សព្វេ សត្តា អាហារដ្ឋិតិកា ពួកសត្វទាំងអស់ឋិតនៅបាន ព្រោះអាស្រ័យអាហារ
( សង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ១៣០ )
អធិប្បាយ
ពាក្យថា សព្វេ សត្តា សំដៅយក សត្វទាំងឡាយទាំងពួង ក្នុងភពទាំងអស់ គឺក្នុងកាមភពជាដើម ក្នុងសញ្ញីភពជាដើម និងក្នុងឯកវោការភពជាដើម ។ ពាក្យថា អាហារដ្ឋិតិកា ព្រោះមានបទវិគ្រោះថា អាហារតោ ឋិតិ ឯតេ-សន្តិ អាហារដ្ឋិតិកា “សត្វទាំងឡាយនោះ តាំងនៅបានព្រោះអាហារ ហេតុនោះ ទើបឈ្មោះថា អាហារដ្ឋិតិកា” អ្នកដែលតាំងនៅបានព្រោះអាហារ” ។ អាហាររមែងជាហេតុនៃការតាំងនៅបាននៃសព្វសត្វ ដោយប្រការដូច្នេះ ។
ព្រះសារីបុត្ត សម្តែងសេចក្តីនេះថា “ម្នាលអាវុសោទាំងឡាយ ធម៌មួយ គឺ សត្វទាំងឡាយតាំងនៅបានព្រោះអាហារនេះ ព្រះមានព្រះភាគអង្គនោះ ទ្រង់ជ្រាបច្បាស់តាមសេចក្តីពិត ទ្រង់សម្តែងទុកហើយដោយប្រពៃ” ។ ក៏កាលបើដូច្នេះ ព្រះតម្រាស់ដែលត្រាស់ទុកថា “អសញ្ញសត្តា ទេវា អហេតុកា អនាហារា អផស្សកា ពួកទេវតាជាអស-ញ្ញីសត្វ ជាអហេតុកៈ មិនមានអាហារ មិនមានផស្សៈ” ដូច្នេះជាដើម នឹងក្លាយជាពាក្យដែលឃ្លៀងឃ្លាតទៅហើយទេឬ? ពាក្យទាំងនេះ មិនឃ្លៀងឃ្លាតទេ ព្រោះទេវតាទាំងនោះក៏មានឈានជាអាហារ ។ ទោះបីជាយ៉ាងនោះក៏ដោយ ព្រះតម្រាស់ដែលត្រាស់ថា “ចត្តារោមេ, ភិក្ខវេ, អាហារា ភូតានំ វា សត្តានំ ឋិតិយា សម្ភវេសីនំ វា អនុគ្គហាយ ។ កតមេ ចត្តារោ? កពឡីការោ អាហារោ ឱឡារិកោ វា សុខុមោ វា, ផស្សោ ទុតិយោ, មនោសញ្ចេតនា តតិយា, វិញ្ញាណំ ចតុត្ថំ ម្នាលភិក្ខុទាំងឡាយ អាហារដើម្បីការតាំងនៅរបស់សត្វទាំងឡាយដែលកើតមកហើយ ឬដើម្បីការជួយឧបត្ថម្ភគាំទ្រពួកសម្ភវេសីទាំងឡាយ មាន ៤ អាហារទាំង ៤ នោះ តើដូចម្តេច? គឺ កពឡិង្ការាហារ ទាំងគ្រោតគ្រាត ទាំងប្រណីត ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១” ដូច្នេះជាដើម ក៏ជាពាក្យដែលឃ្លៀងឃ្លាត ។ សូម្បីព្រះតម្រាស់នេះ ក៏មិនឃ្លៀងឃ្លាត ។ ព្រោះថា ក្នុងសូត្រនោះ ព្រះមានព្រះភាគត្រាស់ធម៌ទាំងឡាយ ដែលមានលក្ខណៈជាអាហារដោយត្រង់ថា “អាហារ” ប៉ុន្តែក្នុងទីនេះទ្រង់ត្រាស់ហៅបច្ច័យដោយអមថា “អាហារ” ពិតណាស់ បច្ច័យគួរនឹងបានដល់ធម៌ទាំងពួង ។ ហើយបច្ច័យនុ៎ះឯង ញ៉ាំងផលណានីមួយ ឲ្យកើតឡើង ក៏រមែងឈ្មោះថា នាំមកនូវផលនោះៗ ព្រោះហេតុនោះ ទើបហៅបានថា អាហារ ។ ដោយហេតុនោះឯង ទើបត្រាស់ទុកថា “អវិជ្ជម្បាហំ, ភិក្ខវេ, សាហារំ វទាមិ, នោ អនាហារំ ។ កោ ច, ភិក្ខវេ, អវិជ្ជាយ អាហារោ? បញ្ចនីវរណាតិស្ស វចនីយំ។ បញ្ចនីវរណេបាហំ, ភិក្ខវេ, សាហារេ វទាមិ, នោ អនាហារេ ។ កោ ច, ភិក្ខវេ, បញ្ចន្នំ នីវរណានំ អាហារោ? អយោនិសោមនសិការោតិស្ស វចនីយំ ម្នាលភិក្ខុទាំងឡាយ សូម្បីអវិជ្ជា តថាគតក៏ពោលថា មានអាហារ មិនមែនមិនមានអាហារទេ ម្នាលភិក្ខុទាំងឡាយ តើអ្វីជាអាហាររបស់អវិជ្ជា? គួរនឹងពោលថា នីវរណៈ ៥ ជាអាហាររបស់អវិជ្ជា ម្នាលភិក្ខុទាំងឡាយ សូម្បីនីវរណៈ ៥ តថាគតក៏ពោលថា មានអាហារ មិនមែនមិនមានអាហារទេ ម្នាលភិក្ខុទាំងឡាយ តើអ្វីជាអាហាររបស់នីវរណៈ ៥ គួរនឹងពោលថា អយោនិសោមនសិការ ជាអាហាររបស់នីវរណៈ ៥” ដូច្នេះ អាហារ គឺបច្ច័យនេះលោកប្រាថ្នាយកក្នុងព្រះសូត្រនេះ ។ ក៏កាលកាន់យកបច្ច័យជាអាហារម្យ៉ាងហើយ ក៏ជាការដែលកាន់យកទាំងអស់ ទាំងអាហារដោយអម ទាំងអាហារដោយត្រង់ ។ ក្នុងអសញ្ញីភពនោះ រមែងបានបច្ចយអាហារ ។
កាលព្រះពុទ្ធអង្គទ្រង់មិនទាន់ឧប្បត្តិកឡើង ពួកអ្នកបួសក្នុងលទ្ធិតិរ្ថិយ ធ្វើបរិកម្មក្នុងវាយោកសិណហើយ ញ៉ាំងឈានទី ៤ ( ចតុត្ថជ្ឈាន ) ឲ្យកើតឡើងបានហើយ ចេញចាកឈាននោះហើយ ឲ្យកើតសេចក្តីត្រេកអរ ពេញចិត្តថា “គួរតិះដៀលចិត្ត ចិត្តនេះគួរតិះដៀលពិត ឈ្មោះថាការមិនមានចិត្តនុ៎ះឯង ជាសេចក្តីល្អ ព្រោះអាស្រ័យចិត្ត ទើបកើតទុក្ខ មានការសម្លាប់ និងចាប់ចងជាដើម ជាបច្ច័យ កាលមិនមានចិត្ត ទុក្ខនោះក៏រមែងមិនមាន” ជាអ្នកមានឈានមិនវិនាស អស់ជីវិតហើយបានទៅកើតក្នុងអសញ្ញីភព ។ អ្នកណាតាំងមាំក្នុងឥរិយាបថណា ក្នុងមនុស្សលោក