ប្រាសាទបាយ័ន
ឈ្មោះ: ប្រាសាទបាយ័ន
អ្នកកសាង: ព្រះបាទជយវរ្ម័ន ទី ៧
កាលបរិច្ឆេទកសាង: ចុងគ្រិស្តសតវត្សរ៍ទី ១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធ និង ព្រះពោធិសត្វលោកេស្វរៈ
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង: ក្រុងអង្គរធំ ខេត្តសៀមរាប
ប្រាសាទបាយ័នស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងគ្រិស្តសតវត្សរ៍ទី ១២ និងដើមគ្រិស្តសតវត្សរ៍ទី ១៣ ដោយព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល ៤៩ និងកំពូលក្លោងទ្វារចូល ៥ ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួន បានគិតថា មុខទាំង ៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ អ្នកខ្លះទៀត គិតថា ជារូបតំណាងព្រះបាទជយវរ្ម័ន ទី ៧។ ប្រាសាទបាយ័នមានប្លង់បីជាន់។ ជាន់ទី ១ និងទី ២ មានថែវដែលមានចុម្លាក់ដ៏ល្អ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ។ល។ និងថែមទាំងមានការរៀបរាប់ពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ចម្បាំង និងព្យុហយាត្រា ជាដើម។ ចម្លាក់នោះឆ្លាក់បានជ្រៅជាងនៅ ប្រាសាទអង្គរវត្ត តែមានលក្ខណៈសាមញ្ញ។ ទិដ្ឋភាពនៃចម្លាក់ បង្ហាញដោយផ្ទាំងតាមជួរ ពីរឬបីជួរ[១]។
================================================================================================================
ប្រវត្តិនៃឈ្មោះបាយ័ន
ពាក្យថាបាយ័ន អ្នកគ្រូ ពៅ សាវរស បានលើកពីគំនិតរបស់លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែលបានកំណត់លើឫសនៃពាក្យនេះ ដោយបានលើកឡើងថា បាយ័នជាស្នាដៃរបស់ ព្រះបាទជយវរ្ម័ន ទី ៧ ដែលបានកសាងនៅក្នុងប្លង់ខុសគេ មានរាងមូល ដែលរំលឹកដល់យន្ត្រ។ គំនិតខាងលើនេះមិនអាចយកជាការបានទេ ហើយអ្នកគ្រូ ពៅ សាវរស បានបន្ថែមទៅគំនិតរបស់លោក សេដែស (Cœdès) ដែលបានឲ្យយោបល់ប្រៀបធៀបនៃពាក្យបាយ័ន ជាមួយ វជយន្ត ដែលនិយាយនៅក្នុងសិលាចារឹក។ វជយន្ត គឺជាវាំងរបស់ព្រះឥន្ទ បើតាមអត្ថបទ ល្បើកអង្គរវត្ត ដែលបានសរសេរឡើងនៅក្នុងសម័យកណ្តាល គឺព្រះឥន្ទបានឲ្យព្រះពិស្ណុការ (វិឝ្វកម៌ន៑) ចុះមកឋានកណ្តាល ដើម្បីកសាងប្រាសាទឲ្យព្រះកេតុមាលា ដែលរំលឹកដល់វាំងរបស់ព្រះអង្គក្នុងគំនិតខ្មែរ គឺពេជយន្តរត្ន ឬ ទេវជយន្ត។ ឈ្មោះមកពីការធ្វើឡើងវិញជាច្រើន និងការបង្ហាញពីការធ្វើឲ្យដូចទៅនឹងស្នាដៃ នៅលើផែនដីរបស់វិឝ្វកម៌ន៑។[២]
ព្រះពុទ្ធរាជនៅប្រាសាទបាយ័ន
