តក់ៗ​ពេញ​បំពង់ ឆុងៗ​កន្លះ​ក្រហេត - Buddha Dharma Monk

Website

តក់ៗ​ពេញ​បំពង់ ឆុងៗ​កន្លះ​ក្រហេត

ចែករំលែកចំណេះដឹង

 តក់ៗ​ពេញ​បំពង់ ឆុងៗ​កន្លះ​ក្រហេត

និយមន័យៈ  សន្សំ​បន្តិច​ម្តងៗ​នាំ​ឲ្យ​ស្តុកស្តម្ភ ខ្ជះខ្ជាយ​នាំ​ឲ្យ​ស្តួចស្ដើង ។


អត្ថាធិប្បាយ

តក់ៗ​ពេញ​បំពង់

ទឹកត្នោត​មួយ​តំណក់​ម្តង មួយ​តំណក់​ម្តង លុះ​ព្រឹក​ឡើង​អាច​ពេញ​បំពង់​បាន ។ លោក​ប្រៀប​អត្ថន័យ​នេះ​ទៅ​នឹង​ការ​សន្សំ​បន្តិច​ម្តង បន្តិច​ម្តង​យូរ​ទៅ​អាច​គរ​ជា​គនរ​បាន​យ៉ាង​ធំ ឬ​បាន​ច្រើន​សន្ធឹកសន្ធាប់ ។ ជា​ពិសេស គេ​អាច​ក្លាយទៅជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​មហាសាល​បាន ។ ដូចជា ៖


អ្នក​អម្រែក​ដើរ​ផ្សារឆ្នាំង​ម្នាក់​ប្រឹង​សន្សំ​លុយ​កម្លាំង​ញើស បន្តិច​ម្តង​-​បន្តិច​ម្តង ។ ទីបំផុត​គាត់​ក៏​ក្លាយ​ទៅជា​គហបតី​ល្បីឈ្មោះ​ក្នុង​ទសវត្ស​ឆ្នាំ​៥០ នា​ក្រុងភ្នំពេញ ។ គាត់​បាន​ស្ថាបនា​ពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជ្យ ជូន​ជាតិ​ទុកជា​កេរ្តិ៍ ដោយ​ទ្រព្យ​សម្បត្តិ​គាត់​ផ្ទាល់​សុទ្ធសាធ ។​

កណ្ដៀរ​ខំប្រឹង​ជញ្ជូន​គ្រាប់​ធូលី​ដី​យ៉ាង​តូច​សឹង​មើល​មិនឃើញ បន្តិច​ម្តង​-​បន្តិច​ម្តង ។ យូរៗ​ទៅ​វា​ក៏​ធ្វើ​ដំបូក​មួយ​យ៉ាង​ធំ​បាន ។​

ធុងៗ​កន្លះ​ក្រហេត

ការ​ខ្ជះខ្ជាយ ឬ ចាយវាយ​ឥត​សណ្ដាប់ធ្នាប់ ឬ​ក៏​ចំណាយ​ឥត​មាន​មូលហេតុ​ គឺ​ចាយ​តាមតែ​នឹកឃើញ​ របស់​ដែល​មិន​ចាំបាច់​ត្រូវ​ចាយ ក៏​ចាយ​ដែរ ។ ចំណាយ​បែប​នេះ នាំ​ឲ្យ​ទ្រព្យ​សម្បត្តិ​ចេះ​តែ​ហិនហោច រៀវ​តូច​ស្តួចស្ដើង​រាល់ថ្ងៃ ។ ទីបំផុត គេ​សឹងតែ​រក​ឆ្នាំង​ដាំបាយ​ពុំ​បាន​ផង ។ តួយ៉ាង​ដូចជា ៖


ស្រី​កញ្ជើធ្លុះ​ក្នុង​រឿង «មាយើង» នៃ​អក្សរសិល្ប៍​ខ្មែរ ។ ដោយ​នាង​អាង​ថា ខ្លួន​គេ​ជា​ប្រពន្ធ​នាយសំពៅ​ពាណិជ្ជករ​ធំ ។ គេ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​យ៉ាង​ខ្ជះខ្ជាយ ធុងៗ​គ្មាន​គិត​ពី​ការ​ហិនហោច ដូចជា ហែក​កំណាត់​សំពត់​ថ្មីៗ​មក​ជូត​លាមក​កូន​ជាដើម ។


ទីបំផុត​ ពាណិជ្ជករ​ដ៏​ធំ​នេះ​ទាំង​ពីរ​នាក់​ប្តី​-​ប្រពន្ធ​ ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​កាន់​អំបែង​ដើរ​សុំទាន​គេ​គ្រប់​ច្រកល្ហក ៕

No comments:

Post a Comment