អ្នកនោះកើតដោយឥរិយាបថនោះ គឺឈរខ្លះ អង្គុយខ្លះ ដេកខ្លះ អស់ ៥០០ កប្ប ដូចជាដេកនៅអស់កាលយូរត្រឹមនេះ សូម្បីសត្វទាំងឡាយ ដែលមានរូបយ៉ាងនេះ ក៏រមែងបានបច្ចយអាហារ ។ តាមពិត សត្វទាំងនោះ ចម្រើនឈានណា ហើយទៅកើត, ឈាននោះឯងរមែងជាបច្ច័យរបស់សត្វទាំងនោះ ។ បច្ច័យគឺឈាន នៅមានដរាបណា ក៏រមែងតាំងនៅបានដរាបនោះ ឧបមាដូចកូនសរដែលបាញ់ទៅដោយកម្លាំងបញ្ជូននៃខ្សែ, កម្លាំងបញ្ជូននៃខ្សែនៅមានត្រឹមណា ក៏រត់ទៅបានត្រឹមនោះ យ៉ាងនោះដែរ ។ កាលបច្ច័យគឺឈាននោះអស់ហើយ សត្វទាំងនោះក៏រមែងធ្លាក់ទៅ ដូចកូនសរដែលអស់កម្លាំងបញ្ជូននៃខ្សែដូច្នោះ ។
ចំណែកពួកសត្វនរកដែលលោកពោលទុកថា មិនបានរស់នៅដោយផលនៃសេចក្តីប្រឹងប្រែង ទាំងមិនបានរស់នៅដោយផលនៃបុណ្យ ទាំងនេះមានអ្វីជាអាហារ ។ កម្មនុ៎ះឯង ជាអាហាររបស់សត្វនរកទាំងនោះ ។ បើនឹងសួរថា អាហារមាន ៥ យ៉ាង គឺអ្វីខ្លះ? ( ក៏ត្រូវឆ្លើយថា ) ពាក្យថា “៥ យ៉ាងឬមិនមែន ៥ យ៉ាងនេះមិនគួរនិយាយ, លោកពោលពាក្យនេះ ទុកហើយមិនមែនឬថា “បច្ច័យគឺអាហារ” ព្រោះហេតុនោះ សត្វទាំងនោះកើតក្នុងនរកដោយកម្មណា កម្មនោះឯងចាត់ថា ជាអាហារ ព្រោះជាបច្ច័យនៃការតាំងនៅរបស់សត្វទាំងនោះ ដូចដែលត្រាស់សំដៅដល់ថា “ន ច តាវ កាលង្ករោតិ, យាវ ន តំ បាបកម្មំ ព្យន្តី ហោតិ ដរាបណា បាបកម្មមិនទាន់អស់ សត្វនោះឯងនៅមិនទាន់ស្លាប់ដរាបនោះ” ។ ក្នុងទីនេះមិនគួរជំទាស់គ្នា ដោយរឿងកពឡិង្ការាហារ ។ ព្រោះសូម្បីតែទឹកមាត់ដែលកើតក្នុងមាត់ ក៏នៅឲ្យសម្រេចអាហារកិច្ចដល់សត្វទាំងនោះបាន ។ ពិតមែន ទឹកមាត់នោះ ក្នុងនរករាប់ថា ជាទីតាំងនៃទុក្ខវេទនា ក្នុងឋានសួគ៌រាប់ថា ជាទីតាំងនៃសុខវេទនា ចាត់ថាជាបច្ច័យបាន ។
ហេតុនោះ ក្នុងកាមភព ដោយត្រង់ មានអាហារ ៤ យ៉ាង ក្នុងរូបភព និងអរូបភព លើកលែងតែអសញ្ញីសត្វចេញ ក្រៅអំពីនោះ មានអាហារ ៣ យ៉ាង, សម្រាប់អសញ្ញីសត្វ និងពួកទេវតាដទៃៗ ( ក្រៅពីដែលពោលហើយ ) មានអាហារគឺបច្ចយអាហារ ដោយប្រការដូច្នេះ ៕
No comments:
Post a Comment