គេបានប្រទះឃើញចម្លាក់ព្រះពុទ្ធអង្គប្រក់នាគ ស្ថិតនៅក្នុងឥរិយាបថសមាធិ នៅបាតអណ្តូង ដែលស្ថិតនៅចំកណ្តាលប្រាសាទបាយ័ន កាលពីឆ្នាំ ១៩៣២ ។ ចម្លាក់ព្រះពុទ្ធអង្គនេះ បង្អាញឲ្យយើងដឹងនូវផ្នត់គំនិតនយោបាយនាសម័យព្រះបាទជយវរ្ម័នទី ៧ កាលពីចុងគ្រិស្តសតវត្សរ៍ទី១២ ដើមគ្រិស្តសតវត្សរ៍ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងវប្បធម៌ប្រវត្តិសាស្រ្ត បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីការបង្ហាញនូវផ្នត់គំនិតនយោបាយរបស់ ព្រះបាទជយវរ្ម័ន ទី ៧ នាសតវត្សរ៍នោះ ចម្លាក់ថ្មបុរាណនេះនៅមានសារៈសំខាន់មួយទៀត គឺបង្ហាញពីការផ្លាស់ប្តូរពីលទ្ធិទេវរាជមកលទ្ធិពុទ្ធរាជក្នុងរជ្ជកាលរបស់ព្រះបាទជយវរ្ម័ន ទី ៧ ។ ពីព្រោះថា បល្ល័ង្ក ឬព្រះអាទិទេពខាងព្រហ្មញ្ញសាសនា ត្រូវបានជំនួសដោយព្រះបដិមាតំណាងឲ្យព្រះសម្មាសម្ពុទ្ធអង្គ ឬព្រះអវលោកេស្វរៈទៅវិញ ដូចករណីចម្លាក់ព្រះពុទ្ធអង្គខាងលើនេះ ជាដើម ។ លោកបណ្ឌិតបានបន្តឲ្យដឹងថា ការផ្លាស់ប្តូរប្រព័ន្ធសាសនាខាងលើនេះ អាចគូសបញ្ជាក់តាមរយៈព្រះភក្រ្តរបស់ព្រះអង្គ ដែលតំណាងឲ្យព្រះរូបរបស់ព្រះមហាវីរក្សត្រ គឺព្រះបាទជ័យវរ្ម័ន ទី ៧ តែម្តង នេះជាចំណុចយ៉ាងសំខាន់បំផុត ។ តាមការស្រាវជ្រាវខាងបុរាណវិទ្យា និង ខាងសិលាចារឹក លោកសាស្រ្តាចារ្យបានឲ្យដឹងថា ការដែលគេឆ្លាក់ព្រះរូបព្រះមហាក្សក្រោមរូបភាពរបស់ព្រះពុទ្ធ ឬគេថ្វាយព្រះនាមព្រះមហាក្សត្រទៅជាព្រះពុទ្ធរូប គឺជាប្រពៃណីទូទៅក្នុងសង្គមខែ្មរបុរាណ ។ លោក ត្រាណេ បានបញ្ជាក់ឲ្យដឹងថា កត្តាទាំងនេះហើយដែលបង្ហាញឲ្យយើងដឹងថា ព្រះពុទ្ធអង្គនៃប្រាសាទបាយ័ន ដែលសព្វថៃ្ង គេបានយកទៅទុកនៅក្នុងអគារកែ្បរ លានព្រះគម្លង់ ពិតជាតំណាងឲ្យព្រះពុទ្ធរាជ ជំនួសឲ្យទេវរាជយ៉ាងប្រាកដមែន។ ចំពោះចលនាបន្លាស់ប្រព័ន្ធគំនិតពីទេវរាជ មកពុទ្ធរាជ បានទទួលការគាំទ្រពីអ្នកប្រាជ្ញធំៗ ដូចជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជាដើម ។ គួររំឭកថា ព្រះពុទ្ធដ៏ធំរបស់យើង ត្រូវបានគេជួលជុលឡើងវិញ ព្រោះត្រូវបានគេកមេ្ទចជាច្រើនចំណែក ហើយទម្លាក់ចោលក្នុងបាតអណ្តូង ក្រោយពីប្រតិកម្មសិវនិយមចំពោះលទ្ធិព្រះពុទ្ធសាសនា ក្រោយពី ព្រះបាទជយវរ្ម័ន ទី ៧ បានសោយទិវង្គតទៅនោះ [៣]។
ចម្លាក់ត្រីប្រាសាទបាយ័ន្តនិងអង្គរវត្ត
ចម្លាក់ក្រឡោតទាបនៅលើជញ្ជាំងរោងំខាងកើត ស្លាបខាងត្បូង ប្រាសាទអង្គវត្ត បង្ហាញពីរឿងទេវកថាមួយបរិយាអំពី”ការកូរសមុទ្រទឹកដោះ”។ផ្ទាំងចម្លាក់នេះមានបណ្តោយប្រវែង ៥០ មែត្រ ចែកជាបីផ្នែក ផ្នែកខាងលើនៃផ្ទាំងចម្លាក់ បង្ហាញនូវពូកទេពអប្សរា កំពុងហោះរេរាំនៅលើផ្ទៃ អាកាស។ ផ្នែកកណ្តាល បង្ហាញពសកម្មភាពកូរសមុទ្រទឹកដោះដោយពូកអាសូនិងទេវតាដែលមានព្រះនារាយណ៍ជាអាជ្ញាកណ្តាល។ពួកអាសូរដែលឈរនៅផ្នែក ខាងក្រោមបង្ហាញពី ពពួកសត្វទឹកជាច្រើនប្រភេទដែលមានរូបរាងប្លែកៗ។ ក្នុងនោះ ត្រីខ្លះមានរូបរាងចម្លែកណាស់ ហើយមិនដែលប្រទះឃើញក្នុងធម្មជាតិទៀតផង។ តាមរយៈដំណើររឿងខាងលើ ការកូសមុទ្រទឹកដោះប្រព្រឹត្តទៅ អស់រយៈពេល១.