ​យើង​មិន​ព្រងើយ​កន្តើយ​នឹង​ជោគ​វាសនា​ប្រទេស​ប៉ុន្មាន​ទេ ហើយ​មាន​ឈ្មោះ​ថា​វឌ្ឍន​ធម៌​ជឿន​ឡើង​ជា​លំដាប់​ដែរ ។

តែ​បើ​មាន​មុនី​សម្បទា​នឹង​ភោគសម្ប​ទា ពេញ​លេញ​ដោយ​អ្នក​ប្រាជ្ញ អ្នក​ចេះ​ដឹង​ហើយ ស្ដុក​ស្ដម្ភ​មាំ​មួន​ដោយ​ភោគ​ទ្រព្យ​ហើយ បើ​ខ្វះ​ធម៌ ១ ខាង​ចុង គឺ​សាមគ្គី​សម្បទា​មិន​បាន​បរិបូណ៌​ដោយ​ការ​ព្រម​ព្រៀង​គ្នា ក៏​មិន​អាច​នឹង​ច្នៃ​ក្រឡៃ​ប្រទេស​យ៉ាង​ណា​ទៅ​បាន ។ ហេតុ​នេះ ត្រូវ​ខេមរ​ជាតិ​មាន​ធម៌​នេះ​ផង​ទៀត គឺ​ព្រម​ព្រៀង​ស្រុះ​ស្រួល​មូល​មួយ​គ្នា នឹង​លើក​ដាក់​ឲ្យ​ព្រម​គ្នា ឧទាហរណ៍​ដូច​ទូក​ទូក​មួយ​ជិះ​គ្នា ១​២ នាក់ បើ​ម្នាក់​បើក​ក្ដោង ម្នាក់​ទាញ​ខ្សែ​ក្ដោង ម្នាក់​លើក​ចែវ ម្នាក់​កាន់​ចង្កូត​មិន​មើល​បំណាំ​គ្នា មិន​ត្រូវ​យក​ជើង​រា​ទឹក ហៅ​ថា​សាមគ្គីធម៌ កុំ​ថា​ឡើយ​មនុស្ស​ប្រតិបត្តិ សូម្បី​សត្វ​តិរច្ឆាន​ប្រតិបត្តិ​ក៏​បាន​សេចក្ដី​សុខ​ដែរ ​។

ដូច​ជំនាន់​ដើម​មាន​សត្វ​ចាប ៥០០ បាន​ទៅជា​ប់​លប់​របស់​ព្រាហ្មណ៍​ម្នាក់ សត្វ​ចាប​មាន​សេចក្ដី​តក់​ស្លុត​ភិត​ភ័យ​ហួស​ពេក នាំ​គ្នា​ស្ទុះ​ស្ទា​រ​ច្រាស​ប្រដាល់​ស្ទើរ​របោច​រោម​ក្បាល​អស់ គ្រា​នោះ​មាន​ចាប​មួយ​ស្រែក​ថា​ ថា​យើង​ធ្វើ​យ៉ាង​ហ្នឹង​មុខ​ជា​វិនាស​មិន​ខាន​ទេ ហេតុ​នេះ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​តាម​ខ្ញុំ ព្រោះ​ខ្ញុំ​ធ្លាប់​ប្រតិបត្តិ​មក​បាន​សេចក្ដី​សុខ​ជា​ញយ​ណាស់ ទើប​ពពួក​ចាប​ឆ្លើយ​តប​ថា មាន​កល​ឧបាយ​ដូច​ម្ដេច ? ចូរ​ប្រាប់​ភ្លាម​ៗ មក​យើង កល់​នឹង​ទំពែក​ក្បាល​អស់​ហើយ មើល​សាមគ្គី​ធម៌​នោះ​តើ​រូប​រាង​យ៉ាង​ណា ? ។ ទើប​ចាប​នោះ​ឆ្លើយ​ឡើង​ថា សាមគ្គី​ធម៌​គ្មាន​រូប​រាង​អ្វី​ទេ គ្រាន់​តែ​ព្រម​ព្រៀង​ស្រុះ​គ្នា​ប៉ុណ្ណោះ គឺ​យើង​ទាំ​ង​អស់​គ្នា​ត្រូវ​ស្រុះ​គ្នា​ហើរ​ឡើង​តែ​ម្ដង​ព្រម​គ្នា ចាប​ទាំង​អស់​ទើប​ប្រតិបត្តិ​តាម ស្ទុះ​ហើរ​ព្រម​គ្នារ​បើក​មាត់​លប​ទៅ សម​នឹង​សុភាសិត​បារាំង​ថា L’ union fait la force សាមគ្គី​ជា​កំ​ឡាំង កំឡាំង​បំផុត សាម​គ្គីមោះ​មុត ព្រម​ព្រៀង​មូល​មួយ កាយ​វា​ចា​ចិត្ត​ស្រុះ​ស្រួល ខំ​ជួយ​ចូក​ចែវ​រងួយ ស្ទួយ​ជាតិ​ដល់​ត្រើយ ។ ចាប​ទាំង​ឡាយ​បាន​រួច​ខ្លួន​ទៅ នេះ​កំឡាំង​សាម​គ្គី​ធម៌​យ៉ាង​ហ្នឹង ។ យើង​ខេមរ​ជាតិ​ក៏​ត្រូវ​មាន​សាមគ្គីធម៌​យ៉ាង​នេះ​ដែរ ។

ធម៌​ទាំង ៣ យ៉ាង​នេះ​គឺ ១ មុនិសម្បទា ២ ភោគសម្បទា ៣ សាមគ្គីសម្បទា បើ​ប្រទេស​និគមជន​បទ​រដ្ឋ​ដែន​ណា​មាន​ធម៌​ទាំង ៣ យ៉ាង​នេះ គ្រប់​គ្រាន់​មិន​ខ្វះ នឹង​ក្រឡៃប្រ​ទេសនិគម​នោះ​ថ្លៃ​ថ្នូរ​បាន​ឆាប់ គឺ​មាន​អ្នក​ចេះ​ដឹង​ច្រើន ១ មាន​ភោគ​សម្ប័​ទ ១ មាន​ការ​ព្រ​ម​ព្រៀង​ស្រុះ​ស្រួល​មូល​មាត់​គ្នា ១ ។

ធម៌​ទាំង ៣ នេះ​ឲ្យ​ឈ្មោះ​ថា ពល​រដ្ឋ​ធម៌ ប្រែ​ថា​ធម៌​ជា​កំឡាំង​ដល់​ប្រទេស សំដែង​មក​ប៉ុណ្ណេះស​ន្មត​ថា​ចប់ ។ ទី​បំផុត​ធម៌​ទេសនា​នេះ សូម​ផ្សាយ​បុញ្ញ​រាសី គំនរ​បុណ្យ​នេះ​ ចែក​ជូន​ដល់​អស់​លោក អ្ន​ក​សប្បុរស​ទាំង​ឡាយ ទោះ​បី​ធ្វើ​មរណ​ភាព​ទៅ​ហើយ​ក្ដី នៅ​រស់​ក្ដី នៅ​ទី​ជិត​ឆ្ងាយ​ក្ដី ។

ពុទ្ធាទិអានុភាវេន ឧប្បន្នា ចេ ឧបទ្ទវា
គា ចេវន្តរាយា ច វិនស្សន្តុ អសេសតោ ។

ដោយ​អានុភាព​នៃ​ព្រះ​រតន​ត្រៃ​ជា​ដើម​នេះ ឧបទ្រព​នឹង​រោគ​ន្តរាយ​ទាំង​ឡាយ​ដែល​កើត​ហើយ សូម​ឲ្យ​វិនាស​ចេញ​ទៅ​កុំ​បី​មាន​សេស​សល់​ឡើយ ។

-ចប់-

ប្រភពៈ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៥២

No comments:

Post a Comment