០០០ឆ្នាំ ហើយលេចចេញនូវបតុភូត ផ្សេងៗជាច្រើនដូចជា ពួកទេពអប្សរា ដំរីព្វរ៉ាវ័ន្ត សេះ ឧច្ច័យស្រព នាងលក្សីនិងអ្វីៗជាច្រើនទៀត ។ចុងក្រោយបង្អស់គឺទឹកអម្រឹតដែលជាទឹកមន្តពិសិដ្ឌសម្រាប់ធ្វើអោយជីវិតលែងស្លាប់។ ក្រៅពីប្រាសាទអង្គវត្ត ចម្លាក់ត្រីក៍មានបង្ហាញនៅលើជញ្ជាំងប្រាសាទដទៃដែរ។ ប្រាសាទបាយ័ន្ត ដែលសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័ន (ទី៧)នៅអំពីរឿងរ៉ាវប្រវត្តិសាស្រ្តទេវកថានិងជីវកថាប្រចាំថ្ងៃរបស់ប្រជាជន។ ចម្លាក់នៅរោងទងខាងត្បូង ស្លាបខាងកើតនៃប្រាសាទនេះបង្ហាញអំពីការប្រើប្រាស់ឧបករណ៍នេសាទដូចជាធ្មុកដៃ និងសំណាញ់ ។លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញពីផល់ប្រយោជន៍ត្រីក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននាសម័យអង្គរ។ ម្យ៉ាងទៀត ចម្លាក់ទាំងនេះមើលទៅហាក់ ដូចជាត្រីកំពុងហែលក្នុងទឹកតាមបែបធម្មជាតិ។ តាមរយៈសារណាបញ្ចាប់បរិញ្ញាប័ត្ររបស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែល ឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័នវិភាគរក ប្រភេទពូជត្រីទាំអស់នេះទេ។ ដោយមានការជួយជ្រោមជ្រែងពីរលោក ទូច សៀង តាណា អ្នកអែកទេសត្រីប្រចាំគណះកម្មាធិការជាតិទន្លេ មេគង្គ និងអ្នស្រី Barbara Albrecht យើងអាចបញ្ចាក់ អំពីអំបូរត្រី ឬជួនកាលថែមទាំងអាចស្គាល់ប្រភេទពូជ ត្រីដែលឆ្លាក់នៅលើជញ្ជាំងរោងទងខាងត្បូងនៃប្រាសាទបាយ័ន និងរោងទងខាងកើតនៃប្រាសាទអង្គរវត្តទៀតផង ។ ក្នុងចំណោមប្រភេទត្រីចំនួន១៦ដែល ឆ្លាក់បង្ហា្ញញនៅលើជញ្ជាំងនៃរោងទងប្រាសាទអង្គវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ពូជត្រីចំនួន១៣ ការសង្កេតពិនិត្យផ្ទាល់លើចម្លាក់នៃប្រាសាទទាំងពីនេះ យើងរាប់ឃើញមានត្រីចំនួន ១.១៩៣។ ចំនូននេះយើងរាប់ចំពោះត្រីដែលអាចមើលឃើញច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ មានត្រីជាច្រើនទៀតដែលយើងពុំមានលទ្ធភាពវិភាគបាន ដោយហេតុថាចម្លាក់ខ្លះឆ្លាក់មិនទាន់រូច ហើយផ្នែកខ្លះពុកផុយដោយសារធម្មជាតិនិងការបំផ្លាញដោយទង្វើមនុស្ស។ ចម្លាក់មច្ឆជាតិមិនត្រឹមតែឆ្លាក់ទៅលើប្រាសាទទាំងពីរខាងលើទេ។ នៅលើជញ្ជាំងស្រះស្រី(ឈ្មោះបុរាណកេហៅ “សិលាតដាក”) ដែលស្ថិតក្នុង បរិវេណព្រះបរមរាជ្យវាំងអង្គរ និងជញ្ជាំងលានស្តេច គម្លង់ចម្លាក់ត្រីច្រើនដែរ។ តែនៅទីនេះយើងសូមលើកយកតែចម្លាក់ត្រីនៅប្រាសាទអង្គរវត្តនិងបាយ័នមកសិក្សាតែប៉ុណ្ណោះ។ ចម្លាក់នៅប្រាសាទអង្គវត្តមាន បង្ហាញអំបូរត្រីមានស្រកាច្រើន ។គេចាត់ទុកថាប្រភេទត្រីមានស្រកានេះប្រហែល ៧៨%នៃប្រភេទត្រីទាំងអស់ ។ក្រៅពីនោះ អំបូរត្រីស្លាតមាន៧%អំបូរត្រីរាស់មាន៤%និងអំបូរត្រីផ្ទូងមាន៤.៦។
Website

Tags
#History
ចែករំលែកទីនេះ

About Buddha Dhamma Monk
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
វីរៈបុរសខ្មែរ
Buddha Dhamma MonkSept 17, 2024ប្រវត្តិសាស្ត្រ
Buddha Dhamma MonkSept 17, 2024ព្រះរាជ្យវង្ស ព្រះបាទបក្សីចាំក្រុង
Buddha Dhamma MonkSept 17, 2024
Tags:
History
Subscribe to:
Post Comments (Atom)
No comments:
Post a